ធនាគារ វីង បរិច្ចាគថវិកា២០លានរៀលដល់មន្ទីរពេទ្យកុមារអង្គរ
កក្កដា 7, 2022ធនាគារ វីង បន្តគាំទ្រមន្ទីរពេទ្យកុមារអង្គរដើម្បីប្រារព្ធកម្មវិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩” និងមិនគិតថ្លៃសេវាសម្រាប់អតិថិជនធនាគារវីងទាំងអស់ដែលធ្វើការបរិច្ចាគ។
ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ – ធនាគារវីងព្រមទាំងបុគ្គលិក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដៃគូនានា និងអតិថិជនរបស់ធនាគារ វីង បានចូលរួម និងបរិច្ចាគទឹកប្រាក់ចំនួនប្រមាណ ៣២,៥ លានរៀល ក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កាលពីថ្ងៃទី២៦ ខែមិថុនានេះ។
ក្នុងនោះធនាគារ វីង បានឧបត្ថម្ភទឹកប្រាក់ចំនួន២០លានរៀល។ មន្ទីរពេទ្យកុមារអង្គរ បាននាំមកនូវក្តីសង្ឃឹមដល់ឪពុកម្តាយជាច្រើនរូប តាមរយៈការផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព និងមិនយកថ្លៃសេវាដល់កុមារកម្ពុជា។ ទោះបីយ៉ាងណាក៏ដោយ ក្រោយភាពជោគជ័យទាំងនេះ មន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង បានមានប្រសាសន៍ថា៖ “មន្ទីរពេទ្យកុមារអង្គរ បានក្លាយជាក្តីសង្ឃឹមរបស់ឪពុកម្តាយទូទាំងប្រទេស ដែលផ្តល់ការព្យាបាលដល់កូនៗដ៏មានប្រសិទ្ធភាព និងមិនមានការរើសអើង។
ខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយឲ្យមន្ទីរពេទ្យបន្តផ្តល់សេវាព្យាបាលថែទាំដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាបានកាន់តែច្រើន និងប្រសើរថែមទៀត។” លោក ហោ ប៊ុនថែ បានបន្តថា៖ “ខណៈពេលនេះ តាងនាមឲ្យថ្នាក់ដឹកនាំធនាគារ វីង ខ្ញុំសូមសម្តែងការកោតសសើរចំពោះទឹកចិត្ដ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់ជំនួយ លោកគ្រូ អ្នក
គ្រូពេទ្យដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ដ និងធនធានសម្រាប់បុព្វហេតុដ៏សម្បុរសនេះ។” សប្បុរសជនទាំងឡាយអាចបន្តចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ បានយ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវា ជាមួយភ្នាក់ងារវីងជាង ១០៨០០ កន្លែងទូទាំងប្រទេស ឬអាចបរិច្ចាគថវិកាតាមរយៈកម្មវិធីវីងប៊ែងអេប ដោយគ្រាន់តែចូលទៅកាន់មុខងារ ‘សប្បុសធម៌’ បន្ទាប់មក ‘បរិច្ចាគ’ និងជ្រើសរើស ‘មន្ទីរពេទ្យកុមារអង្គរ’ ជាមួយលេខកូដ ៩១២២ (ប្រាក់រៀល) ឬ ៨១២២ (ប្រាក់ដុល្លារ)។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា៖ “ការចូលរួមបរិច្ចាគរបស់លោកអ្នកបានផ្តល់ការគាំទ្រយ៉ាងចាំបាច់ដល់ការថែទាំកុមារកម្ពុជា ជាពិសេសវាពិតជាសំខាន់ណាស់ក្នុងខណៈពេលដែលប្រទេសកំពុងងើបពីវិបត្តិជំងឺរាតត្បាត។” ដោយមានការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការជួយកុមារជាង ៤០០ នាក់ជាប្រចាំថ្ងៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង បានចូលរួមគាំទ្រមន្ទីរពេទ្យកុមារអង្គរ និងបុព្វហេតុកិច្ចការសប្បុរសធម៌ជាច្រើនផ្សេងទៀតក្នុងប្រទេសកម្ពុជាជាយូរយាណាស់មកហើយ។
ឆ្នាំ ២០២២ នេះជាឆ្នាំទី៣ ដែលធនាគារវីងបានគាំទ្រយុទ្ធនាការរៃអង្គាសថវិការរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈប្រព័ន្ធអេកូឡូស៊ីរបស់ ធនាគារ វីង៕