ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ារួមគ្នាដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា
![](https://www.wingbank.com.kh/wp-content/uploads/2020/06/wing-ca2-1024x683-1024x683.jpg)
ធនាគារឯកទេសវីង និងធនាគារ កាណាឌីយ៉ាកំពុងធ្វើការរួមគ្នាដើម្បីបំពេញចន្លោះខ្វះខាតសេវាហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ខែមិថុនា ទី ២៣ ២០២០: ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។
ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលពួកគេទទួលបានសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេមានភាពកាន់តែប្រសើរឡើង។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «យើងមានឯកសិទ្ធិដែលថ្ងៃនេះវីងកំពុងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីស្វែងរកភាពជាដៃគូជាមួយធនាគារដែលមានវ័យចំណាស់ជាងគេនិងធំជាងគេមួយនៅកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា និងកំណើនសេដ្ឋកិច្ចតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុដ៏រឹងមាំ»។
លោកលោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «វីងនៅតែងតែរក្សារចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល សុវត្ថិភាពនិងរហ័ស ដែលសម្រួលដល់លំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់ជូនកាន់តែទូលំទូលាយនូវការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់រូប»។
វីងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជាដែលមានបណ្តាញភ្នាក់ងារវីង ជិត ៨០០០ កន្លែងទូទាំងប្រទេស ជាមួយកម្មវិធីវីងស្មាតហ្វូនវីងដ៏ទំនើប និងមានបណ្តាញដៃគូក្នុងស្រុកនិងក្រៅស្រុកដ៏រឹងមាំ។
លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា៖ «កិច្ចសហការនៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងទាក់ទងនឹងការផ្ដល់ជូនសេវាកម្មហិរញ្ញវត្ថុ និងបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុ និងសិទ្ធិអំណាចប្រើទៅដល់ប្រជាជនកម្ពុជា។ យើងនឹងនាំយកសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិតជាងមុនទៅដល់អតិថិជនរបស់យើងបច្ចុប្បន្ន មិនថានៅតំបន់ដាច់ស្រយាលក៏ដោយ»។
ធនាគារកាណាឌីយ៉ាបានឈរជើងនៅលើទីផ្សាយដោយជោគជ័យជិត៣០ឆ្នាំក្នុងការផ្ដល់ជូននូវសេវាកម្មដ៏សម្បូរបែបទៅដល់អតិថិជនទាំងបុគ្គល និងសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយបានពង្រីកទីផ្សាររបស់ខ្លួនទៅដល់ប្រទេសឡាវដែលជាប្រទេសជិតខាង។
ទាំងវីងនិងធនាគារកាណាឌីយ៉ាគឺជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជាដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ វីងត្រូវបានគេទទួលស្គាល់ បានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយជាមួយដៃគូពាណិជ្ជករជាង ៤០០០០ និងជាមួយក្រុមហ៊ុនសំខាន់ៗនៅក្នុងឧស្សាហកម្មរួមមាន៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម។
ភ្នាក់ងារវីងដែលត្រូវបានបណ្តុះបណ្តាលយ៉ាងជំនាញ បានកំពុងជួយសម្រួលផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីកន្លែងនៃប្រទេសកម្ពុជាចាប់តាំងពីទីក្រុងរហូតដល់ភូមិដាច់ស្រយ៉ាល។
អំពីធនាគារកាណាឌីយ៉ា ក.អ
ធនាគារ កាណាឌីយ៉ា ក.អ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា “ Canadia Gold & Trust Corporation Ltd.” ដែលជាបណ្ដាក់ទុនរួមគ្នារវាងជនជាតិកម្ពុជា-កាណាឌីយ៉ា និងធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគាររួមមានអតីតបុគ្គលិកជំនាញៗពីធនាគារជាតិនៃកម្ពុជា និងភាគទុនិកជាជនជាតិកម្ពុជា និងកាណាដា។
សកម្មភាពសំខាន់ៗរបស់ធនាគារគឺផ្អែកទៅលើប្រតិបត្តិការមាស ដូចជាការផលិតមាស និងផ្ដល់កម្ចីទៅដល់ពាណិជ្ជករទាំងឡាយ។ នៅថ្ងៃទី១៩ មេសា ១៩៩៣ ធនាគារត្រូវបានប្ដូរឈ្មោះទៅជា ធនាគារកាណាឌីយ៉ា (Canadia Bank Ltd.,) ដោយ ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ រហូតមកដល់ថ្ងៃទី១៦ ធ្នូ ២០០៣ ធនាគារក៏ត្រូវបានប្ដូរឈ្មោះជាថ្មីមកជា “ធនាគារកាណាឌីយ៉ា ក.អ” (Canadia Bank PLC.)
ចាប់តាំងពីឆ្នាំ១៩៩៨មក ធនាគារកាណាឌីយ៉ាបានក្លាយជាធនាគារក្នុងស្រុកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយបណ្ដាញទំនាក់ទំនងជាមួយធនាគារទូទាំងពិភពលោក និងមានមូលដ្ឋានអតិថិជនទាំងក្នុងនិងក្រៅប្រទេស ធនាគារកាណាឌីយ៉ា ក.អ បានកាន់កាប់ចំណែកទីផ្សារដ៏ធំក្នុងការផ្ដល់ជូនឥណទាន ក៏ដូចជាប្រាក់បញ្ញើផងដែរ។ ធនាគារផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា គណនីប្រាក់បញ្ញើ (ប្រាក់ដុល្លារ, ប្រាក់រៀល និងប្រាក់យាន់) ឥណទានបុគ្គល (ឥណទានផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន) និងឥណទានសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា សេវាកម្មផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្ដូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃនៅទូទាំងស្នាក់ការកណ្ដាល និង៦០សាខានៅរាជធានីភ្នំពេញ និងបណ្ដាក្រុង ខេត្តសំខាន់ៗទូទាំងប្រទេស និង១សាខាទៀតនៅប្រទសឡាវ។
បច្ចុប្បន្ន អតិថិជនរបស់ធនាគារកាណាឌីយ៉ាអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈម៉ាស៊ីនដកប្រាក់ ១៥៤កន្លែង និងម៉ាស៊ីនដាក់ប្រាក់ ១៥កន្លែង ដែលបម្រើការ២៤ម៉ោងក្នុងមួយសប្ដាហ៍បានកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម៖ 023 969 222/ 023 868 222
ចូលទៅកាន់វិបសាយធនាគារយើងខ្ញុំ៖ www.canadiabank.com.kh
អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។
ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។
វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.
សម្រាប់ព័ត៌មានបន្ថែម៖
លោក ចនសុរដ្ឋា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖855 12 726 117
អ៊ីមែល៖soratha.chan@wingmoney.com