ធនាគារឯកទេស វីង និងធនាគារ ABA ប្រារព្ធពីធីដាក់ឲ្យដំណើរការសេវាផ្ទេរនិងដាក់ប្រាក់
ភ្នំពេញ ថ្ងៃទី 28 ខែមករា ឆ្នាំ 2020៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយគ្នាជាផ្លូវការដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា។
តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារឯកទេស វីង និងអតិថិជនធនាគារ ABA នឹងអាចផ្ទេរប្រាក់ ពីគណនី វីង ទៅគណនី ABA ទៅវិញទៅមកបាន។ ការផ្ទេរប្រាក់ទៅវិញទៅមកនេះ អាចធ្វើទៅបានដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចពីរឬបីដងនៅលើកម្មវិធី ABA Mobile និងកម្មវិធីស្មាតហ្វូន វីង តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនធនាគារ ABA អាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារ ABA ណាមួយក៏បាន។ ដំណើរការនៃការបង់សងប្រាក់កម្ចីនេះ កាន់តែចំណាយពេលវេលាតិច និងមានភាពងាយស្រួល ដោយអតិថិជនអាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលមានជាង 7,300 កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA នៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅផ្នែកទូទាត់វិក្ក័យបត្រ ឬប្រើ USSD កូដ *989# ក៏បាន។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “យើងតាំងចិត្តធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជានឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាព នៅពេលដែលប្រើសេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការផ្ទេរប្រាក់ និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារ។ លើសពីនេះទៀត នេះជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់របស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនិងសេវាកម្មធានាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបានជម្រុញឌីជីថល យេនឌ័រ ព្រមទាំងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។”
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA មានប្រសាសន៍ថា “យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារ Wing លើសេវាផ្ទេរប្រាក់ និងទូទាត់សងកម្ចី។ អតិថិជនរបស់យើងឥឡូវនេះអាចដាក់ប្រាក់ចូលគណនី ABA របស់ពួកគេបានកាន់តែងាយស្រួល ព្រមទាំងអាចផ្ទេរប្រាក់ទៅវិញទៅមករវាងកម្មវិធី Wing និងកម្មវិធី ABA Mobile ជាមួយតម្លៃសមរម្យ ហើយអាចប្រើប្រាស់សម្រាប់ការទិញ ទំនិញ ឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិរបស់ពួកគេបានថែមទៀតផង”។ “សេវាហិរញ្ញវត្ថុឌីជីថលដ៏ទំនើបរបស់ធនាគារ ABA មានសក្តានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយ ហើយខ្ញុំជឿជាក់ថា កិច្ចសហការរបស់យើងជាមួយធនាគារ Wing ដែលយើងប្រកាសនាថ្ងៃនេះ នឹងជួយជំរុញកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើប ទូទាត់បែបឌីជីថល។”
ធនាគារឯកទេសវីង និង ធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការពាំនាំផលិតផល ប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងប្រទេស ដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគាររនិងមិនស្ថិតក្នុងបណ្តាញធនាគារ។ ស្របពេលនេះដែរ ធនាគារ ABAត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាធនាគារដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នែកឌីជីថល ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា និងធនាគារចល័តប្រកបដោយភាពងាយស្រួល។
សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាកម្មដែលផ្តល់ដោយវីង និងABA សូមទាក់ទងមកសេវាអតិថិជនរបស់ វីងតាមរយៈ លេខទូរស័ព្ទ៖ 855 23 999 989 ឬសេវាអតិថិជនរបស់ ABA ទូរស័ព្ទលេខ 023 225 333 ។
អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។
ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៣០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។
វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com.
អំពីធនាគារ ABA
ធនាគារ ABA (www.ababank.com)គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996 មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ធនាគារ ABA ជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបីនៅក្នុងប្រទេស មានបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើន ដូចជា សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។
គិតមកដល់ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន 4.42 ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនជាង 730,000 តាមរយៈសាខាកំពុងបន្តពង្រីកបាន 77, កន្លែងស្វ័យសេវាជាង 550, និងសេវាធនាគារអនឡាញ និងតាមទូរស័ព្ទដៃដ៏ទំនើបឈានមុខ។
ភាគហ៊ុនិកធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេលំដាប់ទី6 ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ជាទីដែលខ្លួនក្លាយជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានា។
ជំហាននាំមុខគេរបស់ធនាគារនៅក្នុងវិស័យធនាគារឌីជីថល និងតាមទូរស័ព្ទដៃ ជាមួយកំណើនដ៏រឹងមាំទូទាំងប្រតិបត្តិការធុរកិច្ចទាំងមូលរបស់ខ្លួន ធ្វើឲ្យចំណាត់ថ្នាក់ឥណទានរបស់ ABA ត្រូវបានដំឡើងដោយភ្នាក់ងារវាយតម្លៃ S&P Global Ratings ពី ‘B’ ដល់ ‘B+’ ជាមួយទស្សវិស័យ “ស្ថិរភាព” នៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ចំណាត់ថ្នាក់ឥណទាននេះត្រូវបានផ្តល់ឲ្យធនាគារ ABA ដំបូងក្នុងឆ្នាំ 2017។