វីងទទួលបានពានរង្វាន់០២ពីកម្មវិធីពានរង្វាន់និយោជកល្អបំផុតនៅអាស៊ី
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាថ្មីម្តងទៀត បានបង្ហាញភាពជាអ្នកនាំមុខគេផ្នែកអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីទទួលបានពានរង្វាន់ពីកម្មវិធី “ពានរង្វាន់នយោជកល្អបំផុតនៅអាស៊ី” លើកទី ០៩ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី 31 ខែកក្កដាឆ្នាំ 2018 ។ នៅក្នុងកម្មវិធីនេះ វីង ទទួលបានពានរង្វាន់ចំនួនពីរគឺ “ពានរង្វាន់នយោជកល្អបំផុត” និង “ពានរង្វាន់វគ្គបណ្តុះបណ្តាលល្អបំផុត” ។
មានប្រសាសន៍ក្នុងពេលទទួលពានរង្វាន់ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់លើការកែលម្អបុគ្គលិករបស់ខ្លួន តាមរយៈការ បណ្តុះបណ្តាលជាបន្តបន្ទាប់ដល់បុគ្គលិករបស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីកសាងបទពិសោធន៍ការងារដ៏ល្អបំផុត តាមរយៈការអនុវត្តផែនការគ្រប់គ្រងធនធានមនុស្សប្រកបដោយគុណភាព។
លោកម៉ាឡូឡូស មានប្រសាសន៍ថា “វីងមើលឃើញថានិយោជករបស់ខ្លួន ជាគន្លឹះក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ពោលគឺផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈទូរស័ព្ទដៃ និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាជនកម្ពុជា ដើម្បីជួយដល់បង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ។”
ក្រៅពីផ្តល់ជូននូវវគ្គបណ្តុះបណ្តាលល្អបំផុតដូចជា Employee Passport Program និង Manager Passport Program វីងក៏ប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសការងារដែលមានភាពសប្បាយ និងទាក់ទាញ ដែលអាចឲ្យបុគ្គលិកអាចកសាងស្មារតីជាក្រុម និងចូលរួមចំណែកជួយទៅដល់សហគមន៍ដែលពួកគេរស់នៅ។ សកម្មភាពទាំងនេះរួមមាន ការប្រកួតបាល់ទាត់បុគ្គលិកវីង ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងសកម្មភាពទំនួលខុសត្រូវសង្គមនៅតាមទីជនបទ តាមរយៈការសាងសង់ផ្ទះជូនប្រជាជនក្រីក្រ ជីកអណ្តូងទឹកស្អាត និងបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារ និងជាច្រើនទៀត។
ឆ្នាំនេះជាឆ្នាំទីបីរបស់ធនាគារឯកទេសវីង ដែលបានឈ្នះពានរង្វាន់និយោជកល្អបំផុតនៅអាស៊ី។
ពានរង្វាន់និយោជកល្អបំផុតនៅអាស៊ីលើកទី ៩ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានEmployer Branding Institute មហាសន្និបាតពិភពលោក HRD និង Stars of the Industry Groups ដែលមានគោលបំណងផ្តល់រង្វាន់ដល់អាជីវកម្មនៅតាមតំបន់ ជាច្រើនដែលរួមចំណែកដល់ការគ្រប់គ្រង អភិវឌ្ឍ និងច្នៃប្រឌិតទេពកោសល្យរបស់បុគ្គលិក។