ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា
សីហា 17, 2024វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ដែលតំណាងឱ្យនិមិត្តសញ្ញានៃភាពរុងរឿង ផ្តល់ជូនអតិថិជននូវការប្រើប្រាស់ឥណទានជាសាច់ប្រាក់រហូតដល់ទៅ៥០%នៃឥណទានសរុប កញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ១លានដុល្លារអាមេរិក និងឯកសិទ្ធិពិសេសជាច្រើនទៀតដើម្បីទទួលបានបទពិសោធន៍លំដាប់ពិភពលោកដែលមិនអាចប្រៀបផ្ទឹមបាន។
ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។
ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីងវីសាអ៊ីហ្វីនីតក្រេឌីតកាត របស់ធនាគារយើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ឥណទានដែលគ្មានគូប្រៀប អាចធ្វើប្រតិបត្តិការតាមអនឡាញ និងទីតាំងហាងដោយផ្ទាល់យ៉ាងរលូន ក៏ដូចជាអត្ថប្រយោជន៍នៃការធ្វើដំណើរដែលសក្តិសមឥតខ្ចោះសម្រាប់បំពេញតម្រូវការជូនអតិថិជនរបស់យើង។”
មានត្រឹមតែ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត នៅក្នុងដៃ ម្ចាស់កាតមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានរហូតដល់១លានដុល្លារអាមេរិក និងទទួលបានការអនុគ្រោះមិនបង់ការប្រាក់រយៈពេល៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។
អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង តំណាងឱ្យការរួបរួមគ្នានៃដំណោះស្រាយទូទាត់តាមរយៈឌីជីថលដ៏ទំនើប និងថ្មីបំផុត របស់ក្រុមហ៊ុនវីសា និងការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ ធនាគារ វីង ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនខ្លួន។”
តាមរយៈការប្រើប្រាស់វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ម្ចាស់កាតអាចទទួលបានសាច់ប្រាក់ត្រលប់មកវិញរហូតដល់ទៅ ១,១% ឬ៥00 ដុល្លារអាមេរិកលើការបញ្ជាទិញប្រចាំខែ។
អ្នកស្រី Ivana Tranchini មានប្រសាសន៍បន្ថែមទៀតថា៖ “ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបានបង្កើតនូវតម្រូវការពិតប្រាកដសម្រាប់សេវាធនាគារ ដែលបម្រើដល់តម្រូវការតែមួយគត់របស់ទីផ្សារ។ យើងមានមោទនភាពក្នុងការគាំទ្រធនាគារ វីង ក្នុងការឆ្លើយតបទៅនឹងតម្រូវការនេះ និងដាក់ចេញនូវសំណើពិសេសដែលផ្តល់នូវគុណតម្លៃ សុវត្ថិភាព និងភាពជឿជាក់ដល់អតិថិជនរបស់ពួកគេ។”
កាន់តែពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលរង់ចាំការហោះហើរ អតិថិជនទាំងអស់អាចប្រើប្រាស់ វីងវីសាអ៊ីនហ្វីនីតក្រេឌីតកាត ដើម្បីចូលប្រើប្រាស់កន្លែងរង់ចាំក្នុងអាកាសយានដ្ឋាននៅជុំវិញពិភពលោកឥតដែនកំណត់ អាចធ្វើការស្នើសុំកាតសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ៥កាត និងអាចប្រើប្រាស់កន្លែងរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។
បន្ថែមលើនេះ អតិថិជនក៏អាចទូទាត់តាមម៉ាស៊ីន POS និងតាមអនឡាញ នៅគ្រប់ទីកន្លែងជុំវិញពិភពលោកដែលមានទទួលការទូទាត់តាមរយៈវីសា ហើយក៏អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស ពីហាងដៃគូវីសាជាច្រើននៅទូទាំងពិភពលោកផងដែរ។
លោក ហាន ប៉េងក្វាង បានលើកឡើងថា៖ “វីសាអ៊ីនហ្វីនីតក្រេឌីតកាតរបស់យើងត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងទំនើបសម្រាប់គ្រប់សម័យកាល ដែលឆ្លុះបញ្ចាំងពីប្រណីតភាពខ្ពស់ ហើយសក្តិសមយ៉ាងល្អឥតខ្ចោះទៅនឹងចំណង់ចំណូលចិត្តបែបអភិជនភាពសម្រាប់អតិថិជនរបស់យើង។”
វីសាអ៊ីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ត្រូវបានរចនាឡើងដោយគិតគូពីប្រណីតភាព និងសុវត្ថិភាព ដែលបង្ហាញពីការរចនាគ្មានលេខប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាមុខងារសុវត្ថិភាព EMV 3-D ដ៏ទំនើប ដែលធានានូវសុវត្ថិភាពខ្ពស់រាល់ការធ្វើប្រតិបត្តិការរបស់អតិថិជន និងម្ចាស់ហាង។
មុខងារគ្មានលេខរបស់កាតនេះ នឹងបង្កើននូវវិធានការសុវត្ថិភាពបានកាន់តែខ្ពស់ ដែលជួយឱ្យអ្នកប្រើប្រាស់អាចបើក ឬបិទដំណើរកាតបានឆាប់រហ័សនៅនឹងចុងម្រាមដៃតាមរយៈអេប Wing Bank ផ្ទាល់តែម្តង ក្នុងករណីដែលកាតជ្រុះបាត់ ឬត្រូវបានគេលួច។
ដើម្បីរីករាយជាមួយប្រណីតភាព និងឯកសិទ្ធិជាច្រើនមិនធ្លាប់មានជាមួយវីសាអ៊ីនហ្វីនីតក្រេឌីតកាតរបស់ ធនាគារ វីង អតិថិជនគ្រាន់តែស្នើកាតនេះនៅតាមសាខាធនាគារ វីង ទូទាំងប្រទេស ដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយពោរពេញទៅដោយអភិជនភាព៕