វីង និង សូហូ គ្រុប ចូលរួមលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈ ផលិតផលម៉ាស្ទ័រកាតថ្មី
នាថ្ងៃនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន សូហូ គ្រុប បានបង្កើតប្រវត្តិសាស្រ្តជាមួយនឹងផលិតផលម៉ាស្ទ័រកាតថ្មី ក្នុងគោលបំណងផ្តល់នូវអំណាចដល់ប្រជាជនកម្ពុជា ដែលមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ ក្នុងការទិញទំនិញ ដោយមិនចាំបាច់មានគណនីធនាគារ។ ផលិតដែលដាក់បង្ហាញ នាថ្ងៃនេះ អាចប្រព្រឹត្តទៅបានដោយសារកិច្ចសហការត្រីភាគីរវាង ធនាគារឯកទេសវីង ក្រុមហ៊ុនម៉ាស្ទ័រកាត និង ក្រុមហ៊ុនសូហូគ្រុប។
ដោយទទួលបានការគាំទ្រដ៏ធំធេងពីអតិថិជនកម្ពុជាសម្រាប់ហាងលក់ផលិតផលម៉ាកល្បីៗរបស់ខ្លួន សូហូគ្រុប រួមជាមួយនឹងធនាគារឯកទេសវីង និងក្រុមហ៊ុនម៉ាស្ទ័រកាត កំពុងពង្រីកបទពិសោធន៍នៃការទិញទំនិញ លំដាប់ថ្នាក់ពិភពលោកដល់ប្រជាជនកម្ពុជាដែលពុំធ្លាប់ប្រើប្រាស់សេវាធនាគារ ជាមួយនឹងកាតសមាជិកដំបូងបង្អស់របស់ខ្លួន “វីងសូហូក្លឹបម៉ាស្ទ័រកាត” ។
វីងសូហូក្លឹបម៉ាស្ទ័រកាត ដែលនាំមកជូនដោយវីង គឺជាប្រភេទម៉ាស្ទ័រកាតដែលរួមបញ្ចូលម៉ាកសញ្ញារួមគ្នាដំបូងបង្អស់នៅកម្ពុជា នឹងអនុញ្ញាតឱ្យអតិថិជនជាម្ចាស់កាតទទួលបានបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកថ្មីនៃការទទួលបានពិន្ទុសម្រាប់ប្តូរយករង្វាន់ និងការទូទាត់ថ្លៃទំនិញដោយមិនប្រើសាច់ប្រាក់ តាមរយៈកាបូបឌីជីថលវីងរបស់ពួកគេ។ ទាំងអស់នេះមានន័យថា បន្ថែមពីលើការប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត ក្នុងការទិញទំនិញនៅបណ្តាហាងផលិតផលម៉ាកល្បី ៗ ជាច្រើនរបស់ សូហូគ្រុប ដូចជា Havaianas, Birkenstock, Swatch និង Crocs ព្រមទាំង Bonchon អតិថិជនអាចប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាតដើម្បីទូទាត់ថ្លៃអាហារ និងទិញនៅគ្រប់ទីកន្លែងដែលទទួលទូទាត់តាមរយៈម៉ាស្ទ័រកាតជាង៨០០០កន្លែងនៅកម្ពុជា និងជាច្រើនកន្លែងទៀតនៅក្រៅប្រទេស។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារវីងមានប្រសាសន៍ថា សូហូក្លឹបម៉ាស្ទ័រកាត នឹងនាំប្រជាជនកម្ពុជាគ្រប់រូបក្នុងពិភពលោកនូវបទពិសោធន៍ទិញទំនិញតាមអនឡាញ និងសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ តាមរយៈគណនីវីងរបស់ពួកគេ មិនថានៅកម្ពុជា ឬជុំវិញពិភពលោក។ រាល់អតិថិជនដែលមានគណនីវីងឥឡូវនេះអាចភ្ជាប់កាបូបឌីជីថលវីង ទៅនឹង វីងសូហូក្លឹបម៉ាស្ទ័រកាត និងចាប់ផ្តើមទទួលយកនូវបទពិសោធន៏ក្នុងកក់ការដើរកម្សាន្ត ទិញឥវ៉ាន់និងការញ៉ាំអាហារពេលល្ងាច លំដាប់ពិភពលោក។
ផលិតផលថ្មីនេះត្រូវបានគេរំពឹងថានឹងទាក់ទាញយុវវ័យរាប់លាននាក់នៅក្នុងប្រទេសកម្ពុជាដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការទិញទំនិញ ប៉ុន្តែមិនមានគណនីធនាគារ ដើម្បីអាចទិញទំនិញគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេស ដោយគ្រាន់តែធ្វើការចុះឈ្មោះប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត និងតម្លើងកម្មវិធីស្មាតហ្វូនវីងនៅលើទូរស័ព្ទដៃរបស់ពួកគេ។
លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា “យើងជឿជាក់ថា វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបានការគាំទ្រជាច្រើននៅក្នុងទីផ្សារ តាមរយៈប្រជាប្រិយភាពនៃហាងលក់ផលិតផលម៉ាកល្បីៗរបស់សូហូគ្រុប និងអត្ថប្រយោជន៍ដែលកាតសមាជិកនេះផ្តល់ជូន។ លើសពីនេះទៀត អតិថិជនវីងរាប់ពាន់នាក់ដែលកំពុងប្រើប្រាស់ វីងអនឡាញម៉ាស្ទ័រកាត ដែលបានដាក់ឲ្យដំណើរការនៅលើទីផ្សារកាលពីមួយឆ្នាំមុន ក៏អាចបន្តប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត ហើយនិងទទួលបានបទពិសោធទិញទំនិញលំដាប់ពិភពលោកដូចគ្នា និងនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ យើងជឿជាក់ថាអតិថិជនកាន់តែច្រើនឡើងៗ ដែលមានទំនុកចិត្តលើផលិតផលនិងសេវាកម្មរបស់វីងនឹងគាំទ្រយ៉ាងពេញទំហឹងដល់ វីងសូហូក្លឹបម៉ាស្ទ័រកាតនេះ “។
លោក ហេនរី ហន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន សូហូគ្រុប មានប្រសាសន៍ថា ផលិតផលថ្មីនេះនឹងផ្តល់ជាឲកាសក្នុងការទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ថ្នាក់ លោក និងសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ ដល់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈកាបូបឌីជីថលវីងរបស់ពួកគេ។ លោក ហេនរី ហន មានប្រសាសន៍យ៉ាងជឿជាក់ថា វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែកាតសមាជិកនេះបានផ្តល់នូវបទពិសោធន៍ទិញទំនិញ ដែលមាន ភាពរីករាយ និងងាយស្រួល នៅតាមបណ្តាហាង និងភោជនីយដ្ឋានរបស់ក្រុមហ៊ុនសូហូគ្រុប។
លោក ហេនរី ហន មានប្រសាសន៍បន្ថែមថា “អតិថិជនដែលប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន រង្វាន់ជាទឹកប្រាក់ត្រឡប់មកវិញ ការបញ្ចុះតម្លៃ ក៏ដូចជាប្រូម៉ូសិនពិសេសៗជាច្រើន ពេលពួកគាត់ប្រើប្រាស់វីង សូហូក្លឹបម៉ាស្ទ័រកាត ដើម្បីចាយវានៅតាមបណ្តាហាង និងភោជនីយដ្ឋានរបស់សូហូគ្រុប មិនថាជាហាងលក់ សម្លៀកបំពាក់ និងភោជនីយដ្ឋាននានា។ មូលហេតុចម្បងនៅពីក្រោយការបង្កើតកាតសមាជិក វីងសូហូក្លឹប ម៉ាស្ទ័រកាត គឺដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនដែលមានស្រាប់និងអតិថិជនថ្មី របស់សូហូគ្រុប សម្រាប់ការគាំទ្រដល់បណ្តាហាងរបស់ក្រុមហ៊ុន។”
លោកស្រី វីនី វង្ស នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា “ជាមួយនឹងបរិបទនៃការធ្វើប្រតិបត្តិការទូទាត់ប្រាក់ មានការវិវត្តន៍ខ្លាំងនៅកម្ពុជា ការកើនឡើងនៃការទូទាត់ប្រាក់ តាមទូរស័ព្ទ និងប្រព័ន្ធឌីជីថល កំពុងផ្តល់នូវឱកាសជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនដែលមានគណនីធនាគារ។ វីងសូហក្លឹបម៉ាស្ទ័រកាតមិនត្រឹមតែផ្តល់ជូននូវបទពិសោធន៍ទិញឥវ៉ាន់ដែលមានសុវត្ថិភា និងភាពរីករាយដល់អតិថិជននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្ត ឱ្យមានការដាក់បញ្ចូលហិរញ្ញវត្ថុ។ ក្រុមហ៊ុនម៉ាស្ទ័រកាត ពិតជាមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយ វីង និងសូហូគ្រុប នៅក្នុងសកម្មភាពនេះ។”
អតិថិជនរបស់ សូហូគ្រុប ដែលប្រើប្រាស់ វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន ០១ ពិន្ទុ នៅក្នុងកាតសមាជិកសម្រាប់រាល់ការចំនាយ ០១ ដុល្លារ តាមរយៈកាតសមាជិកនេះ ដែលអតិថិជនអាចសន្សំពិន្ទុទាំងនោះ ដើម្បីធ្វើការប្តូរយករង្វាន់ធំៗជាច្រើន។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២0% សម្រាប់ការទិញទំនិញលើកដំបូង និងការបញ្ចុះតម្លៃ ១0% សម្រាប់រយៈពេលមួយឆ្នាំពេញផងដែរ។
ការដាក់ឲ្យដំណើរការ វីងសូហូក្លឹបម៉ាស្ទ័រកាត ដែលមានសម្រាប់អតិថិជនចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រារព្ធធ្វើឡើង ៥ខែបន្ទាប់ពី ធនាគារឯកទេសវីង និងក្រុមហ៊ុនសូហូគ្រុប ចុះកិច្ចព្រមព្រៀងទទួលយកសេវាកម្មទូទាត់ប្រាក់ដោយស្កេនកូដ QR របស់វីង មានឈ្មោះថា WingPay និងសេវាកម្មទូទាត់ប្រាក់អន្តរជាតិរបស់វីង រួមមាន AliPay, WeChat Pay និង MasterPass QR ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
អ៊ីម៉ែល៖ marketing@wingmoney.com