កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង
កម្មករងាយរងគ្រោះនិងតំណាងកម្មករប្រមាណជា ៣.០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីង
ភ្នំពេញ ថ្ងៃទី ១៤ តុលា ២០២០៖ គិតមកដល់ថ្ងៃនេះ មានរាប់រយគ្រួសារនៃប្រជាជនកម្ពុជាបានទទួលថវិកាសង្គ្រោះបន្ទាន់ បន្ទាប់ពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានបើកបណ្តាញសេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យអង្គការអុកស្វាមកម្ពុជានិងដៃគូផ្តល់ជំនួយបន្ទាន់ដល់កម្មករដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ ១៩ ។ ។
នៅក្នុងខែកញ្ញា អង្គការអុកស្វាមកម្ពុជាបានសហការជាមួយធនាគារឯកទេសវីងដើម្បីផ្ទេរសាច់ប្រាក់ទៅឱ្យកម្មករងាយរងគ្រោះ និងសមាជិកសហគមន៍ផ្សេងដ៏ទៃទៀតប្រមាណ ៣.០០០ នាក់ ដោយរួមបញ្ចូលទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករផងដែរ។ អង្គការអុកស្វាមកម្ពុជាក៏បានចែកជូននូវសម្ភារៈការពារ និងបង្ការមេរោគកូវីដ ១៩ ដល់សមាជិកចំនួន ១.០០០ នាក់នៅក្នុងបណ្តាញអង្គការដៃគូរបស់ខ្លួន។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមរបស់ធនាគារឯកទេសវីងជាមួយ អង្គការអុកស្វាមកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វីងដើម្បីជួយដល់គ្រួសារខ្មែរឲ្យអាចដោះស្រាយជីវភាពបានក្នុងគ្រាលំបាកនេះ។
លោក ម៉ានូ បានមានប្រសាសន៍បន្ថែមថា៖“ ក្នុងនាមជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ វាចាំបាច់ដែលយើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនរបស់យើង។ ធនាគារឯកទេសវីងត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈចូលរួមជាមួយដៃគូនិងសហគមន៍ដើម្បីការពារប្រជាជនកម្ពុជាឲ្យឆ្លងកាត់គ្រាលំបាកទាំងនេះបាន។”
ដោយពិចារណាលើស្ថានភាពនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក ធនាគារឯកទេស វីង បានរៀបចំឲ្យមានគំនិតផ្តួចផ្តើមផ្សេងៗដោយផ្តោតលើការជួយដល់អ្នកដែលបាត់បង់ប្រភពប្រាក់ចំណូល។ នេះរួមបញ្ចូលទាំងការរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់អ្នករត់រ៉ឺម៉កនិង មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាមន្ទីរពេទ្យកុមារអង្គរដែលផ្តល់ការព្យាបាលដល់កុមារដោយឥតគិតថ្លៃ។ កាលពីខែមីនាកន្លងទៅនេះ ធនាគារឯកទេសវីង បានបើកឲ្យមានការផ្ទេរប្រាក់ពីគណនេយ្យវីងទៅគណនេយ្យវីងដោយឥតគិតថ្លៃដល់អតិថិជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលអនុញ្ញាតឱ្យពួកគេប្រើកម្មវិធីស្មាតហ្វូនវីងដើម្បីផ្ញើប្រាក់ទៅមនុស្សជាទីស្រឡាញ់ពីដោយមិនចាំបាច់ធ្វើដំណើរចេញពីផ្ទះ។
លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ស្របពេលដែលមាន ការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងបណ្តាលអ្នកដែលបានចូលរួមទាំងឡាយដែលបានជួយគាំទ្រ កម្មករដែលងាយរងគ្រោះក្នុងកំឡុងពេលដ៏លំបាកនេះ អុកស្វាមនិងដៃគូពាក់ព័ន្ធ មានជំនឿថាការផ្តល់ការជួយគាំទ្រដល់តំណាងកម្មករក៏មានសារសំខាន់ផងដែរ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីសាមគ្គីភាពរបស់យើងទាំងអស់គ្នាដើម្បីជំរុញឲ្យមានកិច្ចគាំពាសង្គមមួយប្រកបដោយបរិយាប័ន្ន សម្រាប់កម្មករដែលងាយរងគ្រោះជាពិសេសស្រ្តីនិងកុមារ និងដើម្បីចូលរួមជួយកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគាត់និងបង្កើនភាពធន់ កំឡុងពេលមានវិបត្តិនាពេលបច្ចុប្បន្ននិងអនាគត។ ”
អង្គការអុកស្វាមបានគាំទ្រប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩ ដោយផ្តោតលើការអភិវឌ្ឍ សមភាពយេនឌ័រនិងការគ្រប់គ្រងធនធានធម្មជាតិ។
ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ធនាគារឯកទេស វីង កំពុងតែពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនដល់ដៃគូជាច្រើនដែលកំពុងជួយប្រជាជនទូទៅ។ ក្រៅពីអង្គការអុកស្វាមកម្ពុជា វីកក៏បានធ្វើការជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនផងដែរ។ ចាប់តាំងពីខែឧសភាមក ធនាគារឯកទេស វីង បានពង្រីកការគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានព្យួរការងារពីវិស័យកាត់ដេរសម្លៀកបំពាក់និងវិស័យទេសចរណ៍។ ហើយចាប់ពីខែមិថុនាមក ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ធនាគារឯកទេស វីងដើម្បីចែកប្រាក់ឧបត្ថម្ភប្រចាំខែដល់ប្រជាជនដែលងាយរងគ្រោះ ឬរស់នៅក្នុងភាពក្រីក្រផងដែរ៕