ធនាគារ វីង គាំទ្រមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធអេកូឡូសុីធុរកិច្ចថ្មីនៅប្រទេសវៀតណាម
មិថុនា 2, 2024ដោយមានការគាំទ្រពីធនាគារ វីង ដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃជួយឱ្យមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ទទួលបានបទពិសោធន៍ និងកសាងទំនាក់ទំនងដ៏មានតម្លៃ ដែលនឹងជួយលើកកម្ពស់សហគមន៍ធុរកិច្ចថ្មីនៅកម្ពុជា។
ធនាគារ វីង (ខេមបូឌា) ម.ក បានគាំមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត) ក្នុងការរៀបចំដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងធ្វើការសិក្សាស្វែងយល់ពីសក្តានុពលនៃការរៀបចំប្រព័ន្ធអេកូឡូសុីធុរកិច្ចថ្មីនៅក្នុងប្រទេសនេះ។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ធនាគារ វីង ពិតជាមានមោទកភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមដូចជាដំណើរទស្សនកិច្ចតភ្ជាប់ប្រព័ន្ធអេកូឡូសុីធុរកិច្ចថ្មីរៀចំដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ទៅកាន់ប្រទេសវៀតណាម ដែលជួយបណ្តុះស្មារតីភាពជាសហគ្រិន និងបង្កើតបាននូវផលវិជ្ជមានយូរអង្វែងសម្រាប់សង្គមជាតិយើង។”
ដំណើរទស្សនកិច្ចដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ បានជួយសម្រួលគណៈប្រតិភូ ម.ធ.ត និងធនគារ វីង ទទួលបានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយស្ថាប័នពាក់ព័ន្ធជាច្រើននៅក្នុងប្រព័ន្ធអេកូឡូសុីធុរកិច្ចរបស់ប្រទេសវៀតណាម។ ស្ថាប័នទាំងនោះរួមមាន៖ ស្ថាប័នពន្លឿនអាជីវកម្ម Next Challenge Foundation, មជ្ឈមណ្ឌលនវានុវន្តន៍ជាតិ NIC, មជ្ឈមណ្ឌលគាំទ្រផ្នែកធុរកិច្ច BSSC, មជ្ឈមណ្ឌលនវានុវន្តន៍ Sunwah, ក្រុមហ៊ុនផ្តល់ប្រភពទុន ThinkZone, ស្ថាប័នពន្លឿនអាជីវកម្ម Zone Startup និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
កញ្ញា ញួង សុធាវី តំណាងពីធនាគារ វីង ដែលបានចូលរួមដំណើរទស្សនកិច្ចនេះបានលើកឡើងថា៖ “ការកសាងទំនាក់ទំនងនេះបានផ្តល់ឱកាសដល់យើងខ្ញុំនូវការយល់ដឹងដ៏មានតម្លៃ ក្នុងការស្វែងយល់ពីបរិយាកាសនៃការរៀបចំធុរកិច្ចថ្មីនៅក្នុងប្រទេសវៀតណាម។”
តំណាងធនគារ វីង មួយរូបទៀតគឺលោក យ៉ាត់ សុវណ្ណាលាង បានចែករំលែកការយល់ឃើញស្រដៀងគ្នានេះ។ លោកបានលើកឡើងថា៖ “ដំណើរទស្សនកិច្ចនេះបានជួយពង្រីកទស្សនវិស័យរបស់យើងធំជាងមុន ក្រោយពីបានស្វែងយល់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់ប្រទេសវៀតណាម ហើយថែមទាំងផ្តល់ឱកាសកសាងបណ្តាញទំនាក់ទំនងដ៏មានសារៈសំខាន់ទៀតផង។”
ក្នុងកំឡុងនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានចូលរួមទស្សនាកម្មវិធីពិព័រណ៍បចេ្ចកវិទ្យាអាស៊ីរៀបចំឡើងនៅក្នុងទីក្រុងសាយហ្គន ដោយមានធុរកិច្ចថ្មីជាច្រើនរបស់វៀតណាមបានដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មនវានុវត្តន៍របស់ខ្លួន។ ការចូលរួមនេះ អនុញ្ញាតឱ្យគណៈប្រតិភូ ម.ធ.ត និងធនាគារ វីង អាចឃើញដោយផ្ទាល់នូវភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលជួយជំរុញភាពរីកចម្រើនធុរកចិ្ចថ្មីរបស់វៀតណាម។
លោក សុខ ណាំ ប្រធានគ្រប់គ្រងប្រតិបត្តិការផ្នែកធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជា” បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបាននាំយកនូវចំណុចសំខាន់ៗ ហើយអនុវត្តចំណុចដែលបានស្វែងយល់ទាំងនោះដើម្បីរួមចំណែកជំរុញប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាកាន់តែប្រសើរបន្ថែមទៀត។”
ធនាគារ វីង បានបង្ហាញភាពជាដៃគូគាំទ្រឥតងាករេទៅដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងសហគ្រិនភាព។ ក្នុងនាមជាស្ថាប័នចូលរួមចំណែកក្នុងសង្គមយ៉ាងសកម្មមួយ ធនាគារ វីង បានក្លាយជាដៃគូទុកចិត្តទុកមួយរបស់ ម.ធ.ត ដោយបានចូលរួមគាំទ្រកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស២០២១, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល២០២១, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល២០២២ និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ ឆ្នាំ២០២៣។
បន្ថែមពីលើការឧបត្ថម្ភទៅលើហិរញ្ញវត្ថុ ធនាគារ វីង ក៏តែងតែចូលរួមជាគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខជនជ័យលាភីផងដែរ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការជំរុញនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងសហគមន៍។
លោក សុខ ណាំ បានបន្តថា៖ “មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហការជាមួយធនាគារ វីង សម្រាប់ទស្សនកិច្ចនេះ។ ទាំងចំណេះដឹង និងទំនាក់ទំនងដែលយើងទទួលបាន នឹងរួមចំណែកដល់ភាពរីកលូតលាស់ និងវឌ្ឍនភាពចំពោះសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។”
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែករបស់ធនាគារ វីង ក្នុងការគាំទ្រ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។ តាមរយៈការកសាងទំនាក់ទំនងជាមួយតួរអង្គអេកូឡូស៊ីធុរកិច្ចថ្មីសំខាន់ៗនៅក្នុងប្រទេសវៀតណាម ធនាគារ វីង និង ម.ធ.ត មានគោលបំណងប្រើប្រាស់នូវចំណងទំនាក់ទំនងដ៏សំខាន់នេះដើម្បីជាប្រយោជន៍សម្រាប់ធុរកិច្ចថ្មីនៅកម្ពុជា ដោយជួយឱ្យពួកគេទទួលបានចំណេះដឹង និងធនធានចាំបាច់នានាក្នុងការពង្រីក ហើយអាចរីកលូតលាស់ដោយជោគជ័យ៕