វីងឧបត្ថម្ភពិធីសប្បុរសធម៌លើកទី១១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតបានក្លាយជាអ្នកឧបត្ថម្ភធំមួយនៃពិធីសប្បុរសធម៌លើកទី១១ ដែលបានរៀបចំឡើងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់ ការចូលរួមរបស់យុវជនក្នុងកិច្ចការសប្បុរសធម៌។
កម្មវីធីនេះត្រូវបានរៀបចំក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងឯកឧត្តម លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា តំណាងឲ្យស្ថាប័នជាតិ ក្រុមហ៊ុនឯកជន និងសិស្សនិសិ្សតរាប់ម៉ឺននាក់មកពីសកលវិទ្យាល័យនានា។
ពិធីសប្បុរសធម៌លើកទី១១ឆ្នាំនេះ បានបង្កើតនូវបរិយាកាសដ៏សប្បាយរីករាយដោយសិស្សនិសិ្សតជាច្រើនបានដាក់តាំងពិព័រណ៍ដែលជាស្នាដៃរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត និងមានការសម្តែងសិល្បៈនានា និងបានប្រមូលថវិកាឧបត្ថម្ភមួយចំនួន ដើម្បីគាំទ្រដល់សកម្មភាពរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ យុវជនស្ម័គ្រចិត្តដែលបានរៀបចំកម្មវិធីបានយ៉ាងល្អប្រសើរ។ ការចូលរួមដឹកនាំកម្មវិធីផ្សេងៗបែបនេះ នឹងធ្វើឲ្យយុវជនកាន់តែមានសមត្ថភាពនិងបទពិសោធន៍ ក្នុងការចាប់យកឱកាសការងារនាថ្ងៃអនាគត។
តាមរយៈការឧបត្ថម្ភនេះ វីង បង្ហាញការប្ដេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរនានាក្នុងកិច្ចការគាំទ្រយុវជន និងមហាជននានាដើម្បីលើកកម្ពស់កិច្ចការសប្បុរសធម៌ ដើម្បីជួយដល់ជនរងគ្រោះ និងជនទាំងឡាយដែលកំពុងត្រូវការជំនួយជាដើម៕