បុគ្គលិកវីងស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ខណៈពេលចំនួនអ្នកបរិច្ចាគឈាមកំពុងធ្លាក់ចុះ
![](https://www.wingbank.com.kh/wp-content/uploads/2020/08/wing-blood-donation-feature-1024x684.jpg)
វីងបានរៀបចំកម្មវិធី “សង្គ្រោះជីវិត បរិច្ចាគឈាម”ដើម្បីអបអរខួប១២ឆ្នាំដែលវីងបានផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជា
ភ្នំពេញ ១២ សីហា ២០២០ —ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរខួប១២ឆ្នាំរបស់ខ្លួននាថ្ងៃទី១២ និងជាការផ្តល់ត្រឡប់ទៅសហគមន៍វិញ។
យុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម” របស់វីងធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយកង្វះខាត នៃការបរិច្ចាគឈាម ខណៈពេលដែលជំងឺកូវីដ១៩កំពុងបន្តរាតត្បាត។
លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ការធ្លាក់ចុះនៃអ្នកបរិច្ចាគឈាមបណ្តាលរូមផ្សំមកពីពួកគេមិនហ៊ានមកបរិច្ចាគនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយសារព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ជាដើម។
លោក សុខ ប៉ូ បានមានប្រសាសន៍ថា៖ «គិតត្រឹម៦ខែដំបូងដើមឆ្នាំ២០២០នេះ អត្រាការបរិច្ចាគឈាមបាន ធ្លាក់ចុះ ប្រមាណ ១១ ភាគរយ។ អ្នកជំងឺមួយចំនួនត្រូវការបញ្ចូលឈាមជាបន្ទាន់ ប៉ុន្តែក្រុមគ្រួសាររបស់ពួកគេពិបាករកប្រភេទឈាមដែលត្រូវ »។
លោកបានបន្តថា៖«ខ្ញុំពិតជាកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វីង ដែលបានលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ទង្វើនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសង្គមក្នុងគ្រាដ៏លំបាកនេះ។ វីងមិនត្រឹមតែជួយប្រជាជនឱ្យមានជីវភាពប្រចាំថ្ងៃកាន់តែប្រសើរតាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវីងថែមទាំងធ្វើជាគំរូល្អដល់ក្រុមហ៊ុនដ៏ទៃផ្សេងទៀតផងដែរ»។
ក្នុងនាមជាអ្នកអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឈានមុខគេ វីងបានដាក់បញ្ចូលនូវស្មារតីដ៏រឹងមាំក្នុងការជួយសហគមន៍នៅក្នុងសកម្មភាពអាជីវកម្មប្រចាំថ្ងៃ។ ទាំងភ្នាក់ងារវីង និងដៃគូអាជីវកម្មជាច្រើនតែងតែគាំទ្រការអភិវឌ្ឍសង្គមនិងកម្មវិធីផ្សេងៗ រួមមានទាំងយុទ្ធនាការ“សង្គ្រោះជីវិត បរិច្ចាគឈាម”ដែលបានប្រព្រឹត្តនាពេលនេះផងដែរ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា៖ «ការបរិច្ចាគឈាមគឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងងាយស្រួលមួយដែលយើងអាចធ្វើបានសម្រាប់ជួយដល់សហគមន៍នៅពេលដែលមានតម្រូវការជាចាំបាច់។ រាល់ដំណក់ឈាមនីមួយៗគឺសុទ្ធតែជាក្តីសង្ឃឹម។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើងចំពោះការប្តេជ្ញាចិត្តជួយដល់សហគមន៍តាមរយៈការបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមសម្រាប់ព្យាបាល»។
លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីង បានឲ្យដឹងថា៖ «នៅពេលដែលអ្នកក្លាយជាផ្នែកមួយរបស់វីង យើងមិនត្រឹមតែផ្តោតលើការងារតែប៉ុណ្ណោះទេ យើងតែងតែលើកទឹកចិត្តក្រុមការងាររបស់យើងឱ្យចូលរួមធ្វើឲ្យកម្ពុជាកាន់តែល្អប្រសើរ។ បន្ថែមទៅលើប្រតិបត្ដិការអាជីវកម្ម យើងមានគោលបំណងចូលរួមចំណែកឱ្យកាន់តែច្រើនទៅក្នុងកិច្ចការសហគមន៍កម្ពុជាតាមរយៈស្មារតីនៃការស្ម័គ្រចិត្ត»។
ក្នុងចំណោមបុគ្គលិកវីងជាច្រើននាក់ដែលបានបរិច្ចាគឈាម កញ្ញា ភី យូឡែន ប្រធានគ្រប់គ្រងស្តីទី ផ្នែកបំណែងចែកទីផ្សារ ក៏បានចូលរួមចំណែកនាថ្ងៃនេះផងដែរ។ កញ្ញា យូឡែន បាននិយាយថា កញ្ញាមានក្តីរីករាយដែលបានបរិច្ចាគឈាមនាថ្ងៃនេះ ព្រោះវាអនុញ្ញាតឱ្យនាងជួយដល់អ្នកដែលមានតម្រូវការចាំបាច់។
ដូចជាសប្បុរសជនដ៏ទៃផ្សេងទៀតដែរ កញ្ញា យូឡែន ត្រូវបានផ្តល់ជូនប័ណ្ឌបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលបញ្ជាក់ពីការគាំទ្ររបស់នាងចំពោះបុព្វហេតុសង្គ្រោះជីវិត។
កញ្ញា យូឡែន បាននិយាយថា៖ «ពេលដឹងថាវីងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ខ្ញុំបានចុះឈ្មោះភ្លាម ដោយឥតស្ទាក់ស្ទើព្រោះមានអារម្មណ៍ថាខ្ញុំកំពុងតែជួយជីវិតមនុស្សម្នាក់។ ខ្ញុំមានមោទនភាពជាផ្នែកមួយរបស់វីង ព្រោះមិនត្រឹមតែឱកាសការងារប៉ុណ្ណោះទេ វីងតែងតែផ្ដល់ឱកាសអោយខ្ញុំអាចចូលរួមចំនែកបានយ៉ាងច្រើនក្នុងការជួយសង្គម។ ការបរិច្ចាគឈាមគឺប្រៀបដូចជាការផ្ដល់ជីវិតមួយ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការ ចូលរួម»។