ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤

មីនា 16, 2023

ធនាគារ វីង ប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មី។

មានរយៈពេល​១​ឆ្នាំ​គត់​បន្ទាប់ពីធនាគារ​ វីងបាន​ដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០២២  ហើយថ្ងៃនេះ​​ធនាគារ​ វីង ក៏​បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤។ កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប  ព្រមទាំង​ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការអស់រយៈពេលមួយឆ្នាំមកនេះ ធនាគារ វីង បានឆ្លុះបញ្ជាក់យ៉ាងច្បាស់ថាខ្លួនជាដៃគូគួរដ៏ឲ្យជឿជាក់ ដែលប្រជាជនកម្ពុជាអាចពឹងពាក់បានក្នុងការការពារប្រាក់សន្សំរបស់ពួកគេប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះធនាគារ វីង ទទួលបានប្រាក់បញ្ញើពីអតិថិជនជាង៥០០លានដុល្លារអាមេរិក និងមានអតិថិជនប្រើប្រាស់អេប Wing Bank ជាង១លាននាក់។ លើសពីនេះ ធនាគារ វីង ក៏ផ្តល់ជូនអត្រាការដ៏ល្អមួយ​នៅ​ក្នុងប្រទេស ព្រមទាំងផ្តល់ជូនកម្ចីតាមប្រព័ន្ធឌីជីថល និងមានដៃគូទូទាត់​ជាង១០.០០០ ទីតាំងផងដែរ។

លោក ហាន ប៉េងក្វាង នាយកប្រតិបត្តិ នៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងមិនអាចសម្រេចកិច្ចការទាំងអស់នេះបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ។​ ​​​    យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលដូចទៅនឹងពាក្យបាវចនារបស់យើង​គឺ ធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា។”

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ធនាគារ វីង បានបើកដំណើរការជាង១០សាខាទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុដែលកំពុងតែកើនឡើង។ នៅឆ្នាំ២០២២ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក  សាខាបឹងត្របែក  និងសាខាព្រះយុគន្ធរ   ដែលសាខាទាំងអស់នេះស្ថិត​នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ សម្រាប់ប៉ុន្មានខែ​ដំបូងនៃឆ្នាំ២០២៣នេះ ធនាគារ វីង បានបើកសាខាបន្ថែមចំនួន៤បន្ថែម នៅខេត្តបាត់ដំបង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ខេត្តសៀមរាប និងខេត្តស្វាយរៀង។

ធនាគារ វីង សាខាអ័រគីដេ២០០៤ នឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មធនាគារយ៉ាងពេញលេញដូចជា៖ ប្រាក់បញ្ញើ កម្ចីសម្រាប់អាជីវកម្ម ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារ វីង សុទ្ធសឹងតែមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈនិងរួសរាយរាក់ទាក់ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនក្នុងទីតាំងថ្មីនេះ ទាំងប្រជាជនមូលដា្ឋន និង​ជនបរទេស។

ធនាគារ វីង សាខាអ័រគីដេ២០០៤ មានទីតាំងស្ថិតនៅអាគារអេសហាសអ៊ែរ១ លេខ៣៥ ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាប់នឹងច្រកចូល អ័រគីដេដឹរ៉ូយ៉ាល់  នៅផ្លូវ២០០៤ផ្ទាល់តែម្តង។ សាខានេះបើកបម្រើសេវាអតិថិជន ថ្ងៃចន្ទ ដល់ សុក្រ ពីម៉ោង៨ ព្រឹក ដល់ ៥ ល្ងាច ហើយ​មាន​បំពាក់ដោយទូATMដ៏ទំនើបសម្រាប់ការដកប្រាក់ដោយឥតគិតថ្លៃ។

ថ្មីៗនេះ ធនាគារ វីង​ ក៏បានដាក់ដំណើរការសេវាកម្មពិសេសសម្រាប់និយោជក សម្រាប់បើក​ប្រាក់បៀវត្សរ៍តាមរយៈប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវា។ ហើយ​អាចដក​ប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃតាមរយៈបណ្តាញនៃភ្នាក់ងារ វីង ដ៏ធំទូលាយ សាខារបស់ធនាគារ វីង ការិយាល័យកណ្តាលធនាគារវីង​ និងម៉ាស៊ីន ATM របស់វីង​។ ទាំងនិយោជក និងនិយោជិតក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយគ្មានវត្ថុបញ្ចាំផងដែរ៕