វីង បង្កើតបទពិសោធមិនប្រើក្រដាសប្រាក់សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា
១១ ធ្នូ ២០១៩ ភ្នំពេញ៖ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាដោយផ្តល់ជូនពួកគេនូវសេរីភាពក្នុងការរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ និងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់មានក្រដាសប្រាក់ ក៏ដូចជាដើម្បីធានានូវភាពងាយស្រួល និងសុវត្ថិភាពរបស់ពួកគេផងដែរ។
លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ហើយជាមួយនឹងការផ្តល់ជូននេះយើងធានានូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ យើងបានដាក់ចេញនូវការផ្តល់ជូននេះបន្ទាប់ពីមើលឃើញពីតម្រូវការរបស់ភ្ញៀវទេសចរដែលមកដល់ប្រទេសកម្ពុជា ហើយយើងមានក្តីរីករាយក្នុងការផ្តល់ជូនពួកគេនូវការភ្ជាប់ទំនាក់ទំនង សុវត្ថិភាព និងភាពងាយស្រួលជាកញ្ចប់តែម្តង»។
កញ្ចប់សេវាកម្ម Wing4U Tourist Pack មានស៊ីមកាតមួយដែលមានអ៊ីនធឺណិត និងកញ្ចប់សម្រាប់ខលទូរស័ព្ទដោយផ្អែកលើរយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចររួមជាមួយការចូលទៅកាន់គណនីវីង និងម៉ាស្ទ័រកាតផងដែរ ដែលអាចប្រើសម្រាប់ការទិញទំនិញ ការកក់ និងការធ្វើដំណើរនៅក្នុងប្រទេសជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន។
ជាមួយនឹងម៉ាស្ទ័រកាតអនឡាញរបស់វីង ទេសចរអាចស្គែន QR កូដ និងទូទាត់ប្រាក់បានជាង ៤ ម៉ឺនហាង ហើយម៉ាស្ទ័រកាតអនុញ្ញាតឲ្យពួកគេអាចទិញទំនិញបានជាង ៨០០០ ហាងនៅទូទាំងប្រទេស។ ភ្ញៀវទេសចរនឹងទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនដោយសុវត្ថិភាពតាមរយៈការទូទាត់ប្រាក់របស់វីងតាមរយៈរបៀបបង់ប្រាក់របស់វីង ហើយមានភាពងាយស្រួលក្នុងការដកប្រាក់ដោយមានតម្លៃទាបបំផុតនៅតាមភ្នាក់ងារវីងជាង ៧០០០ កន្លែងនៅទូទាំងប្រទេស។
ក្នុងនោះមានការផ្តល់ជូនចំនួន ២ ប្រភេទគឺសេវាកម្ម «Wing4U Tourist Basic» ដែលមានអ៊ីនធឺណិត ១,៥ ជីហ្គាបាយ និងការផ្ញើសារ និងតេក្នុងប្រព័ន្ធឥតកំណត់សម្រាប់រយៈពេល ៧ ថ្ងៃ ចំណែក “Wing4U Tourist Extra” មានអ៊ីនធឺណិត ការផ្ញើសារ និងតេក្នុងប្រព័ន្ធឥតកំណត់សម្រាប់រយៈពេល ៧ ថ្ងៃ ដែលស៊ីមកាតទាំងនេះមានសុពលភាពរយៈពេល ៣០ ថ្ងៃ។ ភ្ញៀវទេសចរក៏អាចទិញកញ្ចប់បន្ថែមឲ្យសមស្របទៅតាមការស្នាក់នៅរបស់ពួកគេផងដែរ។
លោកបន្ថែមថា៖ «យើងជឿជាក់ថា បទពិសោធនមិនប្រើក្រដាសប្រាក់នេះនឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់អ្នកដែលស្វែងរកដំណោះស្រាយទូទាត់ប្រាក់ងាយស្រួលក្នុងអំឡុងពេលធ្វើដំណើរទៅក្រៅប្រទេស និងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសកម្ពុជាដ៏ស្រស់ស្អាតនេះកាន់តែច្រើន»។
បច្ចុប្បន្នការផ្តល់ជូននេះមាននៅបញ្ជរវីងដែលមានទីតាំងស្ថិតនៅច្រកទ្វារពេលអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ហើយនៅពេលអនាគតនឹងមាននៅតាមបណ្តាទីតាំងជាច្រើននៅទូទាំងប្រទេសរួមជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបដែលជាច្រកចូលប្រទេសកម្ពុជាដ៏សំខាន់មួយទៀតក្រៅពីរាជធានីភ្នំពេញ៕