ធនាគារ វីង និងក្រុមហ៊ុន មេគង្គ អ៊ីវី សហការផ្តល់កម្ចីទិញម៉ូតូអគ្គិសនី
ឧសភា 21, 2024ធនាគារ វីង ផ្តល់កម្ចីរហូតដល់ ៥.០០០ ដុល្លារទៅដល់អតិថិជនក្រុមហ៊ុនមេគង្គ អ៊ីវី ដើម្បីគាំទ្រ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។
ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក លើការផ្តល់ឥណទានទោចក្រយានយន្ត ទៅដល់អតិថិជនទូទៅដែលទិញម៉ូតូអគ្គិសនីថេលជី និងការផ្តល់កម្ចីគ្មានទ្រព្យបញ្ចាំដើម្បីធ្វើជាដើមទុនអាជីវកម្មទៅដល់ដៃគូចែកចាយផងដែរ។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “នៅក្នុងបរិការណ៍ដែលពលរដ្ឋមានការយល់ដឹងពីបញ្ហាបរិស្ថានកាន់តែច្រើនឡើង យានយន្តអគ្គិសនីបានក្លាយជាជម្រើសដ៏សំខាន់ ហើយថែមទាំងផ្តល់ផលវិជ្ជមានទៅដល់បរិស្ថានផងដែរ។ យានយន្តអគ្គិសនីមិនត្រឹមតែកាត់បន្ថយការបំពុលបរិយាកាសប៉ុណ្ណោះទេ តែវាក៏ជួយលើកកម្ពស់សុខមាលភាពរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រតិបត្តិការផ្សេងៗចំណាយអស់តិច បើធៀបនឹងយានយន្តប្រើប្រេងឥន្ធនៈ”។
លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ក៏ដូចជាសហគមន៍ទាំងមូល”។
ការសិក្សាថ្មីមួយរបស់ក្រសួងបរិស្ថាននៅកម្ពុជាបានរកឃើញថា ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតពីម៉ូតូអគ្គិសនី គឺមានអត្រាទាបជាង ៥ដង បើធៀបនឹងម៉ូតូប្រើសាំង ហើយថែមទាំងជួយសន្សំសំចៃអ្នកប្រើប្រាស់ប្រហែល ១,៦០ ដុល្លារអាមេរិក រាល់ការធ្វើដំណើរក្នុងចម្ងាយ១០០គីឡូម៉ែត្រ។
តាមរយៈកិច្ចសហការនេះ អតិថិជនអាចស្នើឥណទានទោចក្រយានយន្តពីធនាគារ វីង ដើម្បីទិញម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី យ៉ាងងាយស្រួល។ ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥.០០០ ដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងដំណើរការអនុម័តមានភាពលឿនរហ័ស ហើយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះឡើយ។ អតិថិជនអាចស្នើកម្ចីនេះបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ វីង ឬនៅគ្រប់ភ្នាក់ងារ វីង ម៉ាស្ទ័រទាំងអស់។
ជាមួយគ្នានេះ តំណាងចែកចាយម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី ក៏អាចទទួលអត្ថប្រយោជន៍ពីកម្ចីរហ័សដោយគ្មានទ្រព្យបញ្ចាំតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ដែលជាការផ្តល់នូវលទ្ធភាពក្នុងការទទួលបានដើមទុនបន្ថែមដើម្បីពង្រីកដំណើការអាជីវកម្ម។
ក្រុមហ៊ុនមេគង្គ អ៊ីវី បាននាំចូលផ្តាច់មុខម៉ូតូអគ្គិសនីថេលជី ដែលជាផលិតផលម៉ូតូអគ្គិសនីមានគុណភាពខ្ពស់ មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនថេលជី បាននឹងកំពុងដំណើរការរោងចក្រធំៗជាង ១០ទីតាំង នៅក្នុងប្រទេសចិន ហើយមានវត្តជាមួយហាងលក់រាយជាង ៣៥.០០០ហាង ដែលកំពុងប្រតិបត្តិការ និងនាំចេញទៅកាន់ជាង ៩៦ប្រទេសនៅទូទាំងពិភពលោក។ ជាមួយនឹងមន្ទីរពិសោធន៍ CNAS ផ្ទាល់ខ្លួន ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលដោយខ្លួនឯង ដែលបានចុះប៉ាតង់ លើបច្ចេកវិទ្យារបស់ខ្លួន ក្រុមហ៊ុនមួយនេះមានសមត្ថភាពផលិតរហូតដល់ ១៥លានគ្រឿងក្នុងមួយឆ្នាំ។
លោក ទិត វីរៈ អគ្គនាយកក្រុមហ៊ុនមេគង្គ អ៊ីវី បានលើកឡើងថា៖ “ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារ វីង ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនមេគង្គ អ៊ីវី រាល់តំណាងចែកចាយរបស់ ថេលជី នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលបានធ្វើប្រតិបត្តិការបញ្ជាទិញម៉ូតូអគ្គិសនីតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ចាប់ពី៦ខែឡើងទៅ ពួកគាត់នឹងរីករាយជាមួយអត្ថប្រយោជន៍ពិសេស គឺទទួលបានកម្ចីអាជីវកម្មពីធនាគារ វីង ដោយមិនទាមទារទ្រព្យបញ្ចាំនោះឡើយ។
លោក ទិត វីរៈ បានគូសបញ្ជាក់ថា៖ “ឱកាសពិសេសនេះផ្តល់ជូនតំណាងចែកចាយម៉ូតូអគ្គិសនីថេលជីដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ហើយមានឱកាសរីកចម្រើននៅក្នុងទីផ្សារ”។
ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក កំពុងស្វែងរកដៃគូអាជីវកម្មចូលរួមក្នុងបណ្តាញចែកចាយរបស់ខ្លួន ហើយក្លាយជាតំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា។
លោក ទិត វីរៈ បានបន្ថែមថា៖ “នៅពេលក្លាយជាតំណាងចែកចាយរបស់ ម៉ូតូអគ្គិសនីថេលជី ពួកគាត់នឹងទទួលបាន ការជួយប្រឹក្សាយោបល់ និងបណ្តុះបណ្តាលលើផ្នែកគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងការលក់ ការរៀបចំនិងគ្រប់គ្រងហាង បច្ចេកទេសថែទាំ និងជួសជុល រួមទាំងគ្រឿងបន្លាស់ផងដែរ” ។
ភាពជាដៃគូយុទ្ធសាស្ត្រនេះបានធ្វើឡើងស្របពេលជាមួយនឹងការដាក់សម្ពោធជាផ្លូវការម៉ូតូអគ្គិសនីថេលជី នៅក្នុងទីផ្សារកម្ពុជា។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនមេគង្គ អ៊ីវី និងធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនប្រជាជនកម្ពុជាជាមួយជម្រើសមធ្យោបាយនៃការធ្វើដំណើរដែលផ្តល់ផលល្អសម្រាប់បរិស្ថាន ក៏ដូចជាដំណោះស្រាយហិរញវត្ថុងាយស្រួលប្រើប្រាស់ផងដែរ។
ការប្រើប្រាស់ម៉ូតូអគ្គិសនីក៏អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាសនៅក្នុងទីក្រុង ក៏ដូចជាតំបន់ប្រជុំជននានានៅក្នុងប្រទេសកម្ពុជា ដែលស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញទីក្រុងបៃតងប្រកបដោយនិរន្តរភាព និងរួមចំណែកដល់សង្គមមួយប្រកបដោយអព្យាក្រឹតកាបូន ពោលគឺការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕