ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ

មករា 27, 2025

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ​មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។

អតិថិជន​ដែល​ឈ្នះរង្វាន់ធំ​​រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែល​ជា​ប្រជាជន​រស់នៅក្នុងរាជធានីភ្នំពេញហើយ​បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។​ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើប​ទទួលបាននូវរង្វាន់ដុំមាស​នេះ។ លោក ពិសិដ្ឋ ព្រមទាំ​ង​អតិថិជន​​ជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែល​ទើប​តែ​បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ​។

លោក ពិសិដ្ឋ បានលើកឡើងថា៖ “ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ វីង រយៈពេលជាង ១០ឆ្នាំ ហើយយល់ឃើញថា​សេវាកម្មរបស់​ធនាគារនេះ​ពិតជា​មាន​ភាពងាយស្រួល និងគួរជាទី​ទុកចិត្ត​បាន​។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង គឺ​ជា​កម្មវិធីមួយគួរជាទីចាប់អារម្មណ៍​បំផុត​  ហើយការឈ្នះដុំមាសនេះប្រៀប​ដូចជា​​ការលើក​ទឹកចិត្ត​ចំពោះ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ជា​ប្រចាំផងដែរ​។​ នេះ​គឺជា​​បទពិសោធគួរ​ឱ្យ​ចងចាំមួយដែលបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ខ្ញុំ​ចំពោះធនាគារ វីង។”

លោក ពិសិដ្ឋ ដែល​ប្រើប្រាស់សេវា​របស់​ធនាគារ វីង ជា​ប្រចាំ​មិនថា​ជា​ការវេរលុយទៅក្រុមគ្រួសារនៅស្រុកកំណើត ឬក៏​ការ​ទូទាត់វិក្កយបត្រទឹក-ភ្លើងជាដើមនោះ​ បានចាប់អារម្មណ៍​ចូលរួមប្រកួតនេះ​ ដោយ​សារតែ​បាន​ឃើញ​អ្នក​ឈ្នះ​ដុំមាសរ​ដូវកាលមុនកាលពី​ខែតុលា ឆ្នាំ២០២៤ ​។

ដោយសារតែ​ចង់​ឈ្នះរង្វាន់​ដុំមាស​  លោក ពិសិដ្ឋ បានខិតខំរកវីងភ័ញឱ្យ​បាន​គ្រប់​ចំនួន​មុនគេ តាម​រយៈ​ការទូទាត់ជាមួយអេប Wing Bank ជារៀងរាល់ថ្ងៃ មិន​ថាជា​ការ​ទិញ​ម្ហូប​អាហារឱ្យគ្រួសារ ឬក៏​ការកុម្ម៉ង់តាម​ Wingmall នោះឡើយ​។

កម្មវិធីប្រកួតយកដុំមាសនេះត្រូវបានបង្កើតឡើង ដើម្បី​ណែនំា​​អំពី​កម្មវិធីលើក​​ទឹកចិត្ត​​អតិថិជន​របស់​ធនាគារ វីង ក៏ដូចជា​ជំរុញ​​​ការប្រើប្រាស់អេប Wing Bank ឱ្យបានកាន់តែច្រើនឡើង ដោយតម្រូវឱ្យអ្នកប្រើប្រាស់រកឱ្យបាននូវវីងភ័ញចំនួន ១៥.០០០ មុនគេ​ដើម្បីឈ្នះរង្វាន់ដុំមាសកន្លះគីឡូ។ អតិថិជន​អាច​ប្រមូលបាន​វីងភ័ញ​តាម​វិធី​ជាច្រើន​ដូចជា៖​​ការទូតទាត់តាម​ វីង KHQR ការប្រើប្រាស់​ Wingmall និងអេប​​ Wing Bank ជាដើម។​

វីងភ័ញក៏​អាច​ប្តូរយក​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​ជាង ១០០.០០០ ផលិតផលដែលមាន​នៅលើអេប Wingmall រួមមាន៖ គ្រឿងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។

លោក Avinash David Bannerjee     នាយកផ្នែកគ្រប់គ្រងគុណតម្លៃអតិថិជន នៃធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការកសាងអនាគតមួយដែលការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល​មិនគ្រាន់តែងាយស្រួលប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងទទួលបាន​ការ​លើក​ទឹកចិត្ត​ទៀតផង​។ ហើយកម្មវិធីប្រកួតយកដុំមាសនេះទៀតសោត​ គឺបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់យើង ដែលរាល់ប្រតិបត្តិការទូទាត់នីមួយៗនឹងរួមចំណែកដល់កំណើនហិរញ្ញវត្ថុអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាព។”

ស្របពេលដែលប្រទេសកម្ពុជាកំពុងតែសម្របខ្លួនទៅនឹងគន្លងសេដ្ឋកិច្ចជំរុញដោយបច្ចេកវិទ្យាឌីជីថល ធនាគារ វីង នៅតែបន្តនាំមុខគេក្នុង​ការ​ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់អតិថិជនទាំងអស់។

លោក Avinash David Bannerjee បានបន្ថែមទៀតថា៖ “យើងខ្ញុំពិតជាមានមោទនភាពក្នុង​នាម​ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តនានា ក៏ដូចជាភាពនាំមុខគេ​ក្នុង​ការលើកកម្ពស់ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់នៅទូទាំងប្រទេសកម្ពុជា។”

ធនាគារ វីង នៅតែបន្តខិតខំ​រក​នូវ​មធ្យោបាយនានា​ដើម្បី​ឱ្យ​អិតិថិជន​អាចប្រើប្រាស់នូវ​សេវា​ហិរញ្ញវត្ថុតាមប្រព័​ន្ធឌីជីថល​ តាមរយៈ​ការ​ជំរុញ​ទិដ្ឋភាពហិរញ្ញវត្ថុ​ដែល​គាំទ្រដោយ​បច្ចេកវិទ្យា ​និង​ប្រកបដោយ​បរិយាបន្ន​នៅក្នុង​ប្រទេសកម្ពុជា៕