ធនាគារ វីង ពង្រីកសេវាធនាគារទៅដល់ទឹកដីខេត្តកំពង់ចាម

សីហា 7, 2023

ធនាគារ វីង បើកដំណើរការសាខាខេត្តកំពង់ចាម​ ដោយផ្តល់ជូននូវសេវាកម្មធនាគារពេញលេញ ដើម្បី​អបអរសាទរខួប ១៥ ឆ្នាំរបស់ខ្លួននៅកម្ពុជា។

 

កំពង់ចាម ថ្ងៃទី៧ សីហា ២០២៣៖  ធនាគារ វីង (ខេមបូឌា) ម.ក បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅខេត្តកំពង់ចាម ដើម្បីពង្រីកបន្ថែមនូវសេវាកម្មធនាគារទំនើបៗទៅដល់សហ​គមន៍ឲ្យបានកាន់តែទូលំទូលាយ ស្របពេលនឹងការអបអរសាទរខួប ១៥ ឆ្នាំរបស់ខ្លួនក្នុងការផ្តល់សេវាកម្ម និងជួយដល់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ មក។

ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃ​ឥស្សរជនកិត្តិយសជាច្រើនរូប ដែលរួមមាន៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិ នៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។​

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា​៖ “ការបើកដំំណើរការធនាគារ វីង សាខាខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលផ្តល់ភាពងាយស្រួលប្រើប្រាស់នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ ដែលជាការបំពេញបន្ថែមនៃចក្ខុវិស័យក្នុងការ​ជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់ប្រសើឡើង”។​

កំពង់ចាម ដែលជា​ខេត្ត​ដ៏ចំណាស់​​មួយ​របស់​ប្រទេស​កម្ពុជា គឺជាតំបន់ដែលមានការអភិវឌ្ឍ ហើយ​បច្ចុប្បន្នមានប្រជាជនប្រមាណជាង១លាននាក់។ យោងតាមទិន្នន័យរបស់រាជ​រដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមមានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ដោយទំហំសេដ្ឋកិច្ចខេត្តនេះបានកើនដល់ ១,៨​ពាន់លានដុល្លារ ដែលរួមចំណែក ៦,៧% នៃទំហំសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២២។ បច្ចុប្បន្នខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសជាង ៥១០ ទីតាំងដោយបានបង្កើតឱកាសការងារ​ទៅដល់ពលរដ្ឋប្រមាណ​ ៣៦.០០០ កន្លែង។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ខណៈពេលយើងខ្ញុំកំពុងអបអរសាទរ​ខួប ១៥ឆ្នាំនៃការផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទូទាំង ២៥ រាជធានី/ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដែលបានជឿជាក់លើសេវាកម្មហិរញ្ញវត្ថុ និងធនាគាររបស់យើងខ្ញុំរហូតមក។ យើងនឹងបន្តរីកចម្រើនរួមគ្នា និងរួមចំណែកដើម្បីបុព្វហេតុកម្ពុជាមានការវិវឌ្ឍបានលឿន​”។

ចាប់តាំងពីត្រូវ​បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ននេះ វីង​ នៅតែរក្សាការប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដែលចាំបាច់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីធ្វើឲ្យ​ជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរឡើង។

សាខាថ្មីរបស់ធនាគារ វីង ដែល​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ នៅចន្លោះសកលវិទ្យាល័យជាស៊ីមកំចាយមា និងរង្វង់មូលក្រុងកំពង់ចាម នឹងផ្តល់សេវាកមម្មធនាគារយ៉ាងទូលំទូលាយទៅដល់អតិថិជន ដោយបើកដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៤ល្ងាច។

លើសពីនេះ សេវាម៉ាស៊ីនATM និង ម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ វីង​ អាចឲ្យ​អតិថិជនប្រើប្រាស់បាន​ ២៤ ម៉ោងជារៀងរាល់ថ្ងៃ។

សាខាថ្មីនេះមានចំណតរថយន្តធំទូលាយ បន្ទប់ប្រជុំទំនើបទាន់សម័យ និងម៉ាស៊ីន ATM ដើម្បីបំពេញតម្រូវការអតិថិជន។ លើសពីនេះទៀត​ ក្នុងអំឡុងពេលរង់ចាំទទួលសេវាកម្មធនាគារ អតិថិជនក៏អាចទទួលទានកាហ្វេ និងទឹកផ្លែឈើ​ពី​ហាង Coffee Hub ឋិតក្នុងបរិវេណសាខារបស់ធនាគារ វីង ដ៏មានឱជារស និងគុណភាពខ្ពស់ផងដែរ​ ។

ធនាគារ វីង សាខាខេត្តកំពង់ចាមផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ សេវាកម្មទាំងនេះរួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ ការសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់ថ្លៃទឹក-ភ្លើង ព្រមទាំងសេវាកម្មជាច្រើនទៀត។ មិនថាជាតម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្មនោះឡើយ ធនាគារ វីង ផ្តល់សេវាកម្មដែលមានសុវត្ថិភាពខ្ពស់ ហើយអាចទុកចិត្តបាន ដើម្បីជួយអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេឲ្យកាន់តែប្រសើរឡើង៕