ធនាគារ វីង សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា និងកាសែតខ្មែរថាមស៍ សហការគ្នារៃអង្គាសថវិកា ដើម្បីប្រទេសកម្ពុជាគ្មានមីន

មិថុនា 16, 2023

ធនាគារ វីង និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា  ព្រមទាំងកាសែតខ្មែរថាមស៍ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរៃអង្គាសថវិកាជួយដល់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)  និងរាជរដ្ឋាភិបាល ក្រោមយុទ្ធនាការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ក្នុង​ឱកាសនោះដែរ ក៏​មានការចូលរួមពីសំណាក់ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង ឧកញ៉ា Tan Khee Meng ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីប្រចាំកម្ពុជា លោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍ និងមានវត្តមានជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃ អាជ្ញាធរមីន និងឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា៖ “យើងដឹងថា សកម្មភាពមីនមនុស្សធម៌ គឺមិនត្រឹមតែជាលក្ខខណ្ឌចាំបាច់ដំបូងសម្រាប់សន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏បានកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍផងដែរ”។ “ខ្ញុំជឿជាក់ថា សកម្មភាពមីនមនុស្សធម៌បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា តាមរយៈការផ្តល់ដីដែលមានសុវត្ថិភាពសម្រាប់របរចិញ្ចឹមជីវិត និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ក៏ដូចជាកាត់បន្ថយការគ្រោះថ្នាក់ដោយសារមីន។

ដើម្បីផ្សព្វផ្សាយយុទ្ធនាការគ្មានគ្រាប់មីនដល់ប្រជាជនកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា   កាសែតខ្មែរថាមស៍  រួមជាមួយនឹងកិច្ចសហប្រតិបត្តិការល្អពីធនាគារ វីង  ដែលមានសាខា និងទីតាំងរាប់ពាន់កន្លែងនៅទូទាំងប្រទេសនោះនឹងចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរៃអង្គាសថវិកា ត្រឹម ៤.០០០ រៀលក្នុងម្នាក់ សម្រាប់ជួយដោះមីនលើទំហំដី ៥ ម៉ែត្រការ៉េ។

ឧកញ៉ា Tan Khee Meng ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានមានប្រសាសន៍ថា៖ “ខ្ញុំមានទំនុកចិត្តថា ទឹកចិត្តសប្បុរស និងឆន្ទៈពីមិត្តភក្តិទាំងនៅទីជិត និងឆ្ងាយ អាចរួមគ្នាធ្វើឲ្យប្រទេសកម្ពុជាគ្មានមីនក្នុងពេលដ៏ខ្លីខាងមុខនេះ”។  “សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​យុទ្ធនាការ​នេះ ហើយ​ចូល​រួម​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥។”

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាសប្បាយរីករាយដែលបានជួយដល់កម្ពុជាក្នុងការលុបបំបាត់ផលប៉ះពាល់អាក្រកដែលបណ្តាលមកពីគ្រាប់មីនមកលើប្រជាជន”។ “យើងខ្ញុំសង្ឃឹមថា ការរួមចំណែករបស់ធនាគារ វីង អាចជួយនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍ ដោយសារប្រជាជននឹងមានដីកាន់តែច្រើនសម្រាប់ធ្វើកសិកម្ម និងការអភិវឌ្ឍផ្សេងៗទៀត។”

ប្រទេសកម្ពុជាមានប្រជាជនជាង ១៦ លាននាក់ ដែលប្រជាជនប្រមាណ ៧៥ ភាគរយជាកសិករ ហើយពួកគេ

ចាំបាច់ត្រូវមានដីបង្កបង្កើនផលដែលគ្មានមីន ដើម្បីឲ្យកសិករអាចដាំដុះ និងផលិតស្បៀងសម្រាប់ប្រទេសជាតិ។ ប្រទេសកម្ពុជាមានលទ្ធភាពក្លាយជាជម្រុកស្បៀងក្នុងតំបន់ដែលមានដីបង្កបង្កើនផល និងកសិករមានបទពិសោធន៍។

ចាប់តាំងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា   កាសែតខ្មែរថាមស៍  បានរួមគ្នារៃអង្គាសប្រាក់បានជាង ១០ ម៉ឺនដុល្លារ ដោយបានជួយដល់ប្រជាពលរដ្ឋមួយចំនួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យទទួលបានដីមានសុវត្ថិភាពដែលតំបន់ទាំងនោះសុទ្ធតែជាតំបន់ដែលធ្លាប់រងគ្រោះដោយសារមីន។ ស្ថាប័នទាំង២នេះក៏បានផ្តល់ជំនួយជាស្បៀងអាហារ​សម្រាប់​ពលរដ្ឋ​ជាង ១.០០០ នាក់ផងដែរ។

លោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍បានមានប្រសាសន៍ថា៖  “ខ្ញុំបានប្រឡូកក្នុងវិស័យកសិកម្មជិត៥ឆ្នាំ ហើយពេលនោះ ដីកសិកម្មទាំងនោះ គឺពោរពេញទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយមកទល់ពេលនេះគឺអស់រយៈពេលជិត៩ឆ្នាំទៅហើយ ដែលខ្ញុំបានប្រែក្លាយវាជាបេសកកម្មសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងសម្រាប់កាសែតខ្មែរថាមស៍ឲ្យធ្វើអ្វីម្យ៉ាង សម្រាប់ការប្រឈមនេះ។ ពួកយើងមានមោទកភាពក្នុងការជួយដល់ប្រជាជន និងប្រទេសជាតិឲ្យរួចផុតពីគ្រោះថ្នាក់ទាំងនេះ។”


ជាមួយនឹងយុទ្ធនាការ ៤.០០០រៀលនេះ គ្រប់ភាគីទាំងអស់សង្ឃឹមថា យុទ្ធនាការប្រកបដោយអត្ថន័យនេះ នឹងទាក់ទាញការគាំទ្រជាបន្តបន្ទាប់ពីប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យយុទ្ធនាការនេះទទួលបានភាពជោគជ័យ។

តាមរយៈសម្រង់ព័ត៌មានពីអាជ្ញាធរមីន កម្ពុជាត្រូវការថវិកាប្រមាណជាជាង ១៣៨លានដុល្លារ ដើម្បីសម្រេចបាននូវគោលដៅគ្មានមីន ហើយយុទ្ធនាការនេះនឹងជួយសម្រាលបន្ទុករបស់រដ្ឋាភិបាលបានខ្លះក្នុងការប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ចាប់ពីឆ្នាំ១៩៩២ ដល់ខែមីនា ឆ្នាំ ២០២២ ផ្ទៃដីដែលមានគ្រាប់មីនប្រមាណ ២.៥៧៩ គីឡូម៉ែត្រក្រឡាត្រូវបានសម្អាត និងដាក់ឲ្យប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការតាំងទីលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត ដោយនៅសល់ផ្ទៃដីប្រមាណ ៥៦៣ គីឡូម៉ែត្រការ៉េ ទៀតដែលមិនទាន់ត្រូវបានបោសសម្អាតមីន។