ផ្ញើប្រាក់រហូតដល់ ១៥ម៉ឺនដុល្លារ ដោយឥតគិតថ្លៃ តាមធនាគារ វីង ទៅកាន់ប្រទេសជាច្រើននៅអាស៊ី
កក្កដា 26, 2024ឥឡូវនេះ អតិថិជនប្រើប្រាស់អេប Wing Bank ទាំងអស់អាចផ្ញើប្រាក់ទៅកាន់អ្នកទទួលដោយឥតគិតថ្លៃ។
ធនាគារ វីង (ខេមបូឌា) ម.ក ផ្តល់ជូននូវដំណោះស្រាយផ្ញើប្រាក់ដ៏មានប្រសិទ្ធភាពមួយ ដែលជួយឱ្យអ្នកប្រើប្រាស់ទាំងអស់អាចផ្ញើប្រាក់រហូតដល់ ១៥០.០០០ ដុល្លារអាមេរិកក្នុងមួយខែ ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះនឹងបង្កើនភាពងាយស្រួលក្នុងការជួយផ្គត់ផ្គង់លុយកាក់ទៅកាន់មនុស្សជាទីស្រលាញ់ ហើយធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំថែមទៀតទោះរស់នៅឆ្ងាយពីប្រទេសកំណើតក្តី។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការផ្តល់ជូនដោយឥតគិតថ្លៃនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ដើម្បីផ្តល់ភាពរីករាយទៅដល់អតិថិជន ដោយជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែករបស់ពួកគាត់ ហើយផ្តល់មធ្យោបាយផ្ញើប្រាក់មួយយ៉ាងរលូនទៅដល់អតិថិជនរបស់យើងទាំងអស់ មិនថាការផ្ញើប្រាក់ទៅកាន់សមាជិកគ្រួសារ អង្គភាព ឬដៃគូអាជីវកម្មផ្សេងៗក្តី។”
លោកបានបន្ថែមថា៖ “ការផ្តល់ជូនដ៏ពិសេសនេះ មិនគិតថ្លៃសេវាបន្ថែមឡើយ ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែកទៅដល់អ្នកប្រើប្រាស់របស់យើងទាំងអស់។”
តាមរយៈអេប Wing Bank ប្រជាជនកម្ពុជា រួមទាំងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះ អាចផ្ញើប្រាក់ដែលរកបានទាំងលំបាករបស់ពួកគេទៅកាន់នរណាម្នាក់បានយ៉ាងងាយស្រួល និងរលូនទៅកាន់ប្រទេសជាច្រើននៅអាស៊ីរួមមាន៖ ប្រទេសចិន ថៃ ហ្វីលីពីន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី។ អតិថិជនអាចប្រើប្រាស់សេវាកម្មនេះពេញ ២៤ម៉ោងក្នុងមួយថ្ងៃ។
ការផ្តល់ជូនដ៏ពិសេសនេះ មានសុពលភាពរហូតដល់ដំណាច់ឆ្នាំ២០២៤ ដែលបានផ្តល់ជាជម្រើសមួយអាចជឿជាក់បានសម្រាប់អតិថិជនផ្ញើប្រាក់ទៅក្រៅប្រទេសក្នុងចំនួនដ៏ច្រើន។
ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ពិសេសនេះ អតិថិជនទាំងអស់ត្រូវមានគណនីធនាគារ វីង ដែលបំពេញព័ត៌មានពេញលេញ ហើយប្រើប្រាស់អេប Wing Bank ដើម្បីផ្ញើប្រាក់ចាប់ពី ៥០០.០១ ដុល្លារអាមេរិកឡើងទៅក្នុងមួយប្រតិបត្តិការ ចំនួន៥.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយច្រើនបំផុត ១៥០.០០០ ក្នុងមួយខែ។
ការផ្ញើប្រាក់តាមអេប Wing Bank គឺមានភាពងាយស្រួល។ អតិថិជនគ្រាន់តែបើកដំណើរការអេប Wing Bank រួចហើយជ្រើសរើសមុខងារ ផ្ទេរប្រាក់ទៅក្រៅប្រទេស បន្ទាប់មកជ្រើសរើសប្រទេស និងដៃគូសហការ កំណត់ចំនួនទឹកប្រាក់ បំពេញព័ត៌មានតិចតួចពីអ្នកទទួល រួចចុចបញ្ជាក់ពីភាពត្រឹមត្រូវជាការស្រេច។
ធនាគារ វីង បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន ដោយធានាបាននូវសុវត្ថិភាព និងឯកជនភាពរាល់ការផ្ញើប្រាក់របស់អតិថិជនទៅក្រៅប្រទេស។
ដៃគូសហការសម្រាប់ការផ្តល់ជូនដ៏ពិសេសនេះរួមមាន៖ ក្រុមហ៊ុន Weixin (Tencent) សម្រាប់ការផ្ញើប្រាក់ទៅកាន់ប្រទេសចិន, ធនាគារ Kasikornbank (K Bank) សម្រាប់ប្រទេសថៃ, ក្រុមហ៊ុន Tranglo សម្រាប់ប្រទេសឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី, ក្រុមហ៊ុន EMQ/Cebuana សម្រាប់ប្រទេសហ្វីលីពីន ព្រមទាំងក្រុមហ៊ុន Global Money Express (GME) និងក្រុមហ៊ុន E9pay សម្រាប់ការផ្ញើប្រាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា បច្ចុប្បន្នប្រទេសកម្ពុជាមានជនជាតិបរទេសប្រមាណ ២៧០.០០០ មកពី ១៦១ប្រទេស កំពុងបម្រើការងារនៅក្នុងវិស័យផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា៕