ធនាគារ វីង និងMove សហការជំរុញវិស័យដឹកអ្នកដំណើរ និងហិរញ្ញវត្ថុនៅកម្ពុជា

មិថុនា 24, 2024

ក្រុមហ៊ុន MOVE ចូលរួមជាមួយធនាគារ វីង ដើម្បីលើកកម្ពស់សេវាកម្មធ្វើដំណើរ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។​​

ភ្នំពេញ  ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន MOVE-BY LM CAR បានបង្កើតកិច្ចសហការយុទ្ធសាស្រ្តមួយ ដែលមានគោលបំណងធ្វើទំនើបកម្មសេវាកម្មដឹកអ្នកដំណើរ និងដំណោះស្រាយនៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “កិច្ចសហការនាពេលនេះគឺបង្ហាញពីចក្ខុវិស័យរបស់យើង ដើម្បីបង្កើតសង្គមមួយកាន់តែមានការតភ្ជាប់ និង​ប្រកបដោយបរិយាបន្ន។ តាមរយៈការសហការជាមួយ Move យើងបោះជំហានទៅមុខដ៏សំខាន់មួយទៀត សំដៅផ្តល់សិទ្ធអំណាចទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូបងាយស្រួលទទួលបានសេវាហិរញ្ញវត្ថុ និងមធ្យោបាយធ្វើដំណើរអាចទុកចិត្តបាន។”

កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយមានការចូលរួមពីលោក ហោ ប៊ុនថែ​ អគ្គនាយកធនាគារ វីង និងលោ​កជីង ភៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Move រួមទាំងវត្តមានចូលរួមជាសក្ខីភាពនៃគណៈគ្រប់គ្រងស្ថាប័នទាំងពីរផងដែរ។

កិច្ចសហការនេះផ្តោតលើការគិតគូជាអាទិភាពទៅលើសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួលប្រើប្រាស់ទៅដល់អ្នកធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាដោយមានការរួមបញ្ចូលគ្នារវាងសេវាកម្មដឹកជញ្ចូនដ៏ទំនើបរបស់ក្រុមហ៊ុន Move ជាមួយនឹងថ្នាលទូទាត់ឌីជីថលរបស់ធនាគារ វីង ។

លោក ជីង ភៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមដំណើរជាមួយ​ធនាគារ វីង។​ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ស្របពេលដែលយើងបង្កើនការប្តេជ្ញាចិត្តដើម្បីផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងភាពរលូន តាមរយៈការរួមបញ្ចូលគ្នាជាមួយដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។​”

លោក ជីង ភៃ បានបន្ថែមទៀតថា​៖ “យើងរង់ចាំមើលទាំងអស់គ្នាពីកិច្ចសហការនេះ ដែលនឹងហុចផលវិជ្ជមានទៅដល់ការរស់នៅប្រចាំថ្ងៃអ្នកប្រើប្រាស់របស់យើង។​ ការធ្វើកិច្ចការរួមគ្នាជាមួយធនាគារ វីង ​យើងមានការប្តេជ្ញាចិត្តដើម្បីបង្កើតគុណតម្លៃ ក៏ដូចជាលើកកម្ពស់បទពិសោធន៍ទូទៅសម្រាប់អ្នកប្រើប្រាស់របស់យើងឱ្យកាន់តែប្រសើរ។”

កិច្ចសហការនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់សេវាកម្មរបស់ Move កាន់តែរលូន ហើយការទូទាត់មិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់នោះឡើយ ជំនួសមកវិញដោយការប្រើប្រាស់ដំណោះស្រាយទូទាត់តាមឌីជីថល ដែលនឹងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដូច្នេះហើយនឹងផ្តល់សិទ្ធអំណាចទៅដល់រូបវន្តបុគ្គលនានាដែលមិនទទួលបានប្រព័ន្ធសេវាកម្មធនាគារតាមបែបប្រពៃណីពីមុនមក។”

លោក ហោ ប៊ុនថែ បានបានបន្ថែមទៀតថា៖ “ការធ្វើកិច្ចការរួមគ្នា​ យើងអាចធ្វើឱ្យវិស័យដឹកអ្នកដំណើរកាន់តែមានសុវត្ថិភាព ហើយការទូទាត់កាន់តែសាមញ្ញ និងងាយស្រួលជាងមុន ដែលនឹងរួមចំណែកដល់សង្គមមួយកាន់តែមានការតភ្ជាប់ និងប្រកបដោយបរិយាបន្ន។​”

កិច្ចហការនេះឆ្លុះបញ្ចាំងពីការគិតឆ្ពោះទៅមុខមួយដើម្បីអនាគតវិស័យដឹកអ្នកដំណើរ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុន Move និងធនាគារ វីង ដើម្បីផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាបំពេញតម្រូវការអ្នកប្រើប្រាស់ដែលមានគោលបំណងបង្កើតគុណតម្លៃយូរអង្វែងទៅដល់អតិថិជន និងសហគមន៍ទាំងមូល៕