ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ផ្តល់ភាពងាយស្រួលក្នុងការផ្ទេប្រាក់ពីជប៉ុនមកកម្ពុជា
ឧសភា 19, 2023ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុនអាចផ្ញើប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួល និងសុវត្ថិភាព ដោយសារកិច្ចសហការថ្មីមួយរវាង ធនាគារ វីង និងក្រុមហ៊ុន Japan Remit Finance។
ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនឥឡូវនេះមានមធ្យោបាយដែលអាចទុកចិត្តបាន ក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅស្រុកកំណើត ដោយសារភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយរវាងធនាគារ វីង និង ក្រុមហ៊ុន Japan Remit Finance Co., Ltd (JRF)។
ធនាគារ វីង និងក្រុមហ៊ុន JRF បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តនេះឡើង ដើម្បីជាមធ្យោបាយជួយសម្រួលទៅដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុន ក្នុងការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើតប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងតម្លៃសេវាសមរម្យ។
ពិធីចុះ MoUនេះ ត្រូវបានរៀបចំធ្វើឡើងនៅឯការិយាល័យ JRF នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមចុះហត្ថលេខារវាងលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Hossain MD Sarwar ប្រធាន ក្រុមហ៊ុន JRF។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។
លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង បានថ្លែងថា៖ “យើងពិតជាមានសេចក្តីរីករាយចំពោះភាពជាដៃគូសហការថ្មីនេះ ដែលជាការបើកលទ្ធភាពផ្តល់ជូនសេវាផ្ទេរប្រាក់ដែលអាចទុកចិត្តបាន ទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន ដើម្បីជួយសម្រួលក្នុងការផ្ញើប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅស្រុកកំណើត។ កិច្ចសហការនេះ ក៏ជាការពង្រីកវត្តមានរបស់យើងនៅក្នុងទីផ្សារផ្ទេរប្រាក់អន្តរជាតិ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយរបស់ធនាគារ វីង”។
ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេតាមរយៈការផ្ញើប្រាក់ត្រលប់ទៅស្រុកកំណើត។ យោងតាមតួលេខផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថាប្រជាជនកម្ពុជាប្រមាណ ១៧.០០០នាក់ កំពុងធ្វើការនៅប្រទេសជប៉ុនគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣។ ចំនួននេះ រំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
លោក ឈុន វឌ្ឍនៈភក្តី បានបន្ថែមថា៖ “យើងមានទំនុកចិត្តថាកិច្ចសហការនេះនឹងនាំមកនូវផលវិជ្ជមានចំពោះពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជីវភាពរស់នៅក្រុមគ្រួសាររបស់ពួកគេ ដោយប្រាកដថាការផ្ញើប្រាក់ដែលរកបានដោយលំបាករបស់ពួកគេ ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត មានភាពងាយស្រួល និងតម្លៃសមរម្យ” ។
ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន JRF ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។
ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយនឹងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា។ ការផ្ទេរប្រាក់ពីប្រទេសជប៉ុនមកកម្ពុជាអាចធ្វើឡើងភ្លាមៗទៅកាន់គណនីធនាគារ វីង ជាមួយនឹងតម្លៃផ្ទេរប្រាក់ចាប់ពី ១.០០០ យ៉េន សម្រាប់ការផ្ទេរប្រាក់ក្នុងមួយដង។
លោក Hossain MD Sarwar ប្រធានក្រុមហ៊ុន JRF បានថ្លែងថា៖ “តាមរយៈកិច្ចសហការជាមួយធនាគារ វីង យើងមានទំនុកចិត្តថា នឹងជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៅដល់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន នោះគឺតាមរយៈការផ្តល់សេវាផ្ទេរប្រាក់ដែលមានទំនុកចិត្ត និងតម្លៃសេវាសមរម្យ”។
ធនាគារ វីង ជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។
ចំណែកឯ JRF គឺជាក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិ ដែលមានបំណងក្លាយជាក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព និងផ្តល់សេវាកម្មឲ្យបានទូលំទូលាយនៅក្នុងវិស័យបចេ្ចកវិទ្យាហិរញ្ញវត្ថុ។ ជាមួយនឹងបទពិសោធន៍ជាង ១០ ឆ្នាំ ដែលបានបម្រើសេវាអិតិថិជន ក្រុមហ៊ុន JRF បានបម្រើអតិថិជនជាង ១០០.០០០ នៅក្នុងប្រទេសជប៉ុនដែលមានតម្រូវការផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើត។ ក្រុមហ៊ុន JRF មានការិយាល័យប្រតិបត្តិការចំនួន១២ ទីតាំងនៅទូទាំងប្រទេសជប៉ុន ខណៈដែលសាខានៅក្រៅប្រទេសកំពុងដំណើរការនៅក្នុងប្រទេសចំនួនប្រាំមួយរួមមាន៖ វៀតណាម ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី កាណាដា និងប្រទេសអ៊ីតាលី។
ធនាគារ វីង និងក្រុមហ៊ុន JRF នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់ដោយស្របច្បាប់ ដោយប្រកាន់ភ្ជាប់ការអនុវត្តតាមបទប្បញ្ញត្តិអន្តរជាតិ និងក្នុងស្រុក ហើយភាពជាដៃគូថ្មីរវាងស្ថាប័នទាំងពីរនេះ រំពឹងថានឹងមានឥទ្ធិពលជាវិជ្ជមានទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន៕