ធនាគារ វីង លើកទឹកចិត្តប្រជាជនកម្ពុជាសម្រេចគោលដៅហិរញ្ញវត្ថុក្នុងឱកាសប្រារព្ធ ‘ទិវាសន្សំអាស៊ាន’
វិច្ឆិកា 6, 2024ធនាគារ វីង (ខេមបូឌា) ម.ក ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃកម្ពុជា ដើម្បីបង្កើនទម្លាប់ក្នុងការសន្សំប្រាក់សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាផ្នែកមួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរថែមទៀត។
ទិវាសន្សំអាស៊ានឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំត្រូវបានផ្តួចផ្តើមឡើងដោយធនាគារជាតិ នៃកម្ពុជា ត្រូវបានរៀបចំធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា។
កម្មវិធីនេះមានគោលបំណងជំរុញការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ ការលើកទឹកចិត្តសន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាការផ្តល់នូវរបៀបក្នុងការចាត់ចែងហិរញ្ញវត្ថុនៅទូទាំងប្រទេសឱ្យបានកាន់តែប្រសើរឡើង។ តាមរយៈការបណ្តុះបាននូវទម្លាប់សន្សំជាប់លាប់ កម្មវិធីនេះផ្តល់នូវសិទ្ធអំណាចទៅដល់បុគ្គលគ្រប់រូបដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុអនាគត ក៏ដូចជារួមចំណែករក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ក្នុងនាមជាអ្នកឧបត្ថម្ភមួយនៃព្រឹត្តិការណ៍នេះ ធនាគារ វីង ក៏បានរៀបចំនូវស្តង់ដែលមានបុគ្គលិកផ្តល់សេវាកម្ម និងប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចបើកគណនីធនាគារ វីង ប្រឹក្សាយោបល់ផ្ទាល់ខ្លួនចំពោះផែនការសន្សំ ក៏ដូចជាសេវាហិរញ្ញវត្ថុផ្សេងៗ ដើម្បីជួយទៅដល់ពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុ ហើយសម្រេចនូវគោលដៅហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពទៀតផង។
ជាមួយធនាគារ វីង អតិថិជនមានជម្រើសជាច្រើនក្នុងការសន្សំ។ ក្នុងនោះគណនីសន្សំដើម្បីគោលដៅ ផ្តល់ជូននូវភាពបត់បែនក្នុងការសន្សំចាប់ពីមួយខែ រហូតដល់ ៦០ខែ ជាមួយអត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ។ អតិថិជនក៏អាចជ្រើសរើសការសន្សំជាមួយគណនីមានកាលកំណត់ ដែលទទួលបានអត្រាការប្រាក់ ៥,៥% ក្នុងមួយឆ្នាំ និងគណនីសន្សំធម្មតាដែលអាចទទួលបានអត្រាការប្រាក់១% ក្នុងមួយឆ្នាំ ដែលជម្រើសនៃការសន្សំទាំងនេះ ជួយឱ្យអតិថិជនបង្កើតផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយសម្រាប់អនាគត។
រៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា កម្មវិធី ទិវាសន្សំអាស៊ាន គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាបង្កើននូវទម្លាប់សន្សំទៅដល់ប្រជាពលរដ្ឋ។ នៅក្នុងប្រទេសកម្ពុជាវិញ គំនិតផ្តួចផ្តើមនេះគឺឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ ដោយប្រាកដថាពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។
ធនាគារ វីង នៅតែបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុទៅដល់សហគមន៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ដើម្បីជំរុញការយល់ដឹងពីហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ និងនាំមកនូវភាពរុងរឿងនៅក្នុងសង្គម។