ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី១០០%ទិញរថយន្តស៊េរីទំនើប
សីហា 23, 2024ឥឡូវនេះអតិថិជន អាចទិញរថយន្តក្នុងក្តីស្រមៃដ៏ទំនើបម៉ាក JETOUR ដោយទទួលបានទំហំកម្ចីដល់ទៅ ១០០% នៃតម្លៃរថយន្តពីធនាគារ វីង និងការសងត្រលប់រយៈពេលវែង។
ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជាជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត។
កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃគូជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។”
លោក ហោ ប៊ុនថែ បានបន្តថា៖ “ជាមួយការគាំទ្រហិរញ្ញវត្ថុពីធនាគារ វីង យើងអាចជួយឱ្យពួកគាត់ប្រែក្លាយក្តីសុបិនទៅជាការពិត ដោយទទួលបាននូវរថយន្តផ្ទាល់ខ្លួនមួយសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវភាពរីករាយ និងស្នាមញញឹមជាមួយក្រុមគ្រួសារក្នុងធ្វើដំណើរកម្សាន្តនានាផងដែរ។”
តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ វីង ដែលមានភាពងាយស្រួល នឹងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការវាយតម្លៃរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទានរថយន្តនេះ គឺមានភាពបត់បែនខ្ពស់ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ១០០ភាគរយ នៃតម្លៃរថយន្ត ជាមួយនឹងការសងត្រលប់មានរយៈពេលរហូតដល់ ៨៤ខែ។
លោកអ៉ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ នៃក្រុមហ៊ុន ខេអិនអិន ខេមបូឌា បានថ្លែងថា៖ “ យើងខ្ញុំជឿជាក់ថារថយន្ត មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរតែមួយប៉ុណ្ណោះទេចំពោះអតិថិជនយុគសម័យថ្មីនេះ តែអ្វីដែលអតិថិជនរំពឹងចង់បាននោះគឺ ការបង្កើនភាពងាយស្រួល ការបំពាក់បច្ចេកវិទ្យាជំនួយបើកបរ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងការបង្កើតពេលវេលាដ៏រំភើបរាល់ពេលធ្វើដំណើរជារៀងរាល់ថ្ងៃ។ ហើយ JETOUR គឺមាននូវអ្វីគ្រប់យ៉ាងទាំងអស់ដែលអតិថិជនចង់បាន។”
លោកអ៉ឹង មុយហ្គេច បានបន្តថា៖ “តាមរយៈភាពជាដៃគូនេះជាមួយធនាគារ វីង នឹងបើកទ្វារឈានទៅរកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនទាំងពីរ តាមរយៈការរួមបញ្ចូលគ្នានូវភាពខ្លាំង និងគុណសម្បត្តិរបស់ស្ថាប័នទាំងពីរ យើងអាចផ្តល់នូវដំណោះស្រាយ និងការគាំទ្រហិរញ្ញវត្ថុ ប្រកបដោយភាពឆ្នៃប្រឌិត ដល់អតិថិជន និងចុងក្រោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។”
អតិថិជនអាចអញ្ជើញមកទស្សនានៅអគារតាំងបង្ហាញរថយន្ត JETOUR Cambodia ដែលមានទីតាំងនៅ អគារលេខ ២៣៩H ផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្តពីធនាគារ វីង។
ធនាគារ វីង គឺជាគ្រឹះស្ថានធនាគារដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប ហើយបានវិវឌ្ឍខ្លួនក្លាយជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេល ១៦ឆ្នាំនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ធនាគារ វីង បានក្លាយជាធនាគារលំដាប់កំពូលទាំង១០ ទៅលើប្រាក់បញ្ញើ ឈរលើលំដាប់ទី១១ លើទ្រព្យសកម្មសរុប និងទី១៦ទៅលើប្រាក់កម្ចី។
ចំណែកឯ JETOUR Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR និងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ខេ អិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍ជាង ២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពីប្រទេសកូរ៉េ ជប៉ុន និងអ៉ឺរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារទំនើបបែបសហគមន៍៕