USAID ធនាគារវីង និង Boost Capital សម្ពោធជាផ្លូវការនូវយន្តការ កម្ចីខ្នាតតូច និងអបអរសាទរភាពជាដៃគូក្នុងវិស័យឯកជន
សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុពិសេសដែលជាលទ្ធផលនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងគម្រោងសហគ្រិននារីសកម្ម (WE Act) ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងអនុវត្តដោយអង្គការផេក (Pact) ធនាគារ វីង (ខេមបូឌា) ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Boost Capital។
អនុស្សារណៈនៃការយោគយល់គ្នានេះផ្តល់នូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដែលមានតំលៃសមរម្យដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់នៅកម្ពុជា ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ដែលច្រើនតែមិនត្រូវនឹងល័ក្ខខ័ណ្ឌរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ហើយបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩។ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំកម្ពុជា និងជានាយិកាគម្រោង WE Act លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង និងលោកស្រី Lucinda Revell សហស្ថាបនិក Boost Capital បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។
លោក Patrick Murphy មានប្រសាសន៍ថា៖ «សហគ្រិនស្ត្រីកម្ពុជាគឺជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ការធានាឱ្យពួកគេមានធនធានដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចដែលត្រូវការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត»។
លោកស្រី Sabine Joukes មានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលស្ថាប័នដៃគូវិស័យឯកជន២ផ្សេងគ្នាបង្កើតឱ្យមានផលិតផលហិរញ្ញវត្ថុ ជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់២ក្នុងការទទួលបានហិរញ្ញប្បទាន ដែលរួមមានការតម្រូវឱ្យមានការចុះបញ្ជីអាជីវកម្ម និងមានទ្រព្យបញ្ចាំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បញ្ហាទាំង២នេះធ្វើឱ្យសហគ្រិនស្ត្រីជាច្រើនមិនមានលទ្ធភាពទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ។ យើងសូមថ្លែងអំណរគុណដល់ Boost Capital និងធនាគារវីងដែលមានឆន្ទៈក្នុងការធ្វើជាដៃគូជាមួយយើងដើម្បីផលប្រយោជន៍របស់សហគ្រិនស្ត្រី»។
ការចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថលទាំង២ (វីង និង Boost) គឺដើម្បីរៀបចំ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមគោលដៅ ហើយគម្រោង WE Act នឹងពង្រីកឱកាសសម្រាប់សហគ្រិនស្ត្រីវ័យក្មេងក្នុងការទទួលបានធនធានហិរញ្ញវត្ថុដែលមានតំលៃសមរម្យ។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ល័ក្ខខ័ណ្ឌអនុគ្រោះលើប្រាក់កម្ចីខ្នាតតូចដល់សហគ្រិនស្ត្រីវ័យក្មេងជាង៥០០នាក់ និងផ្តល់ឱ្យពួកគេនូវចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងអាជីវកម្មបាន។
លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា៖ «តាមរយៈភាពជាដៃគូនេះ យើងនឹងអាចផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលមិនត្រូវបានយកចិត្តទុកដាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យពួកគេផ្តោតលើការរីកចម្រើននិងកែលំអអាជីវកម្មរបស់ពួកគេ ទោះបីជាបច្ចុប្បន្នមានជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។ ធនាគារវីង ប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។»
Boost និងធនាគារវីងនឹងផ្តល់នូវផលិតផលប្រាក់កម្ចីដែលមានលក្ខណៈប្លែកពីគេសម្រាប់សហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មមិនបានចុះបញ្ជី និងមិនមានទ្រព្យបញ្ចាំ ទោះបីក្រុមហ៊ុនទាំងពីរនេះនៅតែផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ក៏ដោយ។ Boost នឹងផ្តល់នូវដំណើរការទទួលបានសេវា និងផលិតផលហិរញ្ញវត្ថុ និងដំណើរការកម្ចីតាមឌីជីថលដែលមានភាពងាយស្រួល និងរហ័ស ដែលផ្តល់នូវប្រសិទ្ធភាព និងកាត់បន្ថយការចំណាយសម្រាប់អ្នកស្នើសុំកម្ចី។ បច្ចេកវិទ្យារបស់ Boost Capital ដែលបំពាក់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៊ី (MIA Financial PLC) អនុញ្ញាតឱ្យសហគ្រិនស្ត្រីដាក់ពាក្យស្នើសុំប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីកម្មវិធីទូរស័ព្ទវៃឆ្លាត (Smartphone) ដោយចំណេញទាំងពេលវេលា និងថវិកា និងអនុញ្ញាតសហគ្រិនស្ត្រីផ្តោតលើការពង្រីកអាជីវកម្មដោយមិនចាំបាច់មកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះផ្ទាល់នោះទេ។