វីងផ្តល់ការប្រើប្រាស់អ៊ីនធើណិតដោយសេរីរយៈពេល៣ឆ្នាំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
សីហា 8, 2017ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧៖ ធនាគារឯកទេសវីងចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្តល់ការប្រើប្រាស់អ៊ីនធើណិតសម្រាប់សិស្សនិស្សិតឥតគិតថ្លៃរយៈពេល៣ឆ្នាំ និងការផ្តល់ជូនគណនីវីងឥតគិតថ្លៃដល់សិស្សនិស្សិត និងសាស្រ្តាចារ្យ ក្រោមវត្តមានរបស់លោក ភុល នរិទ្ធ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក សុធី សុវិត្យា នាយកផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមនៃធនាគារឯកទេសវីង។
កិច្ចសហការនេះបង្ហាញពីការជួយជ្រោមជ្រែងរបស់វិស័យឯកជនក្នុងការផ្តល់លទ្ធភាពឱ្យនិស្សិតអាចសិក្សាស្រាវជ្រាវដោយប្រើប្រាស់ប្រពន្ធ័អ៊ីនធើណិតដោយសេរីនៅក្នុងបរិវេណវិទ្យាស្ថាន ដើម្បីទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗដែលកំពុងកើតមានជុំវិញពិភពលោក។ បែបនេះ និស្សិតកម្ពុជាអាចត្រៀមខ្លួនក្នុងការបត់បែនដ៏រហ័សនៃយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ។ បេសកកម្មរបស់វីងគឺលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងចូលរួមចំណែកផ្តល់ជូននូវដំណោះស្រាយដែលជាតម្រូវការចំពោះមុខសម្រាប់ប្រទេសកម្ពុជា។
លោក សុធី សុវិត្យា នាយកផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមនៃធនាគារឯកទេសវីង បានលើកឡើងថា «តួនាទីរបស់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិគឺជាកាត្វកិច្ចដែលមិនគួរមើលរំលង ព្រោះថាសុខភាពរបស់សហគមន៍គឺជាដង្ហើមរបស់សេដ្ឋកិច្ចជាតិ។ ដូច្នេះហើយវីងបាននឹងកំពុងចូលរួមយ៉ាងសកម្មទាំងវិស័យហិរញ្ញវត្ថុ និងកិច្ចការសហគមន៍ដើម្បីពង្រឹងនិងពង្រីកសក្តានុពលរបស់កម្ពុជា។»
ជាក់ស្តែង មិនខុសពីទស្សនៈអជីវកម្មរបស់វីងនោះទេ ដែលព្យាយាមធ្វើយ៉ាងណាផ្តល់នូវសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃដែលមានងាយស្រួលរហ័ស និងមានសុវត្ថិភាពដល់អតិថិជន។ ក្នុងនោះអតិថិជនអាចប្រើប្រាស់គណនីវីង ដើម្បីផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ ទិញសំបុត្រកុន ឬសំបុត្រឡានក្រុង ទិញទំនិញតាមអនឡាញ និងបង់វិក្កយបត្រជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីផ្តល់លទ្ធភាពដល់ប្រជាជនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ វីងបានតម្លាក់ថ្លៃផ្ទេរប្រាក់មកត្រឹមតែ ២០០០រៀល។
ចាប់ផ្តើមក្នុងឆ្នំា២០០៩ វីងគឺជាធនាគារឯកទេសដែលឈានមុខគេលើសេវាទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ក្នុងប្រទេសកម្ពុជា បានធ្វើការសហការជាមួយដៃគូជាច្រើន ដើម្បីពង្រឹង និងពង្រីកសេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។