ធនាគារ វីង ផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់ក្លិបបាល់ទាត់បឹងកេត
មីនា 25, 2024ធនាគារ វីង បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅដល់ក្លិបបាល់ទាត់បឹងកេតសម្រាប់រដូវកាលឆ្នាំ ២០២៤-២០២៥ ដើម្បីជួយទ្រទ្រង់សកម្មភាពកីឡា ក៏ដូចជាលើកកម្ពស់សក្តានុពល និងសុខុមាលភាពកីឡាករ។
ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសភាពជាដៃគូជាមួយក្លិបបាលទាត់បឹងកេត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍ផងដែរ។
ដោយមើលឃើញពីគុណតម្លៃដ៏មានសក្តានុពលដែលកីឡាបាល់ទាត់ផ្តល់អត្ថប្រយោជន៍ទៅដល់យុវជន និងសហគមន៍ ធនាគារ វីង បានផ្តល់ជំនួយហិរញ្ញវត្ថុទៅដល់ក្លិបបាល់ទាត់បឹងកេត ដែលជាក្លិបបាល់ទាត់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រសកម្មភាពកីឡាចាំបាច់នានារបស់ក្លិបក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ ។
ជំនួយហិរញ្ញវត្ថុនេះមិនត្រឹមតែជួយជំរុញដល់ការអភិវឌ្ឍវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកសាងសហគមន៍ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរស់នៅឱ្យកាន់តែប្រសើរផងដែរ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ធនាគារ វីង មានកិត្តិយសដែលបានធ្វើកិច្ចការដ៏សំខាន់រួមគ្នាជាមួយក្លិបបាល់ទាត់បឹងកេត និងរួមចំណែកដើម្បីភាពរីកចម្រើនរបស់កីឡាករបាល់ទាត់កម្ពុជាដែលមានទេពកោសល្យ និងសក្តានុពល ដែលអាចជួយឱ្យពួកគេអភិវឌ្ឍន៍សមត្ថភាពកាន់តែរីកចម្រើនបន្ថែមទៀត”។
លោកហោ ប៊ុនថែ បានបន្ថែមថា៖ “គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ វីង ក្នុងការជួយគាំទ្រទៅដល់យុវជនកម្ពុជាតាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងកិច្ចការនានាដែលគាំទ្រភាពរីកចម្រើនទៅដល់សង្គម” ។
ការប្ដេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការរួមចំណែកអភិវឌ្ឍន៍សហគមន៍បានទទួលពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ ២០២១ និងឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ភាពជាដៃគូជាមួយក្លិបបាលទាត់បឹងកេតនាពេលនេះ បានបង្ហាញពីការរក្សាគោលជំហរបស់ធនាគារ វីង ក្នុងនាមជាអ្នកគាំទ្រដែលជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងវឌ្ឍនភាពនៅក្នុងសង្គម។
អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាលទាត់បឹងកេត បានលើកឡើងថា៖ “ក្លិបបាល់ទាត់មានកិត្តិយសដែលបានចាប់ដៃគូជាមួយធនាគារ វីង ស្របតាមបេសកកម្មរបស់យើងខ្ញុំដើម្បីលើកកម្ពស់សុខុមាលភាពទៅដល់កីឡាករ។ កិច្ចការរួមគ្នានាពេលនេះ យើងមានគោលបំណងលើកទឹកចិត្តកីឡាករដែលជាយុវជនជំនាន់ក្រោយ ក៏ដូចជាពង្រឹងសាមគ្គីភាពនៅក្នុងសហគមន៍ឱ្យកាន់តែរឹងមាំផងដែរ”។
គំនិតផ្តួចផ្តើមនានា ដែលទាក់ទងនឹងកីឡាបាល់ទាត់មិនត្រឹមតែបានពង្រឹងការយល់ដឹងអំពីសុខុមាលភាពទៅដល់សាធារណជនប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងសាមគ្គីភាពនៅក្នុងសហគមន៏ ក៏ដូចជារួមចំណែកកាត់បន្ថយបញ្ហាប្រឈមនានាក្នុងសង្គម ដូចជា៖ ការប្រើប្រាស់គ្រឿងញៀន និងអត្រាបោះបង់ការសិក្សាជាដើម។
អ្នកស្រី ពុធ ធីតា បានបញ្ជាក់បន្ថែមថា៖ ៖ “ភាពជោគជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួយលើកមុខមាត់កេរ្តិ៍ឈ្មោះកីឡាររបស់កម្ពុជានៅលើឆាកអន្តរជាតិ ពោលគឺរួមចំណែកទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគ ក៏ដូចជាជំរុញកំណើនទេសចរណ៍ផងដែរ”។
ក្លិបបាល់ទាត់បឹងកេតត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ សម្រេចបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ក្នុងការគ្រងតំណែងជើងឯកចំនួន ៤ដង ពោលគឺនៅក្នុងឆ្នាំ ២០១២ ឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០២០ ព្រមទាំងគ្រងដំណែងជើងឯកពានរង្វាន់សម្តេចហ៊ុន សែន ១លើកផងដែរ នៅឆ្នាំ ២០១៩ ដែលសមិទ្ធផលទាំងនេះបានធ្វើឱ្យក្លិបបាលទាត់បឹងកេតកាន់តែមានឈ្មោះបោះសំលេងនៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។
ស្របពេលដែលក្លិបបាលទាត់បឹងកេត សម្រេចបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យបាល់ទាត់
ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះគឺជាការបើកទំព័រថ្មីមួយទៀតដែលនឹងជំរុញនូវភាពរីកចម្រើន, កាលានុវត្តភាព ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតសង្គមនៅកម្ពុជាឱ្យកាន់តែប្រសើរ៕