វីងឈ្នះពានរង្វាន់ធុរកិច្ចអាស៊ានរយៈពេលបីឆ្នាំជាប់គ្នា
វិច្ឆិកា 5, 2019ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់ធុរកិច្ចអាស៊ាន(ABA)ប្រចាំឆ្នាំ ២០១៩ ក្នុងប្រភេទ “សហគ្រាសសង្គមដែលមាននិរន្តភាព” នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះជាឆ្នាំទីបីហើយដែលក្រុមហ៊ុនដ៏ឆ្នើមមួយនេះបានទទួលពានរង្វាន់ធុរកិច្ចអាស៊ាន។
ពិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯ.ឧ. Anutin Charnvirakul ដោយមានចូលរួមពីប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នាស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) លោក Kalin Sarasin ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក Supant Mongkolsuthree ក៏ដូចជាប្រធានសមាគមធនាគារិកថៃ លោក Predee Daochai ។
លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តការ នៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានចូលរួមទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះ។ លោកជំទាវបានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអតិថិជនទាំងអស់ និយោជិក និងដៃគូអាជីវកម្មជាច្រើនទៀត។ បើគ្មានការចូលរួមគាំទ្រដ៏ធំធេងរបស់អ្នកទាំងអស់គ្នានោះទេ ចក្ខុវិស័យរបស់វីងនឹងមិនត្រូវបានទទួលស្គាល់ ព្រមទាំងមានការរីកចម្រើនមកដល់ពេលនេះទេ។
អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “សមិទ្ធិផលថ្ងៃនេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំរបស់យើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការទទួលស្គាល់មួយនេះគឺជាការជំរុញទឹកចិត្តយើងឱ្យខិតខំដើរទៅមុខទៀតនិងបន្តនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតតាមរយៈផលិតផលថ្មីដែលបំពេញតំរូវការអតិថិជនរបស់យើង” ។
ពានរង្វាន់ធុរកិច្ចអាស៊ានត្រូវបានផ្តួចផ្តើមដោយ ASEAN-BAC ក្នុងឆ្នាំ ២០០៧ ហើយជារៀងរាល់ឆ្នាំ ពួកគេទទួលស្គាល់សហគ្រាសសង្គមឆ្នើមដែលមានលក្ខណៈច្នៃប្រឌិត និងបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អ្នកខ្សត់ខ្សោយនៅក្នុងសហគមន៍នានារបស់ពួកគេ។
លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានថ្លែងដោយមោទនភាពថា៖“ខ្ញុំពិតជាមាននូវត្រេកអរនិងសប្បាយរីករាយឥតឧបមាដែលអាចគាំទ្របេសកកម្មរបស់ក្រុមហ៊ុនយើងប្រកបដោយប្រសិទ្ធភាព ដែលការធ្វើបែបនេះជះឥទ្ធិពលជាវិជ្ជមានដល់ការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តសម្រាប់ប្រជាជនកម្ពុជានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ” ។
កាលពី ១០ ឆ្នាំមុន វីង បានចាប់ផ្តើមផ្ដល់សេវាផ្ទេរប្រាក់ ហើយក៏បានបន្តអភិវឌ្ឍន៍ខ្លួនរហូតមកដើម្បីផ្តល់ជូននូវផលិតផល រួមទាំងសេវាកម្មជាច្រើន ដែលកំពុងជំរុញកំណើននៃសង្គមនៃការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ វីងនៅតែឈរនៅជួរមុខគេនៃទីផ្សារសេវាផ្ទេរប្រាក់តាមទូរស័ព្ទនិងអេឡិចត្រូនិចនៅក្នុងប្រទេសដែលមានសេវាគ្របដណ្តប់តាមស្រុក ១០០ ភាគរយជាមួយភ្នាក់ងារវីងជាង ៧០០០ កន្លែងទូទាំងប្រទេស។ អតិថិជនវីងអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគេ ទូទាត់វិក័យប័ត្រ ផ្ទេរប្រាក់ ទិញទំនិញពីហាងតាមអ៊ីនធឺណេតនៅក្រៅប្រទេស កក់សំបុត្រយន្តហោះ ទូទាត់ថ្លៃអាហារតាមរយៈសេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្កេន QR កូដ ហើយក៏អាចទទួលបានការផ្ញើប្រាក់ពីប្រទេសជាង ២០០ នៅទូទាំងពិភពលោក៕