ធនាគារ វីង ផ្តល់ការគាំទ្រសមាគមមីក្រូហិរញ្ញវត្ថុសម្រាប់ការរៀបចំ សន្និសីទមីក្រូហិរញ្ញវត្ថុឆ្នាំ២០២៤

វិច្ឆិកា 19, 2024

ធនាគារ វីង (ខេមបូឌា) ម.ក បន្តការយកចិត្តទុកដាក់ក្នុងការចូលរួមលើកស្ទួយវិស័យមីក្រូហិរញ្ញវត្ថុតាមរយៈការគាំទ្រសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រយៈពេលបួនឆ្នាំជាប់ៗគ្នា ក្នុងការរៀបចំសន្នសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ​២០២៤នៅក្នុងខេត្តសៀមរាប។ 

ព្រឹត្តិការណ៍ដែលមានរយៈពេញមួយថ្ងៃនេះទទួលបានអ្នកចូលរួមជាង ៣០០ នាក់ រួមមាន៖  គណៈគ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់មកពីស្ថាប័នសមាជិក ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញអន្តរជាតិបានមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរចំណេះដឹងរបស់ពួកគេ ក៏ដូចជារិះរកមធ្យោបាយដ៏ល្អបំផុត​​​​​ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។ 

ប្រធានបទសម្រាប់សន្និសីទឆ្នាំនេះគឺផ្តោតលើ និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍនៃវិស័យមីក្រូហិរញ្ញវត្ថុ  ​បានបង្ហាញពីតួនាទីដ៏សំខាន់ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមចំណែកក្នុងការលើកកម្ពស់​កំណើនបរិយាបន្ន និងការអនុត្តប្រកបដោយការទទួលខុសត្រូវដើម្បីដោះស្រាយកំណើនតម្រូវការហិរញ្ញវត្ថុនៅក្នុងសហគមន៍។ 

នៅក្នុងកិច្ចការពិភាក្សាដែលជជែកលើប្រធានបទផ្សេងៗគ្នាជាច្រើន អ្នកចូលរួមអាចឈ្វេងយល់ពីមធ្យោបាយច្នៃប្រឌិតដើម្បីជំរុញសិទ្ធអំណាចអ្នកប្រើប្រាស់ ពង្រឹងកិច្ចគាំពារបរិស្ថាន ក៏ដូចជាពន្លឿនការអនុវត្តគម្រោងហិរញ្ញវត្ថុដែលទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុ។ ប្រធានបទដ៏មានសារសំខាន់ទាំងនេះ  បានគូសបញ្ជាក់ពីវិធីសាស្រ្តដែលវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាអាចសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងពង្រឹងភាពធន់ទៅដល់សេដ្ឋកិច្ចថែមទៀតផង។ 

រយៈពេល ៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការដ៏មានផ្លែផ្កាកន្លងមកនេះ ធនាគារ វីង និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  បានធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមផ្សេងៗជាច្រើនដូចជា៖ វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកម្មវិធីកសាងសមត្ថភាពនានា ដែលសកម្មភាពទាំងអស់នេះត្រូវបានរៀបចំឡើងដើម្បីជួយអភិវឌ្ឍន៍ និងរួមចំណែកភាពរីកចម្រើនវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា។  

ការគាំទ្រទាំងនេះនឹងជួយបង្កើនសមត្ថភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អាជីវកម្មនានា ក៏ដូចជាអតិថិជនទូទៅជាពិសេសពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល  ដោយបង្កើតបាននូវឱកាសដ៏មានអត្ថន័យសម្រាប់ជំរុញការអភិវឌ្ឍ និងភាពរុងរឿងនៅក្នុងសហគមន៍ 

យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  បានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានប្រមាណ ៥,១២ ពាន់លានដុល្លារអាមេរិក ទៅដល់អតិថិជនប្រមាណ ១,៥៧ លាននាក់ ដែលក្នុងនោះ ៥៥ភាគរយគឺជាស្រ្តី ខណៈដែលវិស័យនេះបានផ្តល់ការងារដោយផ្ទាល់ប្រមាណ ២១.៥០០នាក់ ជាមួយទីតាំងការិយាល័យប្រតិបត្តិការចំនួន ៩០៤កន្លែងនៅទូទាំងប្រទេសកម្ពុជា។ វឌ្ឍនៈភាពនេះបានជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរជាវិជ្ជមានរបស់វិស័យនេះចំពោះសហគមន៍នៅតាមមូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ 

កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  ធនាគារ វីង កំពុងបោះជំហានទៅមុខជាមួយចក្ខុវិស័យរួមចំណែកកសាងវិស័យមីក្រូហិរញ្ញវត្ថុឱ្យមានភាពធន់ ប្រកបដោយបរិយាបន្ន និងនិរន្តរភាពបន្ថែមទៀត ដើម្បបង្កើតផលវិជ្ជមានដ៏យូរអង្វែងសម្រាប់សហគមន៍ទូទាំងប្រទេសកម្ពុជា