ធនាគារ វីង និង សហគ្រិនខ្មែរ ជំរុញភាពជាសហគ្រិនទៅដល់យុវជនកម្ពុជា

វិច្ឆិកា 24, 2024

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារ​ឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័ស​មួយនៅកម្ពុជា បានផ្តល់ការគាំទ្រសហគ្រិនខ្មែរ ក្នុងការរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ​២០២៤​ ​ដែល​ធ្វើ​ឡើង​នៅ​​​​អគារមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ​​​​ចាប់​ពី​ថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យសាធារណជនស្វែងយល់ពីការកសាងភាពជាសហគ្រិន និងនវានុវត្តបចេ្ចកវិទ្យាជាច្រើនផ្សេងទៀត។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានមានប្រសាសន៍  ថា៖ “សហគ្រិនខ្មែរ សូមថ្លែងអំណរគុណដល់ធនាគារ វីង ក្នុងនាមជាដៃគូមួយក្នុងចំណោមដៃគូគាំទ្រផ្សេងទៀតសម្រាប់    ព្រឹត្ដិការណ៍ដ៏សំខាន់នេះ ដើម្បីលើកស្ទួយយុវជនដោយផ្តល់នូវចំណេះដឹង និងឱកាសក្នុងការបង្កើតផលវិជ្ជមានដើម្បីជា    ផលប្រយោជន៍ទៅដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។”

សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរដ្ឋាភិបាល មានអាណត្ដិក្នុងការកៀរគរ និងគ្រប់គ្រងធនធាន ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី​​​សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរស់រវើក។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖​ “យុវជននាពេលបច្ចុប្បន្ននឹងក្លាយជាធនធានស្នូលដ៏សំខាន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហានាពេលអនាគត។ ការផ្តល់ឱ្យពួកគេនូវឧបករណ៍ ក៏ដូចជាចំណេះដឹងដើម្បីបង្កើតការច្នៃប្រឌិតព្រមទាំង​អាចវិវឌ្ឍទៅជាសហគ្រិននោះមិនត្រឹមតែជាការវិនិយោគលើអនាគតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ​ក៏រួមចំណែកកសាងភាពរុងរឿងសម្រាប់សហគមន៍ទាំងមូលផងដែរ។”

នៅក្នុងកម្មវិធី​នេះ តំណាងធនាគារ វីង ក៏បានចូលរួមចែករំលែកទាក់ទិននឹងភាពច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចឱ្យអ្នកចូលរួមស្វែងយល់ពីរបៀបដែលធនាគារ វីង ប្រើប្រាស់ភាពច្នៃប្រឌិតឌីជីថល​ដើម្បីដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុង  សហគមន៍។

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤ របស់សហគ្រិនខ្មែរ មានការរៀបចំកម្មវិធីជាច្រើនទាក់ទងទៅនឹងវិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីទាំងនេះរួមមាន៖ សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅ     កម្ពុជា ដែលជាវេទិកាសម្រាប់សហគ្រិន និងវិនិយោគិនស្វែងរកឱកាសសហការដែលផ្តល់ផលវិជ្ជមានទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ, កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យ ២០២៥ សំដៅលើកម្ពស់សិស្សានុសិស្សធ្វើបទបង្ហាញគំនិតធុរកិច្ចដែលមានច្នៃប្រឌិត។ ចំណែកឯ កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម មានគោលបំណងលើកស្ទួយដំណោះស្រាយ ដែលមានភាពច្នៃប្រឌិតរបស់យុវជន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងស្រុក ខណៈដែលពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរអបអរសាទរដល់ធុរកិច្ចឆ្នើមនៅកម្រិតវិទ្យាល័យ, សកលវិទ្យាល័យ, ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលធ្វើឱ្យវេទិកានេះកាន់តែមានសារៈសំខាន់ ក្នុងការជំរុញភាពច្នៃប្រឌិត និងនាំមកនូវផលវិជ្ជមានទៅដល់សង្គមថែមទៀតផង។

ធនាគារ វីង បានក្លាយជាដៃគូដ៏សំខាន់ក្នុងការគាំទ្របេសកម្មសហគ្រិនខ្មែរ ដែលរួមមាន៖ កិច្ចសហការលើភាពជាដៃគូយុទ្ធសាស្រ្តក្នុងឆ្នាំ២០២១ ដែលជួយទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់ សហគ្រិនខ្មែរ អាចទទួលបាននូវកម្ចី ក៏ដូចជាសេវាហិរញ្ញវត្ថុផ្សេងៗដើម្បីស្តារអាជីវកម្មបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល។ បន្ថែមលើនេះ ក្នុង     ឆ្នាំ២០២៣ ធនាគារ វីង ក៏បានផ្តល់ការគាំទ្រកម្មវិធី​ ‘កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ’ ដែលជួយទៅដល់សហគ្រាសធុនតូច និងមធ្យម​គ្រប់វិស័យទាំងអស់ដែលមានសក្តានុពលខ្ពស់ ដើម្បីទទួលបានទុនដែលចាំបាច់ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេឱ្យបានកាន់តែរីកចម្រើនឡើង។

ស្របពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើន កិច្ចសហការរវាងធនាគារ វីង និង​ សហគ្រិនខ្មែរ បានត្រៀមខ្លួនរួចរាល់ដើម្បីនាំមកនូវផលវិជ្ជមានយូរអង្វែងសម្រាប់ការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការផ្តល់ទំនុកបម្រុងភាពជាសហគ្រិនរបស់យុវជន និងការជំរុញគំនិតច្នៃប្រឌិតថ្មីៗ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមិនត្រឹមតែជួយគូសវាសភាពជោគជ័យទៅដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ តែក៏បង្កើតនូវផលវិជ្ជមានសម្រាប់សហ​គមន៍ទាំងមូលថែមទៀតផង៕