ធនាគារ វីង និងគ្រឹះស្ថាន ខេមា ចាប់ដៃសហការដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍
មីនា 16, 2024ធនាគារ វីង បានចុះកិច្ចព្រមព្រៀងលើការផ្តល់ឥណទាន ១ លានដុល្លារ ទៅដល់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លើការអនុវត្តគម្រោងទឹកស្អាត និងអនាម័យ។
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
ធនាគារ វីង (ខេមបូឌា) ម.ក បានសម្រេចកិច្ចសហការលើការផ្ដល់ហិរញ្ញប្បទានទៅដល់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីរួមគ្នាបង្កើតផលវិជ្ជមានចំពោះសុខុមាលភាពសហគមន៍ក្រីក្រនៅក្នុងប្រទេសកម្ពុជា។
ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទឹកប្រាក់ ១ លានដុល្លារអាមេរិក ធនាគារ វីង បង្ហាញការគាំទ្រចំពោះការអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ដែលជាការយកចិត្តទុកដាក់ជំរុញនូវការប្រើប្រាស់ទឹកស្អាត និងអនាម័យ ក៏ដូចជារួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការលើកកម្ពស់សុខុមាលភាពពលរដ្ឋនៅតាមសហគមន៍។
តាមរយៈគម្រោងទឹកស្អាត និងអនាម័យ ហិរញ្ញប្បនទានពីធនាគារ វីង នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយទៅដល់សហគមន៍ ក្នុងការជួសជុលឬសង់បង្គន់, អាងស្តុកទឹក, តបណ្ដាញទឹកស្អាត, ជីកអណ្ដូងទឹក, ទិញឧបករណ៍ចម្រោះទឹក, ស៊ីទែនទឹក, និងម៉ាស៊ីនបូមទឹកប្រើប្រាស់នៅក្នុងគេហដ្ឋានជាដើម ដែលជាការគាំទ្រពលរដ្ឋ ក៏ដូចក្រុមគ្រួសារទទួលបាននូវធនធានចាំបាច់ ដើម្បីទទួលបានការប្រើប្រាស់ទឹកស្អាត និងអនាម័យ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “យើងមានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងនាំមកនូវផលប្រយោជន៍ដ៏មានអត្ថន័យចំពោះជីវភាពរស់នៅពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារកម្ពុជា ដោយប្រាកដថាពួកគាត់អាចទទួលបានការប្រើប្រាស់ទឹកស្អាត និងឧបករណ៍អនាម័យ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈការវិនិយោគលើការកែលម្អសហគមន៍ យើងនឹងរួមចំណែកធ្វើឱ្យអនាគតកម្ពុជាមានវិបុលភាព និងភាពរុងរឿងដ៏ត្រចះត្រចង់។”
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន ខេមា បានមានប្រសាសន៍ថា៖ “គ្រឹះស្ថាន ខេមា បានអភិវឌ្ឍផលិតផលឥណទានទឹកស្អាតនិងអនាម័យ ស្របតាមទស្សនវិស័យសង្គមរបស់ខ្លួន ក្នុងការបង្កើនលទ្ធភាពទទួលបានកម្ចីនេះនៅតាមសហគមន៍ជនបទ។ ហើយការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាការទទួលបានប្រភពទុនបន្ថែមទៀត ក្នុងការផ្ដល់ឥណទានទៅដល់អតិថិជនដែលត្រូវការទឹកស្អាតប្រើប្រាស់ និងបរិក្ខារអនាម័យ ដើម្បីលើកកម្ពស់សុខុមាលភាពគ្រួសារ”។
ភាពជាដៃគូរវាងធនាគារ វីង និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានឆ្លុះបញ្ចាំងពីសក្តានុពល និងកម្លាំងសាមគ្គីភាពចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំមកនូវការអភិវឌ្ឍសហគមន៍។ ការប្តេជ្ញារួមគ្នាចំពោះការលើកកម្ពស់លើការប្រើប្រាស់ទឹកស្អាត និងអនាម័យទៅដល់សហគមន៍ ស្ថាប័នទាំងពីរកំពុងធ្វើដំណើរឆ្ពោះទៅកាន់អនាគតដែលមានភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា។
ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា ក៏ដូចជាភ្នាក់ងាររដ្ឋាភិបាល ធនាគារ វីង បានរួមចំណែកដ៏សំខាន់លើការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងគំនិតផ្តួចផ្តើមនានា ក្នុងន័យជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអភិវឌ្ឍប្រទេសឱ្យបានកាន់តែរីកចម្រើន។
បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ នៅថ្ងៃដដែលនេះ គ្រឹះស្ថាន ខេមា បានរៀបចំសិក្ខាសាលាស្ដីពី “ជំនាញលក់ឥណទានទឹកស្អាតនិងអនាម័យ និងចរចាប្រកបដោយប្រសិទ្ធភាព” ដែលបណ្ដុះបណ្ដាលដោយអ្នកជំនាញ ក្រោមជំនួយគាំទ្រពី Water.org និងកិច្ចសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះមានវត្តមានចូលរួមរបស់ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល លោកអគ្គនាយកប្រតិបត្តិស្ដីទី គណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថាន ខេមា សរុបប្រមាណ ១១៣នាក់៕