វីង សម្ពោទផ្លូវមួយខ្សែដែលត្រូវបានជួសជុលសម្រាប់លើកកម្ពស់ជីវភាពសហគមន៍
![](https://www.wingbank.com.kh/wp-content/uploads/2020/03/road-repair2.jpg)
នៅតាមវាលស្រែដែលឆ្លងកាត់បីទៅបួនភូមិ ប្រជាពលរដ្ឋនៅ ឃុំយាអង្គ ធ្លាប់ចំណាយពេលធ្វើតំណើរទៅផ្លូវជាតិយ៉ាងហោចណាស់១ ម៉ោងតាមរយៈផ្លូវលំដែលមានប្រវែងត្រឹមតែ៣៥០០ម៉ែតប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ ទាំងនេះវាគ្រាន់តែជារឿងដែលបានកើតឡើង នាពេលអតីតកាលបុណ្ណោះ។
ក្រោមការឧបត្ថម្ភរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គម្រោងជួសជុលផ្លូវមួយខ្សែប្រវែង ៣,៥ គីឡូម៉ែត្រដែលបានចាប់ផ្តើមជួសជុសកាលពីខែមករាឆ្នាំ២០២០ ត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ពិធីនេះត្រូវបានចូលរួមនិងផ្តល់ជាកិត្តិយសដោយ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លោក កែវ យឿន អភិបាលរងស្រុក យាអង្គ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បុគ្គលិកវីង និងប្រជាពលរដ្ឋតាមសហគមន៏ជាច្រើនផ្សេងទៀត។
នៅក្នុងពិធីដែលមានអ្នកចូលរួមជាង ៤០០ នាក់ដែលរស់នៅក្នុងតំបន់នោះ លោក ម៉ានូ រ៉ាចាន់ បានប្រកាសបើកសម្ពោទផ្លូវដែលបានជួសជុលរួច និងដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាមរយៈការកាត់ខ្សែរបូដើម្បីជាចំណងដៃដល់ប្រជាពលរដ្ឋជាង៦៤៧គ្រួសារក្នុងភូមិចំនួន៤ក្នុងឃុំយាអង្គ។
លោកម៉ានូ រ៉ាចាន់ បានមានប្រាសាសន៍ថា៖ “ផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសំខាន់ៗដូចជា៖ ការទទួលបានហិរញ្ញវត្ថុ ការថែទាំសុខភាព ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការផ្សារភ្ជាប់ផលិតផលក្នុងស្រុកទៅនឹងទីផ្សារផងដែរ។”
លោក កែវ យឿន បានឲ្យដឹងថា៖ “ក្នុងរដូវវស្សាម្តងៗ ប្រជាពលរដ្ឋនៅទីនេះពិតជាជួបទុក្ខលំបាកយ៉ាងខ្លាំងដោយសារពួកគាត់ត្រូវធ្វើដំណើរដោយយានជំនិះឆ្លងកាត់តាមដងផ្លូវដែលបានខូចយ៉ាងតំណំ។ ដោយសារពិបាកនាំយកផលិតផលកសិកម្មនិងផលិតផលផ្សេងៗទៅលក់នៅឯទីផ្សារហើយ ទើបធ្វើឲ្យរបរកសិកម្មប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពជាប់គាំងនិងមិនមានស្ថេរភាព ហើយ សិស្សានុសិស្សពេលខ្លះបានខកខានទៅសាលាជាដើម។”
លោក កែវ យឿន បានបន្ថែមថា៖“ក្រោមការឧបត្ថម្ភរបស់ វីង ប្រជាពលរដ្ឋជាង ២,៨០០ នាក់នឹងអាចប្រើប្រាស់ផ្លូវដ៏ស្អាតនេះជាប្រចាំថ្ងៃ ហើយវានឹងជួយឲ្យជីវភាពរបស់ពួកគាត់នៅទីនេះកាន់តែល្អប្រសើរ។ ការធ្វើជំនួញអាជីវកម្មផលិតផលកសិកម្មនឹងកាន់តែកើនឡើង ហើយក្មេងៗនឹងអាចធ្វើដំណើរទៅសាលារៀនកាន់តែងាយស្រួល ក្រុមគ្រួសាររបស់ពួកគាត់នឹងអាចទៅទិញបានម្ហូបអាហារបានកាន់តែលឿនជាងមុន។
ប្រសិនបើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវមិនល្អ ប្រជាពលរដ្ឋតាមសហគមន៍នឺងជួបឧបសគ្គក្នុងការទទួលបានសេវាសុខភាព ការអប់រំ និងសេវាសាធារណៈដ៏ទៃផ្សេងទៀត។ តាមរយៈជំនួយឧបត្ថម្ភនេះ វីង បានប្តេជ្ញាចិត្តក្នុងការកែលម្អរជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមរយៈការធ្វើឲ្យកាន់តែល្អប្រសើរ លើការផ្តល់ជូនតំរូវការផ្សេៗ ដើម្បីការអភិវឌ្ឍសហគមប្រកបដោយចីរភាព៕