ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាទៅដល់យុវជនឥគគិតថ្លៃ
មីនា 14, 2024ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់មូលនិធិសរុបជិត ៨០.០០០ ដុល្លារអាមេរិក ប្រគល់ជូនទៅដល់សាលាសប្បាយកូដ ឯ.ក និងសាលាបច្ចេកវិទ្យា អាឌីទី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបច្ចេកវិទ្យាទៅដល់យុវជនកម្ពុជា។
ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិអភិវឌ្ឍន៍ជំនាញ បានរួមសហការដើម្បីជួយជ្រោមជ្រែងទៅដល់យុវជនកម្ពុជាទទួលបាននូវជំនាញបច្ចេកវិទ្យា ដែលមានការចូលរួមគាំទ្របណ្តុះបណ្តាលដោយសាលាសប្បាយកូដ និងសាលាបច្ចេកវិទ្យាអាឌីទី។
ធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់មូលនិធិរួមគ្នាក្នុងទំហំទឹកប្រាក់សរុបជិត ៨០.០០០ ដុល្លារអាមេរិក ដើម្បីជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់សិស្ស-និស្សិតដែលខ្វះលទ្ធភាព ទទួលបានឱកាសសិក្សាអប់រំផ្នែកបច្ចេកវិទ្យាជាមួយ សាលាសប្បាយកូដ និងសាលាបច្ចេកវិទ្យាអាឌីទី។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលចូលរួមជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយទៅដល់យុវជនកម្ពុជាទទួលបាននូវជំនាញបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ពួកគេឱ្យស្របតាមបរិបថនៃកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ តាមរយៈការវិនិយោគលើការសិក្សាអប់រំផ្នែកបច្ចេកវិទ្យា យើងមិនត្រឹមតែជួយជ្រោមជ្រែងការអប់រំរបស់ពួកគេប៉ុណ្ណោះទេ តែគឺជាកិច្ចការដែលយើងចូលរួមបង្កើតជំនាញប៉ិនប្រសព្វដើម្បីជំរុញសន្ទុះកំណើនវិស័យបច្ចេកវិទ្យានៅកម្ពុជាផងដែរ។”
គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តលើគម្រោងបណ្តុះបណ្តាលជាច្រើនចាប់តាំងពីអង្គភាពនេះត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៨ ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក គី សុខគីម នាយកប្រតិបត្តិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងថា៖ “កិច្ចសហការនេះផ្តល់ឱកាសស្មើៗគ្នាសម្រាប់យុវជនកម្ពុជាទាំងអស់ ដោយមិនគិតពីកម្រិតជីវភាពរបស់ពួកគេឡើយ។ ការជួយឱ្យយុវជនទទួលបានជំនាញបច្ចេកវិទ្យា ប្រៀបដូចជាយើងកំពុងចូលរួមកសាងអភិវឌ្ឍមាតុភូមិរបស់យើងយ៉ាងដូច្នេះដែរ។ យើងខ្ញុំសូមលើកទឹកចិត្តទៅដល់បណ្តាក្រុមហ៊ុនធំៗដូចជា ធនាគារ វីង និងវិស័យឯកជនផ្សេងៗទៀត បន្តនូវកិច្ចខិតខំប្រឹងប្រែង និងជំរុញឱ្យមានកិច្ចសហការបែបនេះកើតឡើង។ យើងខ្ញុំជឿជាក់ថា មានតែការធ្វើការរួមគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងធនធានជំនាញសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។”
សាលាសប្បាយកូដ ផ្តល់ជូននូវវគ្គសិក្សាបច្ចេកវិទ្យាផ្សេងៗជាច្រើន រួមទាំងជំនាញអភិវឌ្ឍន៍គេហទំព័រ (Full Stack Web Development Bootcamp) ដែលជាវគ្គសិក្សាគោលដៅគាំទ្រដោយគំនិតផ្តួចផ្តើមឡើងនៃកិច្ចសហការនេះ។ វគ្គបណ្តុះបណ្តាលនេះនឹងជួយទៅដល់សិស្ស-និស្សិត ទទួលបាននូវជំនាញចាំបាច់ ដើម្បីជួយទៅដល់ពួកគេឱ្យក្លាយជាអ្នកជំនាញអភិវឌ្ឍន៍ ដែលជាការបើកផ្លូវទទួលបានឱកាសការងារជាមួយធនាគារ វីង បន្ទាប់ពីការសិក្សាដោយជោគជ័យ។
លោក ស៊ុំ សារឿន នាយក និងប្រធានក្រុមប្រឹក្សាភិបាល សាលាសប្បាយកូដ បានលើកឡើងថា៖ “ចំពោះសាលាសប្បាយកូដ យើងយកចិត្តទុកដាក់លើការបង្កើតនូវរបៀបនៃការបណ្តុះបណ្តាល ជួយទៅដល់សិស្សមានជំនាញបច្ចេកវិទ្យាតបតាមតម្រូវការទីផ្សារ។ ជាមួយនឹងការគាំទ្រពីធនាគារ វីង និងមូលនិធិអភិវឌ្ឍន៍ជំនាញ យើងអាចបង្កើតគុណភាពអប់រំផ្នែកបច្ចេកវិទ្យាបានកាន់តែច្រើនសម្រាប់តម្រូវការទីផ្សារ ដើម្បីរួមចំណែកក្នុងការចាប់យកបរិវត្តកម្មឌីជីថលនៅកម្ពុជា។”
ជាផ្នែកមួយនៃការគាំទ្រគំនិតផ្តួចផ្តើមនេះ សិក្ខាកាមដែលបញ្ចប់ការសិក្សាដោយជោគជ័យពីវគ្គបណ្តុះបណ្តាលនឹងអាចមានឱកាសការងារជាមួយធនាគារ វីង ដែលជាការជួយត្រួសត្រាយផ្លូវសម្រាប់យុវជនកម្ពុជាចូលប្រឡូកក្នុងវិស័យការងារដើម្បីទទួលបានជំនាញ និងបទពិសោធន៍ដែលចាំបាច់។
សាលាបច្ចេកវិទ្យាអាឌីទី គឺជាបណ្តុំអេកូឡូស៊ីមួយនៃការធ្វើបរិវត្តកម្មឌីជីថល ការអប់រំ ក៏ដូចជាលើកកម្ពស់ចំណេះដឹងបច្ចេកវិទ្យាទៅដល់ស្រ្តី និងនារីវ័យក្មេង។ ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំលើការបណ្តុះបណ្តាលការអប់រំផ្នែកបច្ចេកវិទ្យា និងបានបណ្តុះបណ្តាលនារីវ័យក្មេងជាង ៥.០០០ នាក់ លើជំនាញបច្ចេកវិទ្យា និងសហគ្រិនភាព ព្រមទាំងជំនាញវិស្វករបច្ចេកវិទ្យាប្រមាណ ១.០០០ នាក់ និងអ្នកជំនាញ ៥០០០ នាក់ រួមទាំងបុគ្គលិករដ្ឋាភិបាល និងក្រុមហ៊ុនផងដែរ។
លោកស្រី ហ៊ាង អូមួយ នាយកប្រតិបត្តិនៃសាលាបច្ចេកវិទ្យា អាឌីទី៖ “សាលាបច្ចេកវិទ្យាអាឌីទី មានសេចក្តីរីករាយដែលបានរួមចំណែកជាមួយគំនិតផ្តួចផ្តើមនេះ ដែលស្របតាមបេសកកម្មនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងកម្ពុជា ជាប្រទេសមួយពោរពេញដោយធនធានបចេ្ចកវិទ្យាមួយនៅក្នុងតំបន់ ដោយផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ជំនាញរឹង, ជំនាញចិត្តសាស្រ្ត និងជំនាញផ្តោតលើលក្ខណៈសម្បត្តិជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វ។ យើងមានគោលបំណងបង្កើតមជ្ឈមណ្ឌលជំនាញបច្ចេកវិទ្យាកម្ពុជានៅក្នុងតំបន់អាស៊ី”។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDIR) ចេញផ្សាយកាលពីចុងឆ្នាំ ២០២១ ដោយផ្តោតលើការស្រាវជ្រាវពីតម្រូវការជំនាញឌីជីថលនៅក្នុងប្រទេសកម្ពុជាបានព្យាករណ៍ថា ទីផ្សារការងារទាក់ទងនឹងបច្ចេកវិទ្យាមានអត្រាកំណើន ៣០ ភាគរយ ក្នុងមួយឆ្នាំ ដែលជំនាញទាំងនោះផ្តោតលើ ផ្នែកអភិវឌ្ឍន៍សហ្វែ ទីផ្សារតាមប្រព័ន្ធអ៊ិនធឺណិត និងជំនាញអភិវឌ្ឍន៍គេហទំព័រ៕