ធនាគារ វីង ចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា បង្កើនប្រសិទ្ធភាពសម្គាល់អត្តសញ្ញណអ្នកប្រើប្រាស់
កញ្ញា 4, 2023ធនាគារ វីង ពង្រឹងសមត្ថភាពប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) របស់ខ្លួនតាមរយៈការចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដើម្បីការពារការក្លែងបន្លំ និងធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់អតិថិជនកាន់តែប្រសើរឡើង។
ធនាគារ វីង ដែលជាធនាគារពាណិជ្ជរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបោះជំហានដ៏សំខាន់សំដៅពង្រឹងដំណើរការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន ដោយថ្មីៗនេះធនាគារ វីង បានចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬហៅកាត់ថា ថ្នាល CamDX។
តាមរយៈការវិវឌ្ឍជាយុទ្ធសាស្រ្តនេះ នឹងអនុញ្ញាតដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពមួយកម្រិតថែមទៀតលើការសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដោយជួយសម្រួលនៅពេលអតិថិជនប្រើប្រាស់សេវាធនាគារ ជាពិសេសការបើកគណនី ហើយអាចពង្រឹងវិធានទប់ស្កាត់នៃការក្លែងបន្លំ និងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផ្សេងៗថែមទៀតផង។
CamDX ដែលអភវិឌ្ឍតាមលំនាំំថ្នាលបច្ចេកវិទ្យា X-Road របស់ប្រទេសអេស្តូនីនៅប៉ែកអ៉ឺរ៉ុប គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ការផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (API) រវាងបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតក្នុងវិស័យសាធារណៈ និងវិស័យឯកជន (សមាជិកថ្នាល CamDx) ដោយសុវត្ថិភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិត ដោយតភ្ជាប់ក្នុងបណ្តាញឌីជីថលផ្សេងៗ។
ការទទួលបានជាសមាជិកភាពនៃថ្នាល CamDX នឹងជួយដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពក្នុងការសម្គាល់អត្តសញ្ញាណអតិថិជន ដោយអាចធ្វើការផ្ទៀងផ្ទាត់បានភ្លាមៗចំពោះឯកសាររបស់អតិថិជនក្នុងការផ្គូផ្គងជាមួយទិន្នន័យមូលដ្ឋាននៃក្រសួងមហាផ្ទៃ។ ការធ្វើសមាហរណកម្មបែបនេះ ដើម្បីធានាបាននូវសុវត្ថិភាពឲ្យកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យពីសកម្មភាពក្លែងបន្លំផ្សេងៗ។ ធនាគារ វីង បានចូលជាសមាជិកថ្នាល CamDX ជាផ្លូវការនៅថ្ងៃ ២៦ ខែមេសា ឆ្នាំ២០២៣។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការក្លាយជាសមាជិកថ្នាល CamDX បានធ្វើឲ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានធនាគារនាំមុខគេមួយលើការធ្វើទំនើបកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងជំរុញបរិយាបន្នហិរញ្ញវត្ថុឲ្យកាន់តែប្រសើរ”។
លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ជាមួយនឹងការពង្រឹងសមត្ថភាពចំពោះការសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) យើងខ្ញុំមានការប្តេជ្ញាចិត្តដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជនយ៉ាងរលូន និងមានសុវត្ថិភាព ក៏ដូចជាបង្កើនទំនុក និងការជឿជាក់លើសេវាកម្មធនាគារឌីជីថលរបស់យើងខ្ញុំ”។
ប្រព័ន្ធបច្ចេកវិទ្យា e-KYC អាចជួយដល់ស្ថាប័ននានាងាយស្រួល ផ្ទៀងផ្ទាត់ឯកសារអតិថិជនជាលក្ខណៈឌីជីថល ដោយអាចធ្វើការផ្គូផ្គងឯកសារទាំងនោះជាមួយនឹងទិន្នន័យមូលដ្ឋានដែលមានសុពលភាព។ ការពង្រឹងសមត្ថភាពតាមរយៈការប្រើប្រាស់ e-KYC ដើម្បីធានាបានសុវត្ថិភាពឲ្យបានរឹងមាំគឺស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ របស់រដ្ឋាភិបាលកម្ពុជាដែលមានគោលដៅយ៉ាងសំខាន់ ជាពិសេសសម្រាប់ការអភិវឌ្ឍវិស័យធនាគារ។
កាលពីឆ្នាំ២០២២ ធនាគារជាតិ នៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកិច្ចសហការមួយដើម្បីលើកកម្ពស់ការប្រើបា្រស់ e-KYC នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តី ដោយថ្លែងថ្លា៖ “កន្លងទៅវិស័យឯកជន ពិសេសវិស័យធនាគារបានលើកសំណើមករាជរដ្ឋាភិបាល តាមរយៈវេទិការដ្ឋាភិបាលផ្នែកឯកជន ដើម្បីអាចផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនរបស់ខ្លួន តាមរយៈការតភ្ជាប់មកកាន់ទិន្នន័យរបស់រដ្ឋ”។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានបន្តថា៖ “តបតាមសំណើនេះក្រសួងសេដ្ឋកិច្ចក៏បានរៀបចំជាប្រព័ន្ធ e-KYC ឡើង ដើម្បីប្រើប្រាស់ជាយន្តការក្នុងការតភ្ជាប់ជាមួយព័ត៌មានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ”។
រដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យប្រើប្រាស់ថ្នាល CamDX ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២២ ដើម្បីធានាបាននូវការធ្វើកូដនីយកម្មទិន្នន័យ ការប្រើប្រាស់បច្ចេកវិទ្យាហត្ថលេខាឌីជីថល ក៏ដូចជាការធ្វើកំណត់ត្រាអេឡិចត្រូនិកនៃការផ្លាស់ប្តូរទិន្នន័យ អាចដំណើរការទៅដោយសុវត្ថិភាព សុចរិតភាព និងភាពត្រឹមត្រូវ។ ថ្នាល CamDx ទទួលបានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ២០២២ (Open Source Adaptation of the Year) ពីពានរង្វាន់អនាគតនៃរដ្ឋាភិបាល (Future of Government Awards) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន Amazon Web Services, អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងបណ្ដាញសកលសម្រាប់រដ្ឋាភិបាល Apolitical។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងឌីជីថលមើលឃើញថាថ្នាល CamDX មិនត្រឹមតែជាយន្តការសម្រាប់ការសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែក៏ជាថ្នាលជួយសម្រួលសម្រាប់ការចុះបញ្ជីអាជីវកម្មតាមបច្ចេកវិទ្យាព័ត៌មានដ៏សំខាន់ផងដែរ ដែលនឹងជួយបង្កើនបរិយាកាសទាក់ទាញសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕