ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញបេក្ខជនជ័យលាភីពីកម្មវិធី Turing Hackathon រដូវកាលទី ៦
មេសា 26, 2024ដោយមានការគាំទ្រពីធនាគារ វីង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបិទបញ្ចប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Turing Hackathon រដូវកាលទី ៦ ដោយជោគជ័យក្នុងការបំផុសនវានុវត្តន៍ឌីជីថលក្នុងចំណោមយុវជន។
កម្មវិធី Turing Hackathon រដូវកាលទី ៦ ដែលមានការចូលរួមគាំទ្រដោយធនាគារ វីង (ខេមបូឌា) ម.ក បានរកឃើញសហគ្រិនជ័យលាភីចំនួន ៥ក្រុម ដែលមានគំនិតទាក់ទងនឹងបច្ចេកវិទ្យានវានុវត្តន៍ ក្នុងគោលបំណងដោះស្រាយបញ្ហានានានៅក្នុងសង្គម។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការចូលរួមរបស់យុវជនក្នុងការប្រកួតប្រជែងពីគំនិតច្នៃប្រឌិតបែបនេះ មិនត្រឹមតែឈ្នះរង្វាន់ប៉ុណ្ណោះទេ តែជាឱកាសដ៏មានតម្លៃក្នុងការបណ្តុះផ្នត់គំនិតសហគ្រិនភាពសម្រាប់ធនធានអនាគតរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍នៃការប្រកួតប្រជែងនេះ យុវជនអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមកើតមាននៅក្នុងសហគមន៍ ហើយប្រើប្រាស់ចំណេះដឹងបច្ចេកទេសរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព ដែលអាចផ្តល់ផលវិជ្ជមានដល់សង្គមផងដែរ។
រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” កម្មវិធី Turing Hackathon រដូវកាលពីទី ៦ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំនវានុវត្តជនដែលមានភាពច្នៃប្រឌិតក្នុងការស្វែងរកដំណោះស្រាយ ហើយអភិវឌ្ឍគំនិតអាជីវកម្មនោះឱ្យទៅជាផលិតផលសមស្របក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គម។ កម្មវិធីនេះក៏មានគោលបំណង ក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយទៅដល់នវានុវត្តជនជំនាន់ក្រោយ ដើម្បីក្លាយខ្លួនជាអ្នកដោះស្រាយបញ្ហាតាមរយៈភាពជាសហគ្រិន និងការប្រើប្រាស់បច្ចេកវិទ្យា។
មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៨ មានគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ កម្មវិធី Turning Hackathon គឺជាកម្មវិធីមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ដែលប្រមូលផ្តុំនវានុវត្តជនដែលមានគំនិតច្នៃប្រឌិតបង្កើតដំណោះស្រាយដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម។
អ្នកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្ហាញពីចំណាប់អារម្មណ៍ពីការកើនឡើងនៃចំនួនយុវជនវ័យក្មេងដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះជារៀងរាល់ឆ្នាំដោយបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការរួមចំណែកការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ក្រោយពីបើកទទួលពាក្យរយៈពេល ៣សប្តាហ៍ កម្មវិធី Turing Hackathon រដូវកាលទី ៦ ទទួលការដាក់ពាក្យចំនួន ១១៥សំណើ ដែលក្នុងនោះមានបេក្ខជនជាក្រុមចំនួន ៨៣ និងបេក្ខជនទោលចំនួន ៣២រូប។ ក្នុងចំណោមនោះ មានបេក្ខជនតែ ១២ ក្រុមប៉ុណ្ណោះដែលមានសិទ្ធឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។
ក្នុងនោះ ក្រុម The Sleep-Deprived Squad ទទួលបានជ័យលាភីលេខ១ ជាមួយនឹងប្រាក់រង្វាន់ ៤លានរៀល ពីគំនិតបង្កើតហ្គេមផ្តល់ចំណេះដឹងហិរញ្ញវត្ថុ។ ជ័យលាភីលេខ២ បានទៅលើក្រុម Buttercup ជាមួយនឹងប្រាក់រង្វាន់៣លានរៀល ពីការង្កើតដំណោះស្រាយជួយសម្រួលអ្នកលក់អនឡាញក្នុងកត់ត្រា Comment អតិថិជនដោយស្វ័យប្រវត្តិនៅពេលផ្សាយផ្ទាល់លក់ផលិតផលតាមបណ្តាញសង្គម Facebook។ ចំណែកក្រុម Stylend ទទួលបានជ័យលាភីលេខ៣ ជាមួយនឹងទឹកប្រាក់ ២លានរៀល ពីការបង្កើត APP ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជួលសម្លៀកបំពាក់ទាន់សម័យសម្បូរបែប ហើយក៏ងាយស្រួលស្វែងរកអ្នកច្នៃម៉ូតសម្លៀកបំពាក់ជាច្រើននៅលើ APP នេះផងដែរ។
ក្រៅពីនេះ កម្មវិធីក៏សម្រេចផ្តល់រង្វាន់លើកទឹកចិត្តទៅដល់ក្រុម Rokpet និងក្រុម Kasekortech ដោយទទួលបានប្រាក់រង្វាន់១លានរៀលក្នុងមួយក្រុម ពីគំនិតបង្កើតជំនួយផ្នែកវេជ្ជសាស្រ្ត និងការបង្កើតដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការកម្ចាត់សត្វល្អិតសម្រាប់កសិដ្ឋានដំណាំស្វាយចន្ទី។
ធនាគារ វីង ដែលជាស្ថាប័នចូលរួមចំណែកក្នុងសង្គមយ៉ាងសកម្មមួយ បានបង្ហាញភាពជាដៃគូគាំទ្រដ៏សំខាន់ទៅដល់មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ជាមួយនឹងការគាំទ្រកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស២០២១, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល២០២១, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល២០២២ និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២ ២០២៣។ បន្ថែមពីលើការឧបត្ថម្ភហិរញ្ញវត្ថុ ធនាគារ វីង ក៏តែងតែចូលរួមជាគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខជនជ័យលាភីផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការជំរុញនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងសហគមន៍។
អាជីវកម្មដែលដំណើរការដោយបច្ចេកវិទ្យា និងឌីជីថលនៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានប្រមាណ ៤៧០លានដុល្លារ កាលពីឆ្នាំ២០១៩ ដែលជំរុញដោយកំណើនទូទាត់មិនប្រើសាច់ប្រាក់ និងការប្រើប្រាស់បចេ្ចកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមគ្នានេះ ចំនួនប្រជាជនវ័យក្មេងមានចំណែកដល់ទៅជាង ៣៦ ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប ដែលជំរុញឱ្យមានវិសាលភាពកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងវឌ្ឍនភាពសេដ្ឋកិច្ច៕