ធនាគារ វីង គាំទ្រកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨
វិច្ឆិកា 4, 2024ធនាគារ វីង (ខេមបូឌា) ម.ក នៅតែបន្តការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការគាំទ្រកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមយុវជនអន្តរជាតិ គឺកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលហៅកាត់ថា “SSEAYP”។
ប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះតាំងពីឆ្នាំ២០០០មកម្ល៉េះ ពោលគឺមួយឆ្នាំបន្ទាប់ពីទទួលស្គាល់ជាសមាជិកអាស៊ាននៅក្នុងឆ្នាំ១៩៩៩ ដែលគិតមកទល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ ៦៦៤នាក់ទទួលបានបទពិសោធន៍ពីកម្មវិធីនេះរួចមកហើយ។
ឆ្នាំ២០២៤នេះ គឺជាលើកទី៤៨ហើយ ដែលកម្មវិធី SSEAYP ត្រូវបានរៀបចំធ្វើឡើងចាប់តាំងពីកម្មវិធីនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤។
យុវជនកម្ពុជាចំនួន ១៥រូប និងប្រធានប្រតិភូ ០១រូបនឹងត្រូវទៅចូលរួមកម្មវិធីនេះ បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវឱ្យបេក្ខជនសរសេរសំណេរប្រកួតប្រជែង ការសម្ភាសន៍ដើម្បីវាយតម្លៃសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌ ក៏ដូចជាចំណេះដឹងទាក់ទិនទៅនឹងកិច្ចការអាស៊ាន-ជប៉ុនផងដែរ។
យុវជនកម្ពុជាទាំងនេះ នឹងត្រូវចូលរួមជាមួយប្រតិភូយុវជនទាំង ១៦៨នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើដំណើររួមគ្នានៅលើនាវា Nippon Maru រយៈពេល៣៨ថ្ងៃ ដែលពួកគេនឹងត្រូវចូលរួមសកម្មភាពការពិភាក្សាលើប្រធានបទដែលកម្មវិធីដាក់ជូន ការធ្វើការងារជាក្រុម ការសម្ដែង វប្បធម៍ អរិយធម៍កម្ពុជា និងការស្នាក់អាស្រ័យនៅតាមផ្ទះ ក្នុងប្រទេសដែលនាវាចូលចត ដើម្បីបំពាក់បំប៉នជំនាញភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី SSEAYP ដែលស្របទៅតាមបេសកកម្មធនាគារ វីង ដែលតែងតែជំរុញលើកទឹកចិត្ត និងផ្តល់នូវសិទ្ធអំណាចទៅដល់យុវជនជំនាន់ក្រោយ។
លោក ហោ ប៊ុនថែ បានលើកឡើងថា៖ “ការគាំទ្រយុវជនក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍សកលមិនត្រឹមតែបង្កើនការយល់ដឹងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងការរួមចំណែកទៅដល់សង្គមឱ្យបានកាន់ប្រសើរថែមទៀត។
លោក ហោ ប៊ុនថែ បានបន្តថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានឃើញយុវជនកម្ពុជាចាប់យកនូវឱកាសនេះ ដើម្បីចូលរួមនៅលើឆាកអន្តរជាតិ ហើយបង្ហាញនូវមោទនភាពវប្បធម៌ដ៏ផូរផង់ និងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
កម្មវិធី SSEAYP លើកទី៤៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចសិក្សាតាមនាវានេះ នឹងចុះចតនៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។
ទស្សនកិច្ចសិក្សានេះនឹងផ្តល់នូវឱកាសទៅដល់យុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗ ស្ថាប័នសំខាន់ៗ ក៏ដូចជាការស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ ហើយជាពិសេសនោះគឺការផ្លាស់ប្តូរវប្បធម៌ក្នុងកំឡុងពេលស្នាក់នៅនៃដំណើរទស្សនកិច្ចសិក្សានេះ។ ក្រោយបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចបង្កើនចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាការស្វែងយល់ពីគ្នាទៅវិញទៅមកបានកាន់តែប្រសើរថែមទៀត។
ដោយផ្តោតលើប្រធានបទ៖ “ការចូលរួមពីយុវជន” គណៈប្រតិភូយុវជនមានគោលបំណង បង្កើនទស្សនៈវិស័យរបស់ពួកគេឱ្យកាន់តែទូលំទូលាយចំពោះភាពជាអ្នកដឹកនាំនៅក្នុងសង្គមភាវូបនីយកម្មមួយ ដែលលើកកម្ពស់ការយល់ដឹងពីបញ្ហាសង្គម ក៏ដូចជាបំផុសនូវសកម្មភាពកិច្ចសហប្រតិបត្តិការដើម្បីបង្កើតបាននូវដំណោះស្រាយជាវិជ្ជមាន។
ប្រធានបទកិច្ចពិភាក្សានៃកម្មវិធី SSEAYP ក្នុងឆ្នាំ២០២៤នេះ ត្រូវបានដកស្រង់ចេញពីផែនការអនុវត្តនៃសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពី៖ “មិត្តភាពអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការភាពជាដៃគូទុកចិត្ត” ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣។
ប្រធានបទនឹងត្រូវលើកមកពិភាក្សារួមមាន៖ អំណាចទន់ និងការតភ្ជាប់កិច្ចការការទូតយុវជន និងយុវជន ភាពរីកលូតលាស់សេដ្ឋកិច្ច និងចីរភាពសហគមន៍ បរិស្ថានសកល និងបម្រែបម្រួលអាកាសធាតុ ការស្តារ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុខុមាលភាព និងសង្គមឌីជីថល។
លោក សុះ សលីហ៊ីន ប្រធានប្រតិភូយុវជន តំណាងឱ្យគណៈប្រតិភូនាវាយុវជនកម្ពុជា បានលើកឡើងថា៖ “SSEAYP គឺជាកម្មវិធីដ៏សំខាន់មួយដែលផ្តល់ឱកាសទៅដល់យុវជនដើរតួនាទីលើសពីទូតសុឆន្ទៈ។ ពោលគឺកម្មវិធីនេះជួយពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន ហើយថែមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹងរវាងយុវជន និងយុវជន បង្កើនសមត្ថភាពផ្លូវចិត្ត និងកាយសម្បទា ហើយថែមទាំងអាចឱ្យអ្នកចូលរួមនីមួយៗអាចបង្ហាញសក្តានុពលពេញលេញរបស់ខ្លួនថែមទៀតផង។”
លោក សុះ សលីហ៊ីន បានបន្តទៀតថា៖ “យុវជនគួរតែខិតខំបង្ហាញវប្បធម៌ និងមោទនភាពជាតិរបស់ខ្លួន ហើយទន្ទឹមនឹងនោះក៏ត្រូវរៀនបើកចិត្តឱ្យទូលាយ និងចេះសហការល្អជាមួយយុវជនដទៃនៅក្នុងតំបន់។ កត្តានេះនឹងបង្កើតបាននូវភាពសុខដុមរមនា និងភាពរុងរឿងសម្រាប់ជាគំរូទៅដល់មនុស្សជំនាន់ក្រោយ។
ប្រតិភូនាវាយុវជនកម្ពុជា ក៏បានបង្ហាញការថ្លែងអំណរគុណរបស់ពួកគេចំពោះការផ្តល់ចូលរួមកម្មវិធីដ៏សំខាន់នេះ ដោយលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំ អ្នកឧបត្ថម្ភដូចជាធនាគារ វីង ជាដើម ដែលតែងតែផ្តល់ការគាំទ្រទៅដល់យុវជនទទួលបាននូវឱកាសដ៏ពិសេសនេះដើម្បីតំណាងប្រទេសជាតិរបស់យើង តាមរយៈការផ្លាស់ប្តូរវប្បធម៌និងបទពិសោធន៍ ដែលអនុញ្ញាតឱ្យប្រតិភូនាវាយុវជនកម្ពុជា បានបង្ហាញពីមោទនភាពជាតិរបស់យើងទៅកាន់មិត្តភ័ក្តិបរទេស”។
ការគាំទ្រជាបន្តបន្ទាប់របស់ធនាគារ វីង ចំពោះគំនិតផ្តួចផ្តើមជួយទៅដល់យុវជន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបង្កើនការច្នៃប្រឌិតថ្មីៗ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ដែលស្របតាមគោលដៅយុទ្ធសាស្រ្តរបស់កម្ពុជា។ ការជួយលើកកម្ពស់យុវជនវ័យក្មេងតាមរយៈកម្មវិធីដូចជា SSEAYP ធនាគារ វីង មានគោលបំណងផ្តល់ឱ្យយុវជនជំនាន់ក្រោយនូវជំនាញ និងផ្នត់គំនិតចាំបាច់នានា ដើម្បីរួមចំណែកអភិវឌ្ឍអនាគតកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការចូលរួមនេះទៀតសោត ក៏ជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ធនាគារ វីង ក្នុងការបង្កើតនូវកាលានុវត្តភាព និងជំរុញនវានុវត្តន៍ដែលស្របតាមផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ធនាគារ វីង នឹងជួយបង្កើននូវការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មដោយនាំមកនូវវិបុលភាព និងវឌ្ឍនភាពចំពោះជាតិឆ្ពោះទៅមុខជានិរន្តរ៍៕