ធនាគារវីង និងសហគមន៍កសិកម្មចំនួនពីរ សហការជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា
មិថុនា 7, 2023អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសហគមន៍កសិកម្មតាសីសាមគ្គី ឥឡូវនេះអាចទទួលបានសេវាហិរញ្ញវត្ថុរបស់ធនាគារ វីង ដើម្បីបង្កើនការដាំដុះក្នុងវិស័យកសិកម្ម។
ធនាគារវីង បានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងសហគមន៍កសិកម្មតាសីសាមគ្គី (TSAC) ដើម្បីបង្កើនការដាំដុះបន្លែសុវត្ថិភាព ជំរុញកំណើនបរិយាប័ន្ន ក៏ដូចជារួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារនៅកម្ពុជា។
ស្ថាប័នទាំងបីបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងជាសមាជិករដ្ឋសភាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ព្រមទាំងវត្តមានរបស់លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោកណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី។
ឯកឧត្តម អ្នកឧកញ៉ា អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ដ៏មុតមាំរបស់យើង ដើម្បីនាំមកនូវភាពរីកចម្រើនទៅដល់សហគមន៍ខ្មែរឥស្លាម។”
ឯកឧត្តម អ្នកឧកញ៉ា អូស្មាន ហាស្សាន់ បានបន្តថា៖ “ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់ពីធនាគារ វីង និងជំនាញកសិកម្មពីសហគមន៍កសិកម្មតាសីសាមគ្គី នឹងបង្កើតឲ្យមានកាលានុវត្តភាព ដើម្បីភាពរីកចម្រើនទៅដល់សមាជិកសហគមន៍របស់យើង ព្រមទាំងរួមចំណែកការអភិវឌ្ឍសង្គមជាតិទាំងមូល។”
តាមរយៈភាពជាដៃគូសហការនាពេលនេះ ធនាគារ វីង នឹងអាចផ្តល់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយទៅដល់សហគមន៍ខ្មែរឥស្លាម ដើម្បីជួយដល់ការងារដាំដុះផ្នែកកសិកម្ម។ ជាមួយគ្នានេះ សហគមន៍កសិកម្មតាសីសាមគ្គី នឹងផ្តល់ជំនាញបច្ចេកទេស និងចំណេះដឹងក្នុងការដាំដុះបន្លែសុវត្ថិភាព ទៅសហគមន៍ខ្មែរឥស្លាមផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “យើងមានការជឿជាក់យ៉ាងមុតមាំថាបរិយាប័ន្នហិរញ្ញវត្ថុ គឺជាកត្តាលីករសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។ តាមរយៈការផ្តល់នូវជម្រើសហិរញ្ញវត្ថុ និងដំណោះស្រាយតាមបែបឌីជីថលប្រកបដោយនវានុវត្តន៍ ដល់កសិករ យើងអាចជំរុញពួកគេពង្រីក និងបង្កើនផលិតកម្មដាំដុះបន្លែសុវត្ថិភាព ហើយថែមទាំងជួយបង្កើតប្រាក់ចំណូលបានខ្ពស់ផងដែរ។”
ធនាគារ វីង មានប្រព័ន្ធអេកូឡូស៊ីដ៏ធំបំផុតមួយដែលនឹងផ្តល់លទ្ធភាពឲ្យកសិករប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុដែលដំណើរការលឿនរហ័ស ងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព។ លើសពីនេះ កសិករក៏អាចផ្សារភ្ជាប់ជាមួយអ្នកប្រើប្រាស់ ដែលអាចធានាបានថាផលិតផលកសិកម្មរបស់ពួកគេអាចចែកចាយទៅដល់ទីផ្សារបានកាន់តែទូលំទូលាយ។
លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី បានលើកឡើងពីកំណើនតម្រូវការបន្លែសុវត្ថិភាព ខណៈដែលការផ្គត់ផ្គង់នាពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីជ្សារក្នុងស្រុកនៅឡើយទេ។
លោក ណុប នុន បានថ្លែងថា៖ “កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយគម្លាតទីផ្សារ បង្កើនផលិតកម្មបន្លែសុវត្ថិភាព គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាជួយបំពេញតម្រូវការទីផ្សារផលិតផលអាហារូបត្ថម្ភនិងមានសុរត្ថិភាពដែលកំពុងមានការកើនឡើង។”
សហគមន៍កសិកម្មតាសីសាមគ្គី បច្ចុប្បន្នមានសមាជិកចំនួន ១៧២ គ្រួសារដែលជាកសិករ ហើយផ្តោតលើការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាព ដែលមានគុណភាពខ្ពស់ ហើយធានាបាននូវការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី។ បន្ថែមលើនេះ សហគមន៍កសិកម្មនេះ ក៏មានការផ្តល់សេវាកម្មលើការសាងសង់ផ្ទះសំណាញ់ និងជំនួយបច្ចេកទេស ក៏ដូចជាចំណេះដឹងដល់កសិករ ដើម្បីដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់។
ការសិក្សារបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ចេញផ្សាយក្នុងឆ្នាំ២០២០ បានរកឃើញថា ការផ្គត់ផ្គង់បន្លែនៅក្នុងប្រទេសកម្ពុជាគឺពឹងផ្អែកលើការនាំចូលប្រមាណ ៧០ ភាគរយ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលនេះ គឺមានគោលដៅចូលរួមកាត់បន្ថយការពឹងផ្អែកលើការនាំចូល ក៏ដូចជាជួយបង្កើនប្រាក់ចំណូលកសិករនៅជនបទឲ្យបានល្អប្រសើរជាងមុន។
ការស្រាវជ្រាវដែលគាំទ្រដោយ ទីភ្នាក់ងារជំនួយអាមេរិក (USAID) ក៏បានបង្ហាញឲ្យឃើញផងដែរថា កសិករកម្ពុជាដែលផ្តោតលើការដាំដំណាំបន្លែអាចមានផលចំណេញខ្ពស់ចន្លោះពី ៣ ទៅ ១៤ ដង បើធៀបនឹងដំណាំធម្មតា ដូចជាដំណាំស្រូវជាដើម។ ជាមួយគ្នានេះ ការទទួលទានបន្លែ ផ្លែឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ព្រមទាំងលើកកម្ពស់សុខភាពបានយ៉ាងល្អប្រសើរផងដែរ៕