ធនាគារ វីង និងក្រុមហ៊ុន AdvancedMSP សហការធ្វើទំនើបកម្មហិរញ្ញវត្ថុសម្រាប់ប្រព័ន្ធគ្រប់គ្រងបុគ្គលិក
តុលា 25, 2023កិច្ចសហការនេះមានគោលបំណងអភិវឌ្ឍន៍សេវាទូទាត់បៀវត្ស និងប្រព័ន្ធគ្រប់គ្រងបុគ្គលិក ដោយផ្តល់ជូននូវដំណោះស្រាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីជួយសម្រួលដល់អាជីវកម្មទាំងអស់នៅកម្ពុជាអាចដំណើរការកាន់តែងាយស្រួល។
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុនអែតវ៉ាន់ស៍អិមអេស ប្រឹវ៉ាយឌើរ ឯ.ក (AdvancedMSP) ជាក្រុមហ៊ុនឈានមុខមួយនៅតំបន់អាស៊ានលើការផ្តល់ដំណោះស្រាយប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយប្រើប្រាស់បបច្ចេកវិទ្យាក្លោដ បានប្រកាសភាពជាដៃគូអាជីវកម្មលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផ្តល់នូវដំណោះស្រាយរួមមួយ ដោយមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងទូទាត់បៀវត្ស ដែលនឹងជួយសម្រួលប្រតិបត្តិការអាជីវកម្មទាំងអស់នៅក្នុងទីផ្សារប្រទេសកម្ពុជាឲ្យកាន់តែងាយស្រួល។
ភាពជាដៃគូរវាងធនាគារ វីង និងក្រុមហ៊ុន AdvancedMSP ត្រូវបានបង្កើតឡើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ដែលមានការអញ្ជើញចូលរួមចុះហត្ថលេខាដោយលោក ហាន ប៉េងក្វាង អគ្គនាយធនាគារ វីង និងលោក ហួន ហេង ឥរិយា ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន AdvancedMSP។ កិច្ចសហការនេះ គឺមានគោលបំណងដោះស្រាយបញ្ហាប្រឈមទៅដល់អាជីវកម្មគ្រប់វិស័យទាំងអស់រួមទាំងវិស័យឯកជន និងវិស័យសាធារណៈនៅកម្ពុជា។ តាមរយៈការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់បៀវត្សរបស់ធនាគារ វីង ជាមួយនឹងប្រចព័ន្ធ JPayroll របស់ក្រុមហ៊ុនអែតវ៉ាន់ស៍អិមអេសភី ដែលជាប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងទូទាត់បៀវត្សដ៏មានប្រសិទ្ធភាពមួយ អាចជួយដល់ម្ចាស់អាជីវកម្មងាយស្រួលគ្រប់គ្រងធនធានបុគ្គលិក និងការទូទាត់បៀវត្សបានយ៉ាងរលូន ហើយថែមទាំងជួយឲ្យប្រតិបត្តិការអាជីវកម្មកាន់តែល្អប្រសើរឡើង។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងមិនគ្រាន់តែផ្តល់ដំណោះស្រាយហិញ្ញវត្ថុដែលពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងធនធានបុគ្គលិកប៉ុណ្ណោះទេ តែយើងផ្តល់នូវបទពិសោធន៍នៃការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ។ តាមរយៈការរួមបញ្ជូលគ្នាដ៏មានសក្តានុពលដែលជាជំនាញហិរញ្ញវត្ថុរបស់យើងជាមួយនឹងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន AdvancedMSP យើងនឹងជួយទៅដល់អាជីវកម្មដោយមិនចាំបាច់ប្រឈមជាមួយនឹងភាពស្មុគស្មាញក្នុងការគ្រប់គ្រងធនធានបុគ្គលិកទៀតឡើយ”។
លោក ហួន ហេង ឥរិយា ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន AdvancedMSP បានលើកឡើងថា៖ “យើងមានក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយធនាគារ វីង ព្រោះថាយើងនឹងអាចជួយអតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មដោយស្វ័យប្រវត្តិយ៉ាងពេញលេញ នោះអាចដំណើរការទៅបានដោយប្រព័ន្ធព័ត៌មានគ្រប់គ្រងបុគ្គលិក និងបៀវត្ស ដែលមានប្រព័ន្ធទូទាត់ រួមជាមួយនឹងរបាយការណ៍ស្តីពីការផ្ទៀងផ្ទាត់ធនាគារស្វ័យប្រវត្តិ ហើយសូម្បីតែការទូទាត់បៀវត្សបុគ្គលិក ក៏ដំណើរការដោយស្វ័យប្រវត្តិផងដែរ”។
បើតាមលោក ហួន ហេង ឥរិយា ក្រុមហ៊ុន AdvancedMSP ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៣ បានចាប់ដៃគូដោយជោគជ័យជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មសូហ្វែជាង ២០ក្រុមហ៊ុន។ លោកបានបន្ថែមថា៖ “បច្ចុប្បន្នយើងមានប្រហែល ២០០អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់យើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ថៃ និងប្រទេសវៀតណាម”។
ធនាគារ វីង ក៏មានការផ្តល់ជូននូវសេវាបើកបៀវត្សរបស់ខ្លួនផងដែរដែលមានឈ្មោះថា Wing Biz+ Payroll ដែលអាចផ្តល់ភាពងាយស្រួលដល់និយោជកក្នុងការទូទាត់បៀវត្សបុគ្គលិកតាមប្រព័ន្ធឌីជីថលដោយឥតគិតថ្លៃ។ កត្តានេះ បានបង្កលក្ខណៈកាន់តែងាយស្រួលទៅដល់បុគ្គលិកក្នុងកាដកសាច់ប្រាក់បៀវត្សរបស់ពួកគេនៅតាមទីតាំងទាំងអស់របស់ធនាគារ វីង ក៏ដូចជាបណ្តាញរបស់ វីងនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ សេវាបើកបៀវត្សរបស់ធនាគារ វីង ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែររួមមានលទ្ធភាពទទួលបានកម្ចីជាមួយវីងឌីជីថលឡូន ដោយមិនចាំបាច់មានទ្រព្យបញ្ជាំ ហើយថែមទាំងទទួលបានអត្រាប្រាក់ខ្ពស់ជាមួយគណនីសន្សំរបស់ធនាគារ វីង។ លក្ខណៈពិសេសទាំងនេះជួយដល់អ្នកប្រើប្រាស់អាចសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
ធនាគារ វីង ដែលត្រូវបានជំរុញដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជាកាន់តែប្រសើឡើង បានពង្រីកខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីបើកដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងខែមីនា ឆ្នាំ២០២២។ គិតមកទល់បច្ចុប្បន្ន ធនាគារ វីង ដំណើរការជាមួយសាខាចំនួន ១៧ទីតាំង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខ។
បន្ថែមលើនេះ ធនាគារ វីង បង្កើតបានប្រព័ន្ធធនាគារឌីជីថលធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមានសហគ្រាសធុនតូច និងមធ្យមប្រមាណ ៣.០០០សហគ្រាស ៦០០អាជីវកម្ម និង១០ស្ថាប័នរដ្ឋាភិបាលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង ដើម្បីជួយដល់ប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ កត្តានេះបានធ្វើឲ្យធនាគារ វីង ក្លាយជាដៃគូហិរញ្ញវត្ថុទុកចិត្តនៅក្នុងប្រទេសកម្ពុជា។
តាមរយៈភាពជាដៃគូសហការអាជីវកម្ម រវាង ធនាគារ វីង និងក្រុមហ៊ុន AdvancedMSP នាពេលនេះ គឺជាការបង្កើតស្តង់ដារ ក៏ដូចជាការបង្កើតគំរូថ្មីមួយដោយនាំមកនូវកិច្ចសហការប្រកបដោយភាពច្នៃប្រឌិត ដើម្បីធ្វើទំនើបកម្ម និងជំរុញការរីកលូតលាស់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែរីកចម្រើន៕