ធនាគារ វីង និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីផ្តល់សេវាធនាគារ និងលើកកម្ពស់អាជីវកម្មរបស់សមាជិកទាំងអស់
កុម្ភៈ 20, 2023តាមរយៈកិច្ចសហការនេះ ធនាគារ វីង និងសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាជួយលើកកម្ពស់អាជីវកម្មរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។
រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា និងសម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឬហៅកាត់ថា “FASMEC” ដែលជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីផ្តល់សេវាធនាគារ និងដំណោះស្រាយគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដល់សមាជិកFASMECទាំងអស់។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីសំណាក់លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំងពីរស្ថាប័នផងដែរ។
លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង បានថ្លែងថា៖ “សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា និងជាគន្លឺះយ៉ាងសំខាន់ក្នុងការជួយកសាងប្រទេសឲ្យកាន់តែមានភាពរីកចម្រើនសម្រាប់ថ្ងៃអនាគត។ សហគ្រាសធុនតូច និងមធ្យម បានបង្កើតឱកាសការងាររាប់សិបកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាកត្តាជម្រុញសម្រាប់ដំណោះស្រាយផ្នែកអាជីវកម្ម និងបច្ចេកវិទ្យាផងដែរ។ ប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រាសធុនតូច និងមធ្យម ដែលរឹងមាំ នឹងមានសក្តានុពលក្នុងការទាក់ទាញវិនិយោគគិន និងអ្នកជំនាញមកកាន់ប្រទេសកម្ពុជា ក៏ដូចជាធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងពង្រីកសេដ្ឋកិច្ចកម្ពុជាផងដែរ។”
លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ក្នុងនាមជាធនាគារឌីជីថលឈានមុខគេ យើងមានមោទកភាពក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតស្របតាមតម្រូវការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារយើងក៏បានផ្តល់ជូនអត្រាការប្រាក់ពិសេសលើសេវាកម្មប្រាក់កម្ចីនិងប្រាក់បញ្ញើ សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ យើងរីករាយស្វាគមន៍រាល់កិច្ចសហការទាំងឡាយណា ដែលអនុញ្ញាតឲ្យធនាគារ វីង ជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយកិច្ចព្រមព្រៀងរវាងធនាគារ វីង និងFASMECនៅពេលនេះ គឺជាឧហរណ៍ជាក់ស្តែងតែម្តង។ ខ្ញុំសង្ឃឹមយ៉ាតមុតមាំថា កិច្ចសហការនេះនឹងផ្តល់ផលវិជ្ជមានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។”
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា៖ “កន្លងមកនេះFASMEC បានធ្វើការយ៉ាងច្រើន ក្នុងការជួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ឲ្យមានការលូតលាស់ និងរីកចម្រើនតាមរយៈសកម្មភាពជាច្រើនដូចជា៖ កម្មវិធីសិក្ខាសិលា វគ្គបណ្តុះបណ្តាល ការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាធ្វើការផ្សព្វផ្សាយសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញផងដែរ។ គោលបំណងនៃការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីជួយសម្រួលភាពងាយស្រួលដល់សមាជិករបស់FASMECទាំងអស់ តាមរយៈការប្រើប្រាស់សេវាធនាគារ វីង ដែលផ្តល់អត្រាការប្រាក់ទាបសម្រាប់ប្រាក់កម្ចី។”
ធនាគារ វីង និង FASMEC ជាដៃគូដ៏ល្អជាមួយគ្នាយូរណាស់មកហើយ។ ហើយនេះជាកិច្ចព្រមព្រៀងទី២ ដែលស្ថាប័ណ្ឌទំាងពីរបានចុះហត្ថលេខារួមគ្នា។ ក្រោមកិច្ចសហការនេះ សមាជិករបស់FASMECទាំងអស់ នឹងទទួលបានសិទ្ធិពិសេសក្នុងការប្រើប្រាស់ដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ វីង រួមមាន៖ សេវាប្រាក់កម្ចី, សេវាគ្រប់គ្រងសាច់ប្រាក់, សេវាទូទាត់ និងសេវាប្រមូលប្រាក់ឌីជីថល, ច្រកចូលទីផ្សារតាមរយៈធនាគារ វីង និងសេវាសំខាន់ៗជាច្រើនទៀតសម្រាប់សហគ្រាស់ធុនតូច និងមធ្យមនៅកម្ពុជា៕