ធនាគារ វីង បង្កើតកំណត់ត្រាថ្មីជាមួយនឹងការឈ្នះពានរង្វាន់ថ្នាក់តំបន់ពីអាស៊ាន
មិថុនា 9, 2023ធនាគារ វីង ក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់សុខុមាលភាព និងការអភិវឌ្ឍសង្គមឆ្នើមរបស់អាស៊ាន ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ចំពោះភាពរីកចម្រើននៅកម្ពុជា។
ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ “សុខុមាលភាពនិងការអភិវឌ្ឍសង្គមឆ្នើម” (ASEAN Outstanding Social Welfare and Development Award) ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៌ ហៅកាត់ថា ASEAN (អាស៊ាន) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម រួមជាមួយកិច្ចប្រជុំពាក់ព័ន្ធកាលពីសប្តាហ៍មុន។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញដោយមានវត្តមានកិត្តិយសចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងក្នុងកិច្ចការសុខុមាលភាពនិងការអភិវឌ្ឍសង្គមនៅកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជ្រើសតាំងធនាគារ វីង សម្រាប់ជាបេក្ខភាពពានរង្វាន់លំដាប់ថ្នាក់តំបន់មួយនេះ។
ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការផ្លាស់ប្តូរជាច្រើនក្នុងសង្គម ហើយប្រជាពលរដ្ឋក៏មានតម្រូវការសេវាសង្គមក៏កាន់តែច្រើនផងដែរ ជាពិសេសនោះគឺក្រុមពលរដ្ឋដែលងាយរងគ្រោះ។
ក្នុងអំឡុងពេលនោះ ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រដ្ឋាភិបាលចំពោះការចែកចាយថវិកាសង្គ្រោះបន្ទាន់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ថវិកាទាំងនោះត្រូវបានចែកចាយជូនទៅដល់ កម្មករនិយោជិតដែលត្រូវបានព្យួរការងារ គ្រួសារដែលមានប័ណ្ណក្រីក្រកម្រិត១ និង ២ ស្ត្រីមានផ្ទៃពោះក្រីក្រ ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងសមាជិកគ្រួសារនៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាដើម។
លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលអាស៊ានទទួលស្គាល់ពីកិច្ចការរបស់ធនាគារ វីង ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីបានជួយសម្រាលបន្ទុករបស់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។”
“យើងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាគ្រប់រូប តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុបែបឌីជីថលដែលមានភាពងាយស្រួលបំផុត។”
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ត្រូវបានផ្តួចផ្តើមដោយរដ្ឋាភិបាលកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះបានផ្តល់ផលជាវិជ្ជមានដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិ ដូចជា៖ សន្តិសុខស្បៀង ការអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសុខភាពជាដើម។
លោក ឈុន វឌ្ឍនៈភក្តី បានបញ្ជាក់បន្ថែមថា៖ “យើងកាន់តែមានមោទកភាពដែលរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដោយបានបង្ហាញថា ៩៩ ភាគរយ នៃអ្នកទទួលបានអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលពេញចិត្តនឹងយន្តការនេះ។”
“សមិទ្ធិផលទាំងនេះបង្ហាញពីភាពជោគជ័យរបស់ធនាគារ វីង ក្នុងការជួយរដ្ឋាភិបាលកម្ពុជាចំពោះការចែកចាយថវិកាសង្គ្រោះបន្ទាន់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ បានយ៉ាងឆាប់រហ័ស មានតម្លាភាព និងភាពងាយស្រួល”។
ពានរង្វាន់សុខុមាលភាពនិងការអភិវឌ្ឍសង្គមឆ្នើមរបស់អាស៊ាន ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ ពីសមិទ្ធផល និងការរួមចំណែកឆ្នើមរបស់អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជនចំពោះសុខុមាលភាពនិងការអភិវឌ្ឍសង្គមឆ្នើម នៅក្នុងប្រទេសរបស់ពួកគេ។
ធនាគារ វីង គឺជាស្ថាប័នមួយ ដែលស្ថិតក្នុងចំណោមស្ថាប័នចំនួនពីរនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកជាវិជ្ជមានដល់សហគមន៍ ជាក់ស្តែងដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាដើម។