ធនាគារ វីង ក្លាយជាដៃគូទូទាត់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
កក្កដា 12, 2024សហគ្រាស និងអាជីវកម្មទាំងអស់នឹងអាចបង់ថ្លៃសេវាសាធារណៈ និងសេវាផ្សេងៗបានយ៉ាងងាយស្រួលដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ វីង ក្នុងពេលឆាប់ៗនេះ ដោយអាចធ្វើប្រតិបត្តិការសេវាកម្មបានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថលដ៏ទំនើបរបស់ធនាគារ វីង សម្រាប់ការបង់ថ្លៃកម្រៃសេវាសាធារណៈ ក៏ដូចជាលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
លោកជំទាវ ពេជ សូរិយា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា៖ “ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ដល់សហគ្រាស និងអាជីវកម្មនានាឱ្យបានកាន់តែប្រសើរ។”
លោកជំទាវ ពេជ សូរិយា បានបន្ថែមទៀតថា៖ “តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ វីង គឺមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់ ដែលអនុញ្ញាតឱ្យអាជីវកម្មគ្រប់ទំហំអាចរីកចម្រើនក្នុងបរិបទសេដ្ឋកិច្ចឌីជីថលកាន់តែខ្លាំងឡើង”។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងលើកកម្ពស់ការទូទាត់តាមឌីជីថលទៅដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ សេវាហិរញ្ញវត្ថុ រួមទាំងប្រព័ន្ធទូទាត់ KHQR របស់ធនាគារ វីង នឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការបានយ៉ាងរលូន ដែលនឹងជួយលើកកម្ពស់ដំណើរការនៃការបង់ថ្លៃកម្រៃសេវាសាធារណៈ និងសេវាផ្សេងៗទៀតកាន់តែប្រសើរ។ ការអនុវត្តនូវមធ្យោបាយទូទាត់បែបនេះគឺមានភាពងាយស្រួល ចំណេញពេលវេលា ហើយថែមទាំងកាត់បន្ថយការចំណាយសោហ៊ុយយធ្វើដំណើរបានមួយកម្រិតទៀតផង។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តដល់ធនាគារ វីង ក្នុងការរួមចំណែកកិច្ចការដ៏សំខាន់នេះ។ លោកលើកឡើងថា៖ “យើងខ្ញុំពិតមានកិត្តិយសក្រៃលែងចំពោះការជឿជាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មកលើធនាគារ វីង ក្នុងការជួយសម្របសម្រួលកិច្ចការដ៏មានសារៈសំខាន់នេះ។ ភាពជាដៃគូនាពេលនេះ គឺគូសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញនវានុវត្តន៍ ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយថែមទៀតនៅទូទាំងប្រទេសកម្ពុជា។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធនាគារ វីង នឹងធ្វើកិច្ចការរួមគ្នាកាន់តែជិតស្និទ្ធថែមទៀតដើម្បីផ្តល់នូវការកសាងសមត្ថភាពអំពីនវានុវត្តន៍បច្ចេកវិទ្យានានាទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលជួយឱ្យអាជីវកម្មកាន់តែរីកលូតលាស់។
បន្ថែមលើនេះ កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមគោលនយោបាយជាតិស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងសមត្ថភាពបច្ចេកវិទ្យា ក៏ដូចជាលើកកម្ពស់នវានុវត្តន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ធនាគារ វីង និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានទស្សនៈវិស័យរួមគ្នាមួយ តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅកម្ពុជា ដោយបង្កើតឱ្យបាននូវសមិទ្ធផលថ្មីៗ និងជំរុញកំណើនដែលផ្អែកលើនវានុវត្តន៍។
ចំណុចស្នូលនៃវិធីសាស្រ្តជំរុញនវានុវត្តន៍របស់ធនាគារ វីង រួមមាន៖ អេប Wing Bank ដែលមានមុខងារជាច្រើន, បណ្តាញភ្នាក់ងារធនាគារ វីង គ្របដណ្តប់ទូទាំងប្រទេសជាង ១១.០០០ កន្លែង, ភ្នាក់ងារ វីងម៉ាស្ទ័រ មានជាង ៨០កន្លែង និងសាខាការិយាល័យដ៏ទំនើបរបស់ធនាគារបានពង្រីកទីតាំងជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា។
អស់រយៈពេល១៦ឆ្នាំនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ចំពោះការច្នៃប្រឌិតថ្មីៗត្រូវបានបង្ហាញឱ្យឃើញតាមរយៈសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួន។ ក្នុងនោះមានប្រមាណ ១៦៥.០០០អាជីវកម្ម, ស្ថាប័នរដ្ឋាភិបាលចំនួន ១០ ស្ថាប័ន, សហគ្រាសធុនតូច និងមធ្យមប្រមាណ ៣.០០០សហគ្រាស និងមានក្រុមហ៊ុនសាជីវកម្ម ៦០០ ក្រុមហ៊ុន ដែលទទួលបានផលប្រយោជន៍ពីសេវាកម្មរបស់ធនាគារ វីង។ ធនាគារ វីង បានក្លាយជាដៃគូដ៏ទុកចិត្តពីសំណាក់អាជីវកម្មគ្រប់មជ្ឈដ្ឋានតាមរយៈការផ្តល់សេវាកម្មធនាគារដ៏ទំនើបរបស់ខ្លួន រួមមានទាំងការទូទាត់តាមឌីជីថល និងសេវាបើកប្រាក់បៀវត្សជាដើម៕