វីងទទួលបានពានរង្វាន់ធនាគារឯកទេសផ្នែកសេវាហិរញ្ញវត្ថុឈានមុខគេនៅ កម្ពុជា

កុម្ភៈ 28, 2017

ភ្នំពេញ៖ ធនាគារឯកទេសវីង ខេមបូឌា ដែលជាធនាគារផ្តល់សេវាផ្ទេរប្រាក់ល័តដំបូងគេនៅក្នុងប្រទេសកម្ពុជាបានទទួលពានរង្វាន់ជាធនាគារឯកទេសផ្នែកសេវាហិរញ្ញវត្ថុចល័តឈានមុខគេនៅកម្ពុជាក្នុងឆ្នំា ២០១៦​ ដែលផ្តល់ដោយស្ថាប័ន Global Business Outlook។

សេវាហិរញ្ញវត្ថុ បានជះឥទ្ធិពលខ្លំាងបំផុតនៅក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុងប្រទេស​ ក៏ដូចជាការជួយកាត់បន្ថយភាពក្រីក្រតាមរយៈការជួយពង្រឹងសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងការឈរលើទស្សនៈវិស័យរបស់ខ្លួន វីងទទួលបានស្នាដៃនេះក៏ដោយសារតែការផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានតំលៃសមរម្យ ​ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពជូនដល់ប្រជាជនមិនមានគណនីធនាគារ ដែលភាគច្រើនជាប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាល ដែលការ​ច្រៀតចូលរបស់វិស័យធនាគារនៅតំបន់ទាំងនោះនៅមានកម្រិតទាបនៅឡើយ។

រង្វាន់នេះ បានបង្ហាញថា វីង បានខិតខំយ៉ាងខ្លំាងដើម្បីកសាង មូលដ្ឋានគ្រឹះដ៏រឹងមំាក្នុងការ ជំរុញសេវាផ្ទេរប្រាក់ ទៅកាន់អ្នកដែលមាន ឬក៏គ្មានគណនីធនាគារ។ ជាមួយ​​ភ្នាក់ងារវីង ជិត ៥០០០ កន្លែង នៅទូទាំង២៥​ខេត្តក្រុង ប្រជាជនកម្ពុជាទំាងអស់អាចបង់វិក្កយបត្រ ឬ ទទួលប្រាក់ពីសាច់ញាត្តិដែលធ្វើការនៅទីក្រុង ឬក៏ ដាក់ប្រាក់ចូលទៅក្នុងគណនីបានដោយងាយស្រួល។

“រង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ  បង្ហាញថា វីងមិនត្រឹមតែជាធនាគារឈានមុខគេប៉ុណ្ណោះទេ  ប៉ុន្តែថែមទំាងជាធនាគារឯកទេសដែលមានទំនុកចិត្ត និងមានផ្តល់សេវាផ្ទេរប្រាក់ឈានមុខគេ នៅក្នុងប្រទេសផងដែរ។ លើសពីនេះទៅទៀត នេះគឺជាការឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូន​សេវាកម្មដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបំផុតសម្រាប់ប្រជាជនកម្ពុជា” នេះបើយោងតាមប្រសាសន៍របស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង។

លោក បានបន្តទៀតថា“ យើងមានគោលបំណងក្នុងការផ្តល់ជូនអតិថិជន​នូវបទពិសោធដ៏ល្អបំផុតនៅក្នុងវិស័យសេវាហិរញ្ញវត្ថុចល័ត ដូចជា ការផ្ទេរប្រាក់ បញ្ជូលលុយទូរស័ព្ទ បង់វិក្កយបត្រ និងសេវាទូទាត់ប្រាក់តាមអនឡាញជាដើម។​ ជាមួយគ្នានេះដែរ វីងមានគោលបំណងក្នុងការរក្សាកិត្តិនាមជាធនាគារឯកទេសផ្នែកសេវាហិរញ្ញវត្ថុឈានមុខគេ និងល្អបំផុតលើវិស័យផ្ទេរប្រាក់នៅក្នុងប្រទេសកម្ពុជា​។”

គួរបញ្ជាក់ផងដែរថា Global Business Outlook គឺជាក្រុមហ៊ុនដែលមានទីតំាងនៅចក្រភពអង់គ្លេស​ និងធ្វើការផ្តោតទៅលើវិស័យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងឧស្សាហកម្មសំខាន់ៗផ្សេងៗទៀត។​