វីងត្រូវបានផ្តល់អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ

មេសា 26, 2021

វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា​ ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីងបានមានប្រសាសន៍ថា៖​ ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ​ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ។”

ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារ​វីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩.៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ វីងនឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្មដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ។

លោក Manu Rajan អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជាធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមានទៅលើសហគមន៍ ដៃគូអាជីវកម្ម និងអ្នកចូលរួមក្នុងទីផ្សារផ្សេងៗទៀតរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងសាធារណៈជន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា” ។

អាជ្ញាប័ណ្ណដែលទទួលបានពីធនាគារជាតិនៃកម្ពុជានេះនឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលមិនស្ថិតក្នុងបណ្តាញធនាគារ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានខិតខំផ្តល់អំណាចដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន ងាយស្រួល និងមានសុវត្ថិភាព។