ធនាគារ វីង និងក្រុមហ៊ុន SentBe សហការគ្នាផ្តល់សេវាផ្ទេរប្រាក់ជាអន្តរជាតិពីកូរ៉េខាងត្បូង មកកម្ពុជា

ឧសភា 25, 2023

ភាពជាដៃគូនេះ​នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ​ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។​​

.

ធនាគារ វីង (ខេមបូឌា) ម.ក​ ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា​ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា​សមរម្យ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា​នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង​ ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe  ក្នុងការប្រកាសជាផ្លូវការនូវ​ភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារនៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារជាមួយបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា​។​

លោក ឈុន វឌ្ឍនៈភក្តី បាន​ថ្លែង​ថា​៖ ​យើង​មានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុន SentBe។ យើងជឿជាក់ថាកិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាជាច្រើនដែលរស់នៅប្រទេសកូរ៉េខាងត្បូងដែលមានតម្រូវការផ្ញើប្រាក់ ដោយធានាបាននូវ​សុវត្ថិភាព និងដំណើការលឿនរហ័ស។​

យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ ៤៦.០០០នាក់ កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ដែលមាន ២៣ ភាគរយ ជាស្ត្រី ។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក ទៅគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

លោក ឈុន វឌ្ឍនៈភក្តី បានបន្តថា៖ ដោយមើលឃើញពីការលះបង់ និងការខិតខំប្រឹងប្រែងក្នុងការរកប្រាក់ចំណូលរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង យើងប្តេជ្ញាដើម្បីប្រាកដថា ប្រាក់ដែលពួកគេរកបានទាំងលំបាក​ អាចផ្ញើទៅស្រុកកំណើតយ៉ាងងាយស្រួល និងសុវត្ថិភាព ដែលសមាជិកគ្រួរសាររបស់ពួកគេទទួលប្រាក់ដែលបានផ្ញើនោះតាម​រយៈកម្មវិធី Wing Bank App និងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា

ដើម្បីអបអរសាទរនៃកិច្ចសហការនេះ អ្នកប្រើប្រាស់គណនីជាមួយ SentBe ទាំងអស់ នឹងទទួលបានការផ្តល់ការជូនពិសេស​ ដែលអាចរីករាយជាមួយប្រតិបត្តិការផ្ទេរប្រាក់ឥតគិតថ្លៃចំនួនពីរដង។​

លោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe បានលើកឡើងថា SentBe គឺជាក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់បរទេស ដោយប្រតិបត្តិការ​តាមអនុលោមភាពផ្នែកច្បាប់របស់ក្រុមហ៊ុន ដើម្បីធានាបាននូវទំនុកចិត្តទៅដល់អតិថិជនជារូបវន្តបុគ្គល និងអាជីវកម្មនានា ក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់ និងការទូទាត់ជាអន្តរជាតិ។​

លោក Alex Seong-Ouk Choi  ថ្លែងថា៖ ចក្ខុវិស័យរបស់ធនាគារ វីង ដែលមានគោលបំណងផ្តល់សេវាហិរញ្ញវត្ថុស្មើភាពទៅដល់មនុស្សគ្រប់គ្នា នោះគឺស្របទៅនឹងទិសដៅសាជីវកម្មរបស់ក្រុមហ៊ុន SentBe យ៉ាងដូច្នេះដែរ។ យើងរំពឹងថា នេះគឺជាកិច្ចសហការដ៏មានសក្តានុពល  ដោយរួមបញ្ចូលគ្នារវាងចំណុចខ្លាំងរបស់ SentBe  និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់ធនាគារ វីង

ក្រុមហ៊ុន FX TOTAL SOLUTIONS PVT LTD ឬ SentBe បង្កើតឡើងក្នុងឆ្នាំ ២០១៥​ ជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុលំដាប់ពិភពលោក ដែលមានជំនាញក្នុងការផ្តល់សេវាប្តូរប្រាក់បរទេស។ ក្រុមហ៊ុននេះ បានផ្តល់តម្លៃសេវាទាប ដំណើរការលឿនរហ័ស​ និងងាយស្រួល ដែលធ្វើឲ្យ SentBe ក្លាយជាក្រុមហ៊ុនឈានមុខគេមួយលើការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ ក្រុមហ៊ុន SentBe ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនដូចជា ការប្រើប្រាស់សេវាកម្មរវាងអតិថិជន និងអតិថិជន និងការប្រើសេវារវាងអាជីវកម្ម និងអាជីវកម្ម។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដោយរួមចំណែកដោះស្រាយបញ្ហាហិរញ្ញវត្ថុឲ្យកាន់តែងាយស្រួលទៅដល់ពលករចំណាកស្រុក និងបញ្ហាហិរញ្ញវត្ថុដែលជួយសម្រួលទៅដល់ដំណើរការអាជីវកម្មនានា។​

ធនាគារ វីង គឺជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង សាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។​

កិច្ចសហការវាងស្ថាប័នទាំងពីរ បានបង្ហាញពីការចែករំលែកចក្ខុវិស័យរួមគ្នា ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈសេវាផ្ទេរប្រាក់ឆ្លងដែន ដែលផ្តល់លទ្ធភាពទៅដល់អ្នកប្រើប្រាស់ទទួលបានសេវាហិរញ្ញវត្ថុកាន់តែច្រើន។ ស្ថាប័នទាំងពីរបានប្តេជ្ញាយ៉ាងមុតមាំក្នុងការរក្សាឲ្យបាននូវស្តង់ដារខ្ពស់បំផុតនៃគុណភាពសេវាកម្ម ដើម្បីធានាបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ដែលអាចទុកចិត្តបាន ទៅដល់អ្នកប្រើប្រាស់៕