ធនាគារ វីង ទទួលពានរង្វាន់ជានិយោជកឆ្នើមរយៈពេល៣ឆ្នាំជាប់ៗគ្នា

កញ្ញា 25, 2023

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនទៅដល់បុគ្គលិក ត្រូវបានផ្តល់ពានរង្វាន់ជានិយោជកឆ្នើមរយៈពេល៣ឆ្នំាជាប់ៗគ្នា។

 

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានទទួលកិត្តិយសជាថ្មីម្តងទៀតក្នុងនាមជានិយោជកឆ្នើមឆ្នាំ២០២៣ ជាពានរង្វាន់ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ដែលសមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការរក្សាការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ចំពោះការគាំទ្រទៅដល់បុគ្គលិក។

ពានរង្វាន់ដ៏មានកិត្យានុភាពនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីនៃការប្រគល់ពានរង្វាន់ម៉ាកយីហោនិយោជកឆ្នើមនៅក្នុងតំបន់អាស៊ីប្រចាំឆ្នាំ ២០២៣ លើកទី១៤ ដែលត្រូវបានរៀបចំធ្វើឡើងកាលពីខែសីហានៅក្នុងប្រទេសសិង្ហបុរី។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “នៅធនាគារ វីង យើងតែងតែជំរុញឲ្យមានវប្បធម៌មួយដែលផ្តល់តម្លៃដល់ការរួមចំណែករបស់បុគ្គលិកគ្រប់ៗរូប និងផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីភាពរីកចម្រើនរបស់ពួកគេ។ បុគ្គលិកទាំងអស់គឺជាកម្លាំងចលករនៅពីក្រោយភាពជោគជ័យរបស់ធនាគារ វីង ហើយការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ពួកគេប្រកបដោយវិជ្ជាជីវៈ បានធ្វើឲ្យធនាគារវីង ត្រូវបានទទួលស្គាល់ជាថ្មីក្នុងនាមជានិយោជកឆ្នើមរយៈពេលបីឆ្នាំជាបន្តបន្ទាប់នេះ។”

ពានរង្វាន់ម៉ាកយីហោនិយោជកឆ្នើមនៅក្នុងតំបន់អាស៊ី ដែលរៀបចំដោយវិទ្យាស្ថានម៉ាកយីហោនិយោជកឆ្នើម (Employer Branding Institute) មហាសន្និបាតអន្តរជាតិផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស (World HRD Congress)  Star of the Industry Group បានរៀបចំពិធីប្រគល់ពានរង្វាន់ទៅដល់ស្ថាប័ននានា ដែលបានអនុវត្តយ៉ាងល្អសម្រាប់ម៉ាកយីហោនិយោជក តាមរយៈការរៀបចំយុទ្ធស្ត្រគ្រប់គ្រងជំនាញដ៏មានប្រសិទ្ធភាព ការអភិវឌ្ឍ និងនវានុវត្តន៍។

ការយកចិត្តទុកដាក់របស់ធនាគារ វីង ចំពោះការអភិវឌ្ឍបុគ្គលិកត្រូវបានបង្ហាញឲ្យឃើញតាមរយៈគំនិតផ្តួចផ្តើម និងកម្មវិធីផ្សេងៗគ្នាជាច្រើន។ ក្នុងចំណោមនោះរួមមាន៖ កម្មវិធី “Wing Competency Model” ដែលផ្តល់នូវជំនាញ និងចំណេះដឹងសំខាន់ៗទៅដល់បុគ្គលិក។ ធនាគារនេះក៏បានវិនិយោគពេលវេលាជាង ២.៣៧១ម៉ោង ក្នុងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញទៅដល់បុគ្គលិកទាំងអស់ដើម្បីធានាបាននូវការបង្កើតបរិយាកាសគាំទ្រក្នុងការសិក្សាពង្រឹងសមត្ថភាព។ បន្ថែមលើនេះ បុគ្គលិកទាំងអស់ក៏ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសិក្សាតាមរយៈLinkedIn Learning ហើយបញ្ចប់វគ្គសិក្សា ៤០៨ វគ្គដោយជោគជ័យ ក្នុងការពង្រឹងសមត្ថភាពដើម្បីផ្តល់សេវាកម្មទៅដល់អតិថិជនឲ្យកាន់តែប្រសើរឡើង។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារ វីង   បានគូសបញ្ជាក់ពីការបេ្តជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយលើកឡើងថា៖ “យើងបានវិនិយោគលើកម្មវិធីបណ្តុះបណ្តាលយ៉ាងសម្បូរបែប និងផ្តល់ឱកាសសិក្សាជាបន្តបន្ទាប់ដើម្បីជួយដល់ក្រុមការងាររបស់យើងឲ្យកាន់តែមានភាពស្ទាត់ជំនាញនៅក្នុងតួនាទី ក៏ដូចជាជំរុញភាពរីកលូតលាស់នៃអាជីពការងាររបស់ពួកគេឲ្យកាន់តែប្រសើរ។”

លោក សៀងហៃ បានបន្តថា៖ “យើងផ្តល់អាទិភាពដល់ការទំនាក់ទំនងដោយបើកចំហ និងបង្កើតបរិយាកាសគាំទ្រ ដែលរាល់មតិរបស់បុគ្គលិកទាំងអស់ត្រូវបានយកមកពិចារណា។ ដូច្នេះហើយ ពានរង្វាន់នេះបង្ហាញពីគោលជំហរប្តេជ្ញាចិត្តរបស់យើងដើម្បីប្រាកដថា បុគ្គលិករបស់យើងទទួលបានការផ្តល់តម្លៃ ការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញលេញ។”

ជាមួយគ្នានេះ កម្មវិធីលិខិតឆ្លងដែនវិជ្ជាជីវៈសម្រាប់បុគ្គលិក (Employee Passport Program) ផ្តល់ជូនការអភិវឌ្ឍសមត្ថភាពជាច្រើនផងដែរ ដូចជាកម្មវិធីតម្រង់ទិសដៅបុគ្គលិកថ្មី (NEO) ដែលមានរួមមាន៖ ចំណេះដឹងពាក់ព័ន្ធនឹងផលិតផល វគ្គសិក្សាអំពីជំនាញទន់ ជំនាញកុំព្យូទ័រ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មជាដើម។ គិតមកទល់ពេលបច្ចុប្បន្ន កម្មវិធីNEO បានផ្តល់កម្មវិធីបណ្តុះបណ្តាលជាង ៤០ វគ្គទៅដល់បុគ្គលិកថ្មី។

បន្ថែមលើកនេះ ធនាគារ វីង តែងយកចិត្តទុកដាក់ជាញឹកញាប់ចំពោះសុខុមាលភាពបុគ្គលិក និងការចូលរួមចំណែក ជួយសង្គម។ តួយ៉ាង ក្នុងឱកាសអបអរសាទរទិវាក្តីស្រលាញ់កាលពីឆ្នាំមុន បុគ្គលិកធនាគារ វីង បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការជួយដល់ប្រជាជនដែលមានតម្រូវការចាំបាច់។ ជាមួយគ្នានេះ ធនាគារ វីង ក៏បានរៀបចំ ពិព័រណ៍សុខភាព ដែលអនុញ្ញាតដល់បុគ្គលិកអាចចូលរួមកម្មវិធីថែទាំសុខភាពជាច្រើនដែលរួមមាន៖ ការពិនិត្យសុខភាព ពិគ្រោះយោបល់ និងចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាពទូទៅទៅដល់បុគ្គលិកផងដែរ។

បេសកកម្មរបស់ធនាគារ វីង គឺការផ្តល់តម្លៃទៅដល់បុគ្គលិកដោយចាត់ទុកពួកគេជាសសរស្តម្ភក្នុងការរួមដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួនដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុចំាបាច់ទៅដល់ប្រជាជនកម្ពុជាជាមួយនឹងតម្លៃសមរម្យ និងសុវត្ថិភាព ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅឲ្យបានកាន់តែប្រសើរ។ បច្ចុប្បន្នធនាគារ វីង កំពុងប្រតិបត្តិការជាមួយការិយាល័យចំនួន ១៧ទីតាំង រួមជាមួយនឹងបណ្តាញវីងយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ដោយបានបង្កើតឱកាសការងារដល់បុគ្គលិកជាង ២៥០០នាក់៕