ធនាគារ វីង និង ក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីសហគ្រិនភាពយុវជន
តុលា 30, 2023ធនាគារ វីង ចូលរួមជំរុញការយល់ដឹងអំពីសហគ្រិនភាពក្នុងចំណោមយុវជន តាមរយៈការគាំទ្រដល់កម្មវិធីចំនួនពីរ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារមួយដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ជាស្ថាប័នដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសហគ្រិនភាពចំនួនពីរគឺ៖ កម្មវិធីយុវជន២១ និង កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណងបំពាក់បំប៉នយុវជនឲ្យទទួលបានជំនាញសំខាន់ៗដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេក្នុងយុគសម័យឌីជីថល។
ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ពិតជាបានរួមចំណែកធ្វើឲ្យយុវជនកម្ពុជា មានការប្តេជ្ញាចិត្តបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ដោយចាប់ផ្តើមពីការប្រកបមុខរបរ អាជីវកម្មខ្នាតតូច ដែលមានមូលដ្ឋានគ្រឹះ និងផែនការអាជីវកម្ម ច្បាស់លាស់។ ជាការពិតព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះមានសុខសន្តិភាពមួយ ពេញលេញ និងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ហើយសន្តិភាពគឺជាកត្តាទីមួយ នៃការអភិវឌ្ឍប្រទេសជាតិ ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់យុវជន ក្នុងការកសាងអាជីវកម្ម។»
ធនាគារ វីង បានឧបត្ថម្ភកម្មវិធី «យុវជន ២១» តាំងពីឆ្នាំ២០២១ និង «កម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្ម» តាំងពីឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានអនុលោមតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលឆ្នាំ ២០២១-២០៣៥ ។ កម្មវិធីទាំងពីរនេះមានការចូលរួមពីសំណាក់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ដែលចូលរួមប្រកួតប្រជែងអំពីផែនការអាជីវកម្ម ក្នុងគោលដៅជំរុញការអភិវឌ្ឍជំនាញ និងសហគ្រិនភាព។ យុវជនក្នុង និងក្រៅសាលា ដែលបានចូលរួមក៏បានលើកយកនូវប្រធានបទទាក់ទិននឹងការវិវឌ្ឍក្នុង បរិបទការងារ ក៏ដូចជាតម្រូវការទីផ្សារការងារនៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.0។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងអំពីកម្មវិធីយុវជន២១ថា៖ «សហគ្រិនភាព គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ការរួមចំណែករបស់ពួកគេក្នុងការបង្កើតការងារ កំណើនសេដ្ឋកិច្ច នវានុវត្តន៌ ផលវិជ្ជមានដល់សង្គម និងការពង្រឹងសហគមន៍ បានធ្វើការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកំពស់គុណភាពជីវិតសម្រាប់បុគ្គល និងសង្គម។»
លោក ម៉ិល ផនសីហា បានបន្ថែមថា៖ «កម្មវិធីរបស់យើងផ្តល់ឲ្យអ្នកចូលរួមនូវជំនាញសំខាន់ៗរួមមានភាពជាអ្នកដឹកនាំ សហគ្រិន ភាព ចំណេះដឹងផ្នែកឌីជីថល និងការអភិវឌ្ឍអាជីពការងារជាដើម។»
លើសពីនេះ សិស្សនិស្សិតដែលចូលរួមនឹងទទួលបានចំណេះដឹងពីសហគ្រិនដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងឧស្សាហកម្មដែលនឹងផ្តល់នូវការយល់ដឹងល្អៗ យុទ្ធសាស្រ្ត និងដំបូន្មានដែលបានពីការអនុវត្តជាក់ស្តែងផ្សេងៗនៃភាពសហគ្រិន។
ក្នុងនាមជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធី “យុវជន ២១” បីឆ្នាំជាប់គ្នា និង កម្មវិធី “ប្រកួតប្រជែងផែនការអាជីវកម្ម” រយៈពេលពីរឆ្នាំជាប់គ្នា ធនាគារ វីង បានគាំទ្រកម្មវិធីនេះ ទាំងការរួមចំណែកជាថវិកា និងសកម្មភាពផ្សេងៗទៀត។ ធនាគារ វីង ក៏បានចូលរួមចែករំលែកចំណេះដឹង និងជាគណៈកម្មការវាយតម្លៃក្នុងការប្រកួតផងដែរ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង មានប្រសាសន៍ថា៖ « កម្មវិធីនេះមិនមែនត្រឹមតែជាកម្មវិធីប្រកួតប្រជែងទេ តែជាការបណ្តុះជំនាញសហគ្រិនភាពដល់យុវជនកម្ពុជា ជំរុញអោយយុវជនចូលរួមសកម្មភាពសហគ្រិន ជួយលើកទឹកចិត្តដល់ពួកគាត់ក្លាយជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯង មានគំនិតច្នៃប្រឌិត និងរួមចំណែកជាវិជ្ជមានសម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល»។
លោក ហោ ប៊ុនថែ បានបន្តថា៖ «ការគាំទ្ររបស់យើងមានគោលបំណងជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាយុវជនដោយផ្ទាល់ក្នុងការអភិវឌ្ឍគំនិត និងប្រែក្លាយគំនិតទាំងនោះទៅជាសកម្មភាព តាមរយៈការបណ្តុះបណ្តាលជំនាញចាំបាច់សម្រាប់យុគសម័យឌីជីថល»។
សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាកម្លាំងចលករនៅពីក្រោយសេដ្ឋកិច្ចកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ស្ថាប័នទាំងនោះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អត្រាការងារ ការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញការប្រកួតប្រជែងក្នុងទីផ្សារ។ យោងតាម KhmerSME សហគ្រាសធុនតូច និងមធ្យមមានចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃក្រុមហ៊ុន និងរួមចំណែកយ៉ាងច្រើនដល់ ៥៨% ដល់ផលិតផលក្នុងស្រុកសរុប (GDP)៕