អ្នកឧកញ៉ា គិត ម៉េង ថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាថ្មីម្តងទៀតតាមរយៈវីងម៉ល
អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉លដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជននៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
កាលពីថ្ងៃច័ន្ទនេះ ក្រុមការងារវីងម៉លបានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញជូនដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។
អាហារទាំងនោះត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញសម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជាតាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។
ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។
អ្នកឧកញ៉ា គិត ម៉េង ជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖“ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក។ អ្នកទាំងអស់គ្នាពិតជាវីរជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ”។
នេះគឺជាការផ្តល់ជូនអាហារលើកទី ២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលជាកាយវិការដើម្បីបង្ហាញពីការដឹងគុណដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូងត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែសីហា នេះ។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា៖“ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងបន្តការពារសហគមន៍យើង ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងដែរ ។ សុខភាពរបស់អ្នកទាំងអស់គ្នាក៏សំខាន់ចំពោះសហគមន៍និងគ្រួសាររបស់អ្នកទាំងអស់គ្នាផងដែរ ខ្ញុំប្រាកដថាពួកគាត់កំពុងតែមានមោទនភាពចំពោះអ្នកទាំងអស់គ្នា” ។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គ្រប់ពេលវេលា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងនៅតែបន្តរួមសហការគ្នាដើម្បីគាំទ្រសហគមន៍៕