ធនាគារ វីង និងក្រុមហ៊ុនព្រូដិនសល ចុះអនុស្សរណៈយោគយល់ លើការសិក្សាស្វែងយល់ជាដៃគូសហប្រតិបត្តិការអាជីវកម្ម ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា
ឧសភា 12, 2023ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាគ្រឹះស្ថានធនាគារពាណិជ្ជ រីកលូតលាស់យ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពជាដៃគូសហប្រតិបត្តិការអាជីវកម្ម។
ការចុះកិច្ចសហការរវាង ធនាគារ វីង និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា នាពេលនេះ មានការរំពឹងទុកថា នឹងផ្តល់នូវគុណតម្លៃ និងឥទ្ធិពលដ៏សំខាន់ចំពោះវិស័យហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងជួយសម្រួលដល់អនាគតហិរញ្ញវត្ថុដ៏ល្អសម្រាប់ប្រទេសជាតិ ក៏ដូចជាជួយប្រជាជនកម្ពុជា ឲ្យទទួលបាននូវអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត។
ពិធីចុះ MoU នេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ចើញចូលរួមជាអធិបតីពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក Paul Lynch នាយកទំនាក់ទំនងស្ថាប័នរដ្ឋ នៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី។ ពិធីចុះ MoU នេះ ត្រូវបានចុះហត្ថលេខាដោយលោក លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា។
ការរួមចំណែកអភិវឌ្ឍន៍ដើម្បីសម្រេចគោលដៅលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា
និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានដាក់គោលដៅដើម្បីបង្កើនអត្រានៃការអភិវឌ្ឍវិស័យធានារ៉ាប់រងដើម្បីឲ្យកើនដល់ ៥.៥ ភាគរយ និងបង្កើនដង់ស៊ីតេឧស្សាហកម្មធានារ៉ាប់រងដល់ ១៣៥ ដុល្លារ នៅត្រឹមឆ្នាំ ២០៣០។ ភាពជាដៃគូរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារ វីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់គោលដៅជាតិដែលបានកំណត់។
លោក Paul Lynch នាយកទំនាក់ទំនងស្ថាប័នរដ្ឋ នៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី បានលើកឡើងថា កិច្ចសហការនាពេលនេះពិតជាមានសារៈសំខាន់ ដោយស្របតាមចក្ខុវិស័យរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការលើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុ។
លោក Paul Lynch បានថ្លែងថា៖ “ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់យើងក្នុងការការពារហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់ នឹងត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈការសិក្សាជាដៃគូសហប្រតិបត្តិការអាជីវកម្ម រវាងស្ថាប័នទាំងពីរនាពេលនេះ។ យើងមានបំណងច្របាច់បញ្ចូលគ្នានៃវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រង ទោះបីប្រជាជនកម្ពុជារស់នៅ និងប្រកបកិច្ចការនៅទីណាក៏ដោយ។”
ភាពជាដៃគូនេះកើតឡើងបន្ទាប់ពីភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ បានគូសបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ព្រូដិនសល ចំពោះការរួមចំណែកដល់បរិយាប័ន្នហិរញ្ញវត្ថុ និងធ្វើឲ្យសេវ៉ាធានារ៉ាប់រងកាន់តែងាយស្រួល ព្រមទាំងមានតម្លៃសមរម្យសម្រាប់គ្រួសារ និងសហគមន៍នៅកម្ពុជា។
ការរួមបញ្ជូលគ្នារវាង ផលិតផល និងថ្នាលឌីជីថល
កិច្ចសហការជាយុទ្ធសាស្រ្តនេះមានគោលបំណងរួមបញ្ចូលជាមួយបណ្តាញធនាគារ វីង ដែលមានភ្នាក់ងារ ១១. ០០០ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “យើងជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ទៅដល់អតិថិជនរបស់យើង ព្រោះពួកគាត់នឹងទទួលបាននូវផលិតផលធានារ៉ាប់រងអាយុជីវិត និងផលិតផលវិនិយោគហិរញ្ញវត្ថុជាច្រើនជម្រើស ដែលមាននៅគ្រប់សាខាធនាគារ វីង បន្ថែមលើផលិតផល និងសេវាកម្ម ដែលធនាគារកំពុងផ្តល់ជូននាពេលបច្ចុប្បន្ន។”
លោក ហាន ប៉េងក្វាង បានបន្ថែថមថា៖ “អតិថិជនរបស់ធនាគារវីង នឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូផ្នែកធានារ៉ាប់រងនេះ តាមរយៈការទទួលបានផលិតផលធានារ៉ាប់រងដែលស្រមតាមតម្រូវការ ការណែនាំអំពីផែនការហិរញ្ញវត្ថុ និងដំណើរការទិញដ៏ងាយស្រួលពីក្រុមហ៊ុន ព្រូដិនសល។”
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “ចំណុចដែលយើងផ្តោតសំខាន់ គឺពង្រីកការផ្តល់ជូននូវផលិតផលទៅកាន់អតិថិជនឲ្យបានកាន់តែទូលំទូលាយ និងមានតម្លៃសមរម្យ។ កិច្ចសហការជាមួយធនាគារ វីង បានអនុញ្ញាតឲ្យយើងសិក្សាស្វែងយល់បន្ថែមលើការរួមបញ្ចូលគ្នារវាងផលិតផលរបស់ធនាគារ វីង ជាមួយនឹងអតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឲ្យបានកាន់តែទូលំទូលាយទៅដល់ប្រជាជនកម្ពុជា។”
លោក Sanjay Chakrabarty បានបន្ថែមថា៖ “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺផ្អែកលើតម្លៃរួមគ្នានៃតម្លាភាព អភិបាលកិច្ចរឹងមាំ និងទំនួលខុសត្រូវសង្គម ដែលស្របតាមគោលការណ៍ចម្បងរបស់ក្រុមហ៊ុនព្រូដិនសល។ យើងមានការរំពឹងទុកថា វិស័យធានារ៉ាប់រង ធនាគារនិងហិរញ្ញវត្ថុ នឹងមានការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ ដើម្បីផ្តល់ផលវិជ្ជមាន និងកាលានុវត្តភាពដល់សង្គមជាតិ។”
ការប្រកាន់ភ្ជាប់នូវវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា រួមទាំងគោលនយោបាយឌីជីថល និងយុទ្ធសាស្ត្រឌីជីថលដែលផ្តោតលើអតិថិជន ស្របតាមកំណត់ត្រារបស់ក្រុមហ៊ុនទាំងមូល ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត និងឧត្តមភាពរបស់ក្រុមហ៊ុនអស់រយៈពេល ១៧៥ ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហការ ដើម្បីពង្រីកវិសាលភាពរបស់ក្រុមហ៊ុននៅក្នុងទីផ្សារ។ ភាពជោគជ័យថ្មីៗរបស់ក្រុមហ៊ុនព្រូដិនសល ត្រូវបានបង្ហាញឲ្យឃើញនៅក្នុងរបាយការណ៍ទីផ្សារ ដែលឆ្លុះបញ្ចាំងពីការគ្របដណ្តប់របស់ក្រុមហ៊ុនរហូតទៅដល់ ៦៥% នៃចំណែកទីផ្សារទាំងមូល ដោយយោងទៅលើករណីដែលបានអនុម័តនៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២៣។
ធនាគារ វីង ផ្តោតលើការផ្តល់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយមានគោលបំណងក្លាយជាធនាគារដែលអាចផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មដែលមានលក្ខណៈពិសេស មានភ្នាក់ងារធ្វើប្រតិបត្តិការឌីជីថលបានអនុញ្ញាតឲ្យធនាគារ វីង គ្របដណ្តប់ ១០០ ភាគរយនៅគ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា។ កត្តានេះបាន ធ្វើឲ្យធនាគារ វីង អាចជំរុញបរិយាប័ន្នផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល។ ធនាគារ វីង ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់ប្រជាជនគ្រប់រូប ហើយធនាគារបានប្តេជ្ញាលើការជំរុញអត្ថប្រយោជន៍នៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា៕