ធនាគារ វីង ចូលរួមប្រារព្ធខួបលើកទី២០របស់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការកែប្រែជីវភាពសហគមន៍ទីទ័លក្រ
ឧសភា 29, 2024ធនាគារ វីង ចូលរួមប្រារព្ធខួបលើកទី២០ របស់អង្គការមូលនិធិកុមារកម្ពុជា ជាមួយនឹងការថ្លែងអំណរគុណសម្រាប់ទំនុកបម្រុងកុមារ និងក្រុមគ្រួសារទុគ៌តជាច្រើន ដែលជួយកែប្រែជីវភាពរស់នៅពួកប្រសើរឡើង។
ធនាគារ វីង (ខេមបូឌា) ម.ក មានសេចក្តីសោមន្សរីករាយក្នុងការចូលរួមប្រារព្ធខួបលើកទី២០របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយបានថ្លែងអំណរគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេល២ទស្សវត្សរ៍មកនេះ ចំពោះការជួយកែប្រែជីវភាពរស់នៅកុមារ និងចាស់ជរាទីទ័លក្រជាច្រើននៅកម្ពុជា។
កម្មវិធីគំរប់ខួបនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ CCF ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក្រោមព្រះរាជវត្តមានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ឥស្សរជន និងអ្នកឧបត្ថម្ភអង្គការ CCF ជាច្រើនផងដែរ។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តឥតងាករេ និងកិច្ចប្រឹងប្រែងមិនគិតពីភាពនឿយហត់របស់អង្គការ CCF រហូតមក។ លោកថ្លែងថា៖ “ធនាគារ វីង មានសេចក្តីស្ងើចសរសើរ និងថ្លែងអំណរគុណដ៏ស្មោះចំពោះការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងទំនុកបម្រុងទៅដល់សហគមន៍ក្រីក្រ ដោយជួយជ្រោមជ្រែងពួកគាត់ឱ្យមានអនាគតភ្លឺស្វាង ហើយអាចចាកចេញពីភាពក្រីក្រ។”
លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ដំណើរដ៏វែងឆ្ងាយជាង២០ឆ្នាំមកនេះ គឺជាសក្ខីភាពគំរូមួួយ ដែលផ្តល់នូវថាមពលនៃក្តីសង្ឍឹម និងភាពធន់។ ក្នុងន័យនេះ ធនាគារ វីង មានកិត្តិយសសូមចូលរួមគាំទ្របេសកកម្មរបស់អង្គការ CCF ហើយថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរហូតមក។”
នៅក្នុងឆ្នាំ២០០៤ លោកស្កុត នីសុន បានសម្រេចចិត្តផ្លាស់ប្តូរជីវិតរស់នៅ ដោយបោះបង់អាជីពជោគជ័យក្នុងវិស័យផលិតភាពយន្តហូលីវូដរបស់គាត់ ហើយបានលះបង់គ្រប់យ៉ាងដើម្បីជួយកែប្រែជីវភាពពលរដ្ឋកម្ពុជាក្រីក្របំផុត ដែលពេលនោះហើយបានជំរុញឱ្យលោកបង្កើតអង្គការមូលនិធិកុមារកម្ពុជានេះឡើង។
លោកស្កុត នីសុន បានលើកឡើងថា៖ “ព្រឹត្តិការណ៍នាពេលនេះ មិនគ្រាន់តែជាសមិទ្ធផលសម្រេចបានប៉ុណ្ណោះទេ តែក៏នាំមកនូវវឌ្ឍនភាពសម្រាប់ពលរដ្ឋកម្ពុជានាពេលអនាគតផងដែរ។ យើងខ្ញុំមានសេចក្តីរីករាយចំពោះការពង្រីកវិសាលភាពនៃផលវិជ្ជមានរបស់យើង ក៏ដូចជាផ្តល់ធនធានចំណេះដឹងដែលមានទៅដល់កុមារ និងអ្នកដែលត្រូវការជំនួយ។”
អង្គការ CCF ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឥតងាករេ ដើម្បីជួយទំនុកបម្រុងកុមារ និងក្រុមគ្រួសារក្រីក្រតាមរយៈការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលផ្តល់ផលវិជ្ជមានទៅដល់ជនទីទ័លក្រជាង ១៣០.០០០ នាក់។
អង្គការ CCF ក៏បានរួមចំណែកដោះស្រាយនូវតម្រូវការចាំបាច់នានាដូចជា៖ ជំនួយផ្នែកសុខភាព លំនៅឋានសម្រាប់រស់នៅ និងជំនួយចាំបាច់មួយចំនួនសម្រាប់សហគមន៍។ ជាមួុយនឹងការផ្តល់លំនៅឋានជាង ៥០០ខ្នង អង្គការ CCF បានផ្តល់លំនឹង និងក្តីសង្ឃឹមទៅដល់ពលរដ្ឋក្រីក្រប្រមាណ ២.៥០០ នាក់។
បច្ចុប្បន្នមានកុមារជាង ៤.០០០ នាក់ទទួលបានការសិក្សាអប់រំ តាមរយៈកម្មវិធីអប់រំរបស់អង្គការ CCF ហើយថែមទាំងទទួលសិស្សចូលរៀនថ្មីជិត ២.០០០ នាក់ជារៀងរាល់ឆ្នាំទៀតផង។ បន្ថែមលើនេះ អគារសិក្សា Neeson Cripps Academy ដែលជាវិទ្យាល័យផ្តោតលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ផ្តល់ការបណ្តុះបណ្តាលទៅដល់សសិ្សានុសិស្សជាង ៤៥០ នាក់ ហើយមុខវិជ្ជាជំនាញទាំងនេះជួយឱ្យពួកគេទទួលបានមធ្យោបាយ និងឱកាសដើម្បីវិវឌ្ឍខ្លួនចាកចេញពីភាពក្រីក្រ។
ប្រមាណ៧០ភាគរយ នៃសិស្សានុសិស្សវគ្គទី១ របស់អង្គការ CCF បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាដោយជោគជ័យ ហើយថែមទាំងកសាងជំនាញដ៏ល្អទៀតផង ដែលភាគច្រើនពួកគេទទួលបានឱកាសងារមានលំនឹងល្អ ដើម្បីជួយជ្រោមជ្រែងគ្រួសាររួចចាកផុតពីភាពទីទ័លក្រ។
ការគាំទ្រយ៉ាងសកម្មរបស់ធនាគារ វីង ចំពោះការអភិវឌ្ឍសហគមន៍ ក៏ដូចជាកិច្ចការនានាដើម្បីបុព្វហេតុសង្គម ស្របគ្នាទៅនឹងបេសកកម្មរបស់អង្គការ CCF ដោយរួមចំណែកក្នុងការទទួលខុសត្រូវ និងយកចិត្តទុកដាក់ដោយក្តីមេត្តានៅក្នុងសហគមន៍។ ការរួបរួមគ្នា ភាគីទាំងពីរនឹងរួមចំណែកបង្កើតដំណើរឆ្ពោះទៅអនាគតភ្លឺស្វាង ក្នុងការជួយជ្រោមជ្រែងស្មារតីយុវជនក្រីក្រ ដោយជួយឱ្យពួកគេទទួលបានឱកាស ក្តីសង្ឃឹម ដែលការជ្រោមជ្រែងទាំងនេះហើយធ្វើឱ្យសហគមន៍ទាំងមូលកាន់ប្រសើរឡើង៕