វីងនិង ខ្មែរ ថែមស៍ ចូលរួមស្វែងរកថវិកាដើម្បីគាំទ្រកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀងគរស្វែងរកប្រាក់ជំនួយពីមហាជន ដើម្បីគាំទ្រដល់ការទិញវ៉ាក់សាំង Covid-19។ វីងក៏បានចាប់ដៃគូជាមួយកាសែតខ្មែរ ថាមស៍ ដើម្បីពង្រីកវិសាលភាពនៃការស្វែងរកប្រាក់ឧបត្ថម្ភនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ការចូលរួមនេះនឹងធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបអាចចូលរួមគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា គិត ម៉េង និងភរិយា លោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញវ៉ាក់សាំង កូវីដ១៩ ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «តាមរយៈចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង វីងមានឆន្ទៈចូលរួមចំណែក ដើម្បីជួយបំពេញតម្រូវការខ្វះខាតរបស់សហគមន៍យើងទាំងអស់គ្នា។ ការរួមចំណែកនីមួយៗ នឹងមានឥទ្ធិពលផ្លាស់ប្តូរជីវិតក្នុងសហគមន៍នៅទូទាំងប្រទេស ហើយវាបានឆ្លុះបញ្ចាំងពីឆន្ទៈរួមមួយក្នុងការជួយគ្នាក្នុងគ្រាមានអាសន្ននេះ។»
សប្បុរសជនទាំងអស់ អាចចូលរួមក្នុងបុព្វហេតុនេះបាន ដោយពួកគេអាច បរិច្ចាគថវិកាតាមរយៈភ្នាក់ងារវីងជិត ៩០០០កន្លែងឬតាមកម្មវិធីស្មាតហ្វូនវីង (Wing Money App)ដោយមិនគិតថ្លៃសេវា។
អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង អាចបរិច្ចាគថវិកាដោយផ្ទាល់តាមរយៈ ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ដោយគ្រាន់តែចុចលើ “ទូទាត់វិក្កយបត្រ” បន្ទាប់មកជ្រើសរើស “អំណោយនិងសប្បុរសធម៌” និងចុចលើ “Vaccine Covid-19 Fundraising to Samdech Techo”។
វីងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ ដែលស្របតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបនឹងផលផលប៉ះពាល់នៃការរីករាតត្បាតនៃជំងឺមួយនេះ។ កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទី៦ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗរួមាន ជួយឧបត្ថម្ភដល់កម្មករនិយោជិកក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ និងទេសចរណ៍ ក៏ដូចប្រជាជនក្រីក្រក្នុងការកាត់បន្ថយទុក្ខលំបាករបស់ពួកគេ។
ជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា វីងបានដើរតួយ៉ាងសំខាន់ជាមួយបណ្តាញឈានមុខគេ ក្នុងការផ្តល់ជំនួយដល់ប្រជាជនកម្ពុជា។ វីង បានផ្តួចផ្តើមគំនិតមួយចំនួនដើម្បីជួយដល់អ្នកដែលបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ កាលពីប្រមាណ៣ខែមុន។ ទាំងនោះរួមមានការកៀងគរជំនួយដើម្បីជួយដល់អ្នក រត់ម៉ូតូកង់បី មគ្គុទេសក៍ទេសចរណ៍ និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យមិនរកប្រាក់ចំណេញនៅខេត្តសៀមរាបដែលផ្តល់ការព្យាបាលដល់កុមារកម្ពុជាឥតគិតថ្លៃ។
នៅខែមីនាឆ្នាំ ២០២០ វីងបានផ្តល់ជំនួយចំនួន ៥,០០០ ដុល្លារដល់ប្រជាជនកម្ពុជាដែលកំពុងប្រកបរបរនិងសិក្សានៅប្រទេសកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់និង ទឹកអាល់កុលលាងដៃដើម្បីការពារពួកគេពីជំងឺកូវីដ១៩។
លើសពីនេះទៅទៀត វីងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីធានាថា រាល់ភ្នាក់ងារវីងទាំងអស់ អាចដំណើរការបានជាធម្មតា និងជួយប្រជាជនកម្ពុជាធ្វើការផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេដោយមិនមានការរំខានអ្វីទាំងអស់។
ការសែត ខ្មែរ ថាមស៍ និងសមាជិករបស់ខ្លួន ក៏បានបរិច្ចាគថវិកាចំនួន៣០០០ ដុល្លារផងដែរ។ លោក ម៉ានូ បានមានប្រាសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រងនៃកាសែត ខ្មែរ ថាមស៍និងសមាជិកទាំងអស់ដែលបានចូលរួមជាមួយពួកយើងដើម្បីគាំទ្រដល់ការជួយសង្គមកម្ពុជា។ ការសាមគ្គីគ្នា វានឹងជួយឲ្យប្រជាជនកម្ពុជាអាចរួចផុតពីជំងឺរាតត្បាតមួយនេះ។»
លោក កៃ គឹមសុង ប្រធានប្រតិបត្តិកាសែត ខ្មែរ ថាមស៍ បានមានប្រសាសន៍ថា៖ «វ៉ាក់សាំងគឺសម្រាប់មនុស្សជាតិ ហើយយើងមានមោទនភាពដែលបានភ្ជាប់ជាមួយវីង ដើម្បីផ្សព្វផ្សាយទៅដល់អ្នកអាន និងអតិថិជនខ្មែរ ថាមស៍អាចចូលរួមក្នុងបុព្វហេតុនេះ។ បន្តិចម្តងៗ ប្រាកដណាស់ មូលនិធិនឹងត្រូវបានកៀងគរគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាជនកម្ពុជាគ្រប់រូបទទួលបានវ៉ាក់សាំង និងអាចជួយកម្ពុជារួចផុតពីសេចក្តីវិនាសអន្តរាយនៃមេរោគដ៏កាចសាហាវនេះ។»