ធនាគារ វីង ពង្រីកវិសាលភាព ជាមួយនឹងការបើកសម្ពោធសាខាថ្មី ក្នុងខេត្តបន្ទាយមានជ័យ

មេសា 7, 2023

ខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍វត្តមាននៃសាខាថ្មីធនាគារ វីង ខណៈពេលធនាគារមួយ​នេះ​កំពុងតែពង្រីកការ​ផ្តល់សេវាកម្មហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា​។

 

ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជាធនាគារសម្រាប់ប្រជាជនខ្មែរគ្រប់រូប បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ព្រឹត្តិការណ៍នៃការបើកសម្ពោធសាខាថ្មីនេះ គឺជាដំណើរនៃការវិវឌ្ឍគួរឲ្យកត់សម្គាល់សម្រាប់ធនាគារ វីង ក្នុងការបន្តផ្តល់សេវាកម្មធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ទៅ​ដល់ពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទីតាំងរបស់ធនាគារ​ វីង សាខាខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា នាក្រុងសិរីសោភ័ណ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំធ្វើឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និង ​​​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ការដាក់ឲ្យដំណើរការសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ដើម្បីបម្រើសេវាកម្មជូនដល់ប្រជាពលរដ្ឋគ្រប់រូប មិនថានៅទីណាក៏អាចទទួលបាននូវសេវាកម្ម​របស់ធនាគារ​ វីង ដែលនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទឆ្លើយតបទៅនឹងតម្រូវការរបស់​រូបវន្តបុគ្គល និងម្ចាស់អាជីវកម្ម។

លោក ហាន ប៉េងក្វាង អគ្គ​នាយក ធនាគារ វីង បានបង្ហាញពី​មោទកភាព​ចំពោះការបើកសម្ពោធសាខាថ្មីក្នុងខេត្តបន្ទាយមានជ័យនេះ។

លោក ហាន ប៉េងក្វាង បានថ្លែងថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបើកដំណើរការសាខាថ្មីរបស់យើងនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ធនាគារ វីង ហើយយើងមានកិត្តិយសដោយបាន​នាំយកនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់របស់យើងជូនដល់ប្រជាជនបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់ធនាគារ វីង គឺធ្វើយ៉ាងណា ដើម្បីបើកលទ្ធភាពដល់ពលរដ្ឋគ្រប់រូប ទទួលបាននូវសេវាកម្មធនាគារដែលស្របតាមពាក្យស្លោកថា ‘ធនាគារសម្រាប់ប្រជាជនកម្ពុជា’ ។»

វត្តមានរបស់ធនាគារ វីង គឺមានគោលដៅ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្នែក​សេវាកម្មហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា មិនថារស់នៅតាមតំបន់ប្រជុំជន និងនៅតាមតំបន់ជនបទនោះឡើយ ។

ធនាគារ វីង ជឿជាក់ថា ការផ្តល់​លទ្ធភាពឲ្យ​ប្រជាជនគ្រប់រូប​ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ នោះនឹងមានផល​ជាវិជ្ជមានយ៉ាងធំធេង ចំពោះជីវភាពរស់នៅរបស់ពួកគាត់​។​

ហើយជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ ធនាគារ​ វីង មានគោលបំណង​រួមចំណែកដល់​ការ​បិតគម្លាតផ្នែកហិរញ្ញវត្ថុ​តាមរយៈការផ្តល់នូវឧបករណ៍​ច្ចេកវិទ្យាឌីជីថលដែលងាយស្រួលប្រើប្រាស់​ តួរយ៉ាងគឺកម្មវិធី Wing Bank App ដែលប្រើប្រាស់បាន ២៤ម៉ោងក្នុងមួយថ្ងៃ និង​៧​ថ្ងៃក្នុងសប្តាហ៍ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលាទាំងអស់។

​លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ «យើងចង់ជួយដល់អតិថិជនរបស់យើង ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា​ ហើយសាខាថ្មីនេះបានបង្ហាញពីការបេ្តជ្ញាចិត្តរបស់យើង ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។»

ធនាគារ វីង ប្តេជ្ញាចិត្តជួយដល់ប្រជាជនខ្មែរគ្រប់រូបទទួលបានសេវាកម្មធនាគារ ហើយ បានចាត់ទុកបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាចំណុចស្នូល ដើម្បីជំរុញការប្រើប្រាស់សេវាកម្មធនាគារឲ្យបានកាន់តែទូលំទូលាយ។ តួយ៉ាង កម្មវីធី Wing  Bank App ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតដល់អតិថិជនអាចប្រើប្រាស់គណនីយធនាគាររបស់ពួកគេ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ​ទឹក-ភ្លើង និងធ្វើ​ប្រតិបត្តិការជាច្រើនទៀត បានយ៉ាងងាយស្រួលដោយមិនបាច់ចាកចេញពីផ្ទះ។

ជាមួយនឹងចំនួនអ្នកប្រើប្រាស់កម្មវិធី Wing Bank App កើនឡើងដល់ជាង ១លាននាក់ ហើយភ្នាក់ងារ    វីង មានរហូតដល់ទៅជាង​ ១១.០០០ កន្លែង បានធ្វើឲ្យធនាគារ វីង ក្លាយជាអ្នកផ្តល់សេវាទូទាត់តាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។

ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស គឺត្រឹម​រយៈពេលជិត ២ឆ្នាំ គិតចាប់តាំងពីធនាគារនេះបានចាប់ផ្តើមប្រតិបត្តិការជាធនាគារពាណិជ្ជ​ ដែលរហូតមកដល់បច្ចុប្បន្ន ដោយបានពង្រីកដល់ទៅ ១៥ ទីតាំង ដែលសុទ្ធតែជាទីតាំងយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានទូទាំងរាជធានីភ្នំពេញ​ ហើយក៏បានពង្រីកខ្លួនទៅដល់ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ​ជាដើម​។

សាខាខេត្តបន្ទាយមានជ័យរបស់ធនាគារ វីង គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀត ដែលជាមោទកភាពធនាគារក្នុងស្រុក បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការអតិថិជន ហើយ     ផ្តល់ផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលនេះជាគំរូដ៏សំខាន់មួយក្នុងចំណោមប្រព័ន្ធធនាគារនៅកម្ពុជា។

ដោយទទួលបាន​ប្រាក់បញ្ញើជាងកន្លះពាន់លានដុល្លារអាមេរិក ធនាគារ វីង កំពុងវិវឌ្ឍខ្លួនជាស្ថាប័ននាំមុខគេក្នុងវិស័យធនាគារនៅកម្ពុជា ដែលមានអត្រាការប្រាក់ប្រាក់បញ្ញើដ៏គួរឲ្យទាក់ទាញ និងសេវាកម្មកម្ចីឌីជីថលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ បានជួយឲ្យធនាគារ វីង ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជននៅទូទាំងប្រទេសកម្ពុជា។

ធនាគារ វីង ប្តេជ្ញាចូលរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើន ដោយធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងអាចទទួលបានសេវាហិរញ្ញវត្ថុ ដែលជាការរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕

ធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា​!