ធនាគារ វីង ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយព្រះសង្ឃ ២០០ អង្គ
តុលា 23, 2023ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ វីង បានរៀបចំប្រគេនទេយ្យទានសម្រាប់ព្រះសង្ឃនៅខេត្តកំពង់ស្ពឺ។
ធនាគារ វីង បានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនាដ៏ល្អប្រពៃសម្រាប់ប្រជាជនកម្ពុជា តាមរយៈការបំពេញសកម្មភាពសប្បុរសធម៌ប្រកបដោយសេចក្តីជ្រះថ្លា។ ដើម្បីបង្ហាញនូវការគោរពយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់នេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ វីង បានប្រគេនគ្រឿងទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តមួយក្នុងខេត្តកំពង់ស្ពឺនាឱកាសដ៏ពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ។
កញ្ញា ហ៊ូ ស៊ីដានី ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មបុគ្គលិកនៃធនាគារ វីង បានឲ្យដឹងថា៖ «ការប្រគេនគ្រឿងទេយ្យទាននេះ គឺយើងខ្ញុំមានបំណងចង់ចូលរួមចំណែកសម្រាលបន្ទុកព្រះសង្ឃ ក៏ដូចជាបង្កើតសកម្មភាពជំរុញសាមគ្គីភាពដល់បុគ្គលិកតាមរយៈកិច្ចការសប្បុរសធម៌នានានៅក្នុងឱកាសពិសេសនេះ»។
វត្តមុនីរង្សីរតនារាម ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានព្រះសង្ឃចំនួនជាង ២០០អង្គ កំពុងគង់នៅស្នាក់អាស្រ័យ និងសិក្សាសាលាពុទ្ធិកអនុវិទ្យាល័យ។ បច្ចុប្បន្ននេះ វត្តនេះកំពុងជួបប្រទះការលំបាកក្នុងការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់នៅទីនោះ។
កញ្ញា ហ៊ូ ស៊ីដានី បានបន្ថែមថា៖ «ទោះបីជាការរួមចំណែករបស់យើងមានលក្ខណៈតិចតួចក៏ដោយ តែនេះជាការបំផុសគំនិតជំរុញឲ្យមានចូលរួមគាំទ្រដល់សហគមន៍របស់យើងបន្ថែមទៀត។ យើងរួមគ្នាធ្វើឲ្យសហគមន៍របស់យើងកាន់តែប្រសើរឡើង»។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ធនាគារ វីង មិនត្រឹមតែបានបង្កើតនូវសកម្មភាពជំរុញសាមគ្គីភាពដល់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរក្សានូវប្រពៃណីវប្បធម៌ និងសាសនាជាតិផងដែរ។ ថវិកាដែលបានចូលរួមពីបុគ្គលិកប្រមាណជាជាង ១៥.០០០.០០០ រៀល បានចាត់ចែងជា បច្ច័យ និងជាគ្រឿងឧបភោគបរិភោគដូចជា៖ អង្ករ ភេសជ្ជៈ មី ត្រីខ និង របស់របរប្រើប្រាស់ជាច្រើនទៀត ដើម្បីគាំទ្រដល់តម្រូវការប្រចាំថ្ងៃរបស់ព្រះសង្ឃ។
លោក គង់ សុខបាន បុគ្គលិកធនាគារ វីង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយបានជួបជុំនូវមិត្តរួមការងារជាច្រើន ធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ និងសុំក្តីសុខចម្រើនដល់ក្រុមគ្រួសារផងដែរ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាមួយដែលមានរយៈពេល ១៥ថ្ងៃ និងបានរួមចំណែកខាងផ្នែកវប្បធម៌យ៉ាងធំធេង ពោលគឺពុទ្ធសាសនិកខ្មែរបានអញ្ជើញទៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដោយជឿថា ពួកគេនឹងទទួលបាននូវសេចក្តីសុខចម្រើនទាំងអ្នកនៅរស់ និងអ្នកដែលបានចែកឋានទៅ។
ធនាគារ វីង បានខិតខំប្រឹងជំរុញនូវសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងបុគ្គលិក ដោយចាត់ទុកបុគ្គលិករបស់ខ្លួនជាសសរស្តម្ភសំខាន់របស់ស្ថាប័ន។ តាមរយៈការផ្តល់នូវវប្បធម៌ការងារជាវិជ្ជមាន និងផ្តល់លទ្ធភាពឲ្យបុគ្គលិកបន្តនូវក្តីប្រាថ្នាក្នុងអាជីពរបស់ពួកគេ ធនាគារ វីង បានទទួលពានរង្វាន់និយោជកឆ្នើមឆ្នាំ២០២៣ ជាពានរង្វាន់ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះបុគ្គលិករបស់ខ្លួន៕