វីងផ្តល់ជំនួយឧបត្ថម្ភដល់អ្នករត់ម៉ូតូកង់បី និងមគ្គុទេ្ទសក៍ទេសចរណ៍
![](https://www.wingbank.com.kh/wp-content/uploads/2020/07/tuktuk-feature.jpg)
រាប់រយគ្រួសារដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ បានទទួលជំនួយហិរញ្ញវត្ថុពីធនាគារឯកទេសវីង!
អ្នកបើករ៉ឺម៉កកង់៣ និងមគ្គុទេ្ទសក៍ទេសចរណ៍ប្រមាណ ៧០០ គ្រួសារបានទទួលជំនួយហិរញ្ញវត្ថុពីវីងដើម្បីដោះស្រាយតម្រូវការប្រចាំថ្ងៃរបស់ពួកគេខណៈពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩
ដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចទូទាំងសកលរួមទាំងកម្ពុជាផងដែរ។
ទឹកប្រាក់ដែលទទួលបានពីសប្បុរសជននានាសរុបបានប្រមាណ ២១ ០១៦,៧០ ដុល្លារ។
«ការទទួលបានប្រាក់ឧបត្ថម្ភ ៣០ ដុល្លារគឺបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនវីងបានយល់យ៉ាងច្បាស់អំពីក្តីលំបាករបស់យើង។
ចំនួនទឹកប្រាក់នេះអាចជួយឱ្យយើងទិញអង្ករ និងចិញ្ចឹមកូនៗរបស់យើងរយៈពេល ១ ខែក្នុងអំឡុងពេលដ៏លំបាកនេះ។ វាជាការលើកទឹកចិត្ត ហើយខ្ញុំមានអារម្មណ៍ថា យើងមិនឯកោទេ» នេះបើតាមការឲ្យដឹងពីលោក កន កាន ដែលមានរបរជាអ្នករត់រ៉ឺម៉កកង់៣នៅក្នុងទីក្រុងភ្នំពេញដើម្បីចិញ្ចឹមគ្រួសាររបស់គាត់។
លោកបានបន្តថា លោកក៏កំពុងជួបវិបត្តិក្នុងការសងប្រាក់កម្ចី និងគ្រប់គ្រងចំណាយប្រចាំថ្ងៃផងដែរ។
ទោះបីជាមានហាងកាហ្វេ ភោជនីយដ្ឋាន និងផ្សារជាច្រើននៅក្នុងទីក្រុងភ្នំពេញនៅបន្តដំណើរការយ៉ាងណាក្តី ក៏គេនៅសង្កេតឃើញថា ប្រជាជនចេញទៅក្រៅនៅតែមានចំនួនតិចជាងមុន ហើយពួកគេបានបាត់បង់ស្ទើរតែទាំងស្រុងនូវភ្ញៀវទេសចរ និងអ្នកដំណើរដទៃទៀតដែលជាផ្នែកមួយដ៏សំខាន់នៃអតិថិជនរបស់អ្នកបើកម៉ូតូកង់៣ និងមគ្គុទ្ទេសក៍ទេសចរណ៍ទូទាំងប្រទេស។
លោក រស់ សុគន្ធ ជាអ្នករត់ម៉ូតូកង់ ៣ ដែលបានមកទទួលមូលនិធិពីវីងនៅការិយាល័យភ្នំពេញបានឲ្យដឹងថា៖ «មុនពេលមានជំងឺកូវីដ១៩ ខ្ញុំអាចរកប្រាក់ចំណូលបានជាមធ្យម ២៥ ដុល្លារក្នុង ១ ថ្ងៃ។ ដូចជាកាលពីម្សិលមិញ ចាប់តាំងពីព្រឹករហូតដល់យប់ខ្ញុំទទួលបានម៉ូយតែម្នាក់គត់ ហើយខ្ញុំត្រូវចំណាយលើថ្លៃអាហារផង និងថ្លៃសាំងបន្ថែមទៀត»។
ចាប់តាំងពីដំណើរការ «គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ដែលជួបវិបត្តិខ្វះខាតដោយជំងឺកូវីដ១៩» មកដល់ពេលនេះមានអ្នករត់រ៉ឺម៉កកង់ ៣ ចំនួន ៥០៦ នាក់ និងមគ្គុទេ្ទសក៍ទេសចរណ៍ចំនួន ១៨៥ នាក់ហើយ ដែលបានមកការិយាល័យកណ្តាលរបស់វីងនៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យវីងនៅខេត្តសៀមរាបដើម្បីទទួលជំនួយ។ ថវិកាទាំងនោះត្រូវបានវេរចូលទៅក្នុងគណនីវីងរបស់ពួកគេ ដែលពួកគេអាចប្តូរយកអង្ករនៅតាមដៃគូសហការវីងតាមរយៈមុខងារ WingPay QR។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអាជីវកម្ម និងបុគ្គលទាំងឡាយដែលបានរួមចំណែកក្នុងបុព្វហេតុសង្គមនេះ។ ខ្ញុំជឿជាក់ថា ការផ្តល់ជំនួយទាំងនេះនឹងអាចជួយកាត់បន្ថយបន្ទុកគ្រួសាររបស់អ្នកក្នុងអំឡុងពេលដ៏លំបាកនេះ។ វីង និងដៃគូរបស់យើងនឹងនៅជាមួយអ្នក និងក្រុមគ្រួសាររបស់អ្នក។ សូមរក្សាភាពរឹងមាំ និងរក្សាសុវត្ថិភាព»។
បុគ្គលិកវីង ភ្នាក់ងារវីង អតិថិជនវីងព្រមទាំងបុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងដៃគូដទៃទៀតបានផ្តួចផ្តើមបង្កើតកម្មវិធីសប្បុរសធម៌នេះឡើងក្នុងគោលបំណងដើម្បីជួយដល់អ្នកបើករ៉ឺម៉កកង់៣ និងមគ្គុទេ្ទសក៍ទេសចរណ៍ ដែលកំពុងជួបវិបត្តិខ្វះខាតហិរញ្ញវត្ថុចាប់តាំងពីខែមេសា ឆ្នាំ ២០២០ មក។
លោក ម៉ានូ រ៉ាចាន់ បានបន្តទៀតថា៖ «ក្នុងនាមជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុចល័តធំជាងគេនៅកម្ពុជា វីងចាត់ទុកការកៀរគរធនធាន និងសប្បុរសជន ដើម្បីជួយសហគមន៍របស់យើងក្នុងអំឡុងពេលដ៏ពិបាកនេះជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ យើងតែម្នាក់អាចជួយបានបន្តិចបន្តួច ប៉ុន្តែនៅពេលដែលយើងរួមគ្នា នោះយើងនឹងអាចធ្វើបានកាន់តែច្រើន»។
ជំនួយឧបត្ថម្ភដែលបានផ្តល់ជូនដល់សហគមន៍នាពេលនេះគឺមានការជួយគាំទ្រពីភ្នំពេញប៉ុស្តិ៍។ វីងនៅតែបន្តទទួលជំនួយពីសប្បុរសជនទាំងឡាយរហូតដល់ពាក់កណ្តាល ខែកក្កដា ឆ្នាំ ២០២០ ដែលលោក- អ្នកអាចចូលរួមវិភាគទានតាមរយៈភ្នាក់ងារវីងជិត ៨០០០ កន្លែងទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងតាមរយៈគណនីប្រាក់រៀលតាមរយៈលេខ ០៣២ ១០០០០ និងដុល្លារអាមេរិកតាមរយៈលេខ ០៣៣ ១០០០០ ៕